គោលបំណង
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ គឺជាផ្នែកមួយនៃប៊ែលធីគ្រុប ត្រូវបានបង្កើតឡើងដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យអប់រំ ក៏ដូចជាចូលរួមចំណែកបង្កើនធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងមានគោលបំណងសំខាន់ៗដូចជា៖
-ទី១ គឺធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាលា និងសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញូវហ្សែឡែន សិង្ហបូរី ម៉ាឡេស៊ី ជប៉ុន ចិន ថៃ កូរ៉េ និងប្រទេសមួយចំនួនទៀតលើសកលលោកដើម្បីស្វែងរកគ្រឹះស្ថានអប់រំល្អៗដែលមានគុណភាពអប់រំខ្ពស់ ក្នុងការបញ្ជូនសិស្សនិស្សិតកម្ពុជាយើងឲ្យបានទៅបន្តការសិក្សានៅទីនោះ។
-ទី២ គឺផ្តល់នូវព័ត៌មានលម្អិតច្បាស់លាស់ដែលពាក់ព័ន្ធនឹងកម្មវិធីសិក្សា ទីតាំងគ្រឹះស្ថានសិក្សា កន្លែងស្នាក់នៅ និងការចំណាយផ្សេងៗរបស់សិស្ស-និស្សិត បរិយាកាសជុំវិញកន្លែងស្នាក់នៅ ដើម្បីជម្រាបជូនអាណាព្យាបាលសិស្ស-និស្សិតទាំងអស់ដែលមានបំណងចង់បញ្ជូន បុត្រធីតា ទៅសិក្សានៅឯក្រៅប្រទេស សម្រាប់ធ្វើការត្រិះរិះពិចារណាមុននឹងសម្រេចចិត្តបញ្ជូនបុត្រធីតារបស់ខ្លួនឲ្យទៅបន្តការសិក្សានៅទីនោះ។
-ទី៣ បញ្ជូនសិស្ស-និស្សិតប៊ែលធី ដែលពូកែ និងសិស្សនិទ្ទេសA ដែលបានទទួលអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ដែលបានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដូចជា៖ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី ញូវហ្សេឡែន សិង្ហបុរី ចិន ជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី។ល។
-ទី៤ បញ្ជូនសិស្ស-និស្សិតកម្ពុជាទូទៅ ទូទាំងប្រទេសរួមមាន៖ សិស្សថ្នាក់ទី១០ ទី១១ ទី១២ សិស្សធ្លាក់បាក់ឌុប ឬជាប់បាក់ឌុប និងនិស្សិតឆ្នាំទី១ ទី២ ទី៣ ដែលមានបំណងចង់ទៅបន្ដការសិក្សា ឬផ្ទេរការសិក្សាទៅសាកលវិទ្យាល័យនានាឯក្រៅប្រទេស ដោយមាតាបិតា ឬអាណាព្យាបាល មានលទ្ធភាពក្នុងការបង់ថ្លៃសិក្សា ការស្នាក់នៅ និងការចំណាយផ្សេងៗនៅទីនោះ។
-ទី៥ បញ្ជូនសិស្ស-និស្សិតទៅធ្វើទស្សនកិច្ចសិក្សា (Study Tour) រយៈពេលមួយសប្ដាហ៍ ទៅមួយខែ នៅតាមបណ្ដា សាកលវិទ្យាល័យជាដៃគូនៅក្រៅប្រទេស។
-ទី៦ កម្មវិធីផ្លាស់ប្ដូរនិស្សិត៖ បញ្ជូននិស្សិតដែលសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទៅសិក្សារយៈពេលមួយឆមាស ឬមួយឆ្នាំ នៅសាកលវិទ្យាល័យជាដៃគូនៅក្រៅប្រទេស។
-ទី៧ បញ្ជូនសិស្ស-និស្សិត ទៅចុះកម្មសិក្សារយៈពេលមួយខែ ទៅបីខែ នៅតាមក្រុមហ៊ុននៅក្រៅប្រទេស។
តាមរយៈ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ សិស្ស-និស្សិតកម្ពុជានឹងទទួលបានការអប់រំស្របតាមស្តង់ដា អន្តរជាតិ ព្រមទាំងមានឱកាសបានសិក្សាស្វែងយល់អំពីការរស់នៅ ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌នៅឯក្រៅប្រទេស។ នៅពេលបញ្ចប់ការសិក្សា សិស្ស-និស្សិតទាំងអស់នឹងក្លាយជាពលរដ្ឋដ៏ល្អ ដែលពោរពេញទៅដោយសមត្ថភាពទាំងផ្នែកភាសា បច្ចេកទេស ជំនាញ និងក្លាយជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។