ពិធីសូត្រមន្តបើកឲ្យដំណើរការប៊ែលធីទី៩(សាខាស្ទឹងមានជ័យ)
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ គណៈគ្រប់គ្រង បុគ្គលិក និង លោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុប បានប្រារព្ធធ្វើពីធីសូត្រមន្តបើកអោយដំណើរការ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី៩(សាខាស្ទឹងមានជ័យ) ដែលមានអាសយដ្ឋានអគារលខ៣០៣២ ផ្លូវវេងស្រេង កែង២១៧ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គនាយក ប៊ែលធី គ្រុប ព្រមទាំងមានការចូលរួមពី គណៈគ្រប់គ្រងវិទ្យាស្ថានទាំង៩សាខា។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គនាយកបានបញ្ជាក់ពីមូលហេតុ នៃការបើកបន្ថែមនូវសាខាថ្មីនេះថាៈ ដោយមានការកើនឡើងនូវចំនួនសិស្ស-និស្សិត ពីមួយឆ្នាំទៅមួយឆ្នាំ និងដើម្បីបំពេញនូវសេចក្តីត្រូវការរបស់សិស្ស-និស្សិត ក៏ដូចជាអាណាព្យាបាល គណៈគ្រប់គ្រងវិទ្យាស្ថានក៏បានសម្រេចបើកសាខាថ្មីនេះឡើង ដែលមានចំនួន ១៣៥បន្ទប់ កំពស់៧ជាន់ ចំណតរថយន្តធំទូលាយនៅក្រោមដី និងជាន់ផ្ទាល់ដី និងមានសាលប្រជុំធំនៅជាន់លើអាចដាក់ចំនួនមនុស្សបាន១២០០នាក់ ព្រមទាំងមានលទ្ធភាពទទួលសិស្សអោយសិក្សាបានចំនួនប្រហែល១0,00០នាក់ ។ ឯកឧត្តមក៏បានបន្តទៀតថា បេសកកម្មជាចម្បងរបស់វិទ្យាស្ថានគឺ ចូលរួមចំណែក បង្កើនធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាល ព្រមទាំងអភិវឌ្ឍប្រទេសយើង អោយរីកចំរើនឆាប់រហ័ស ស្របតាមយុទ្ធសាស្ត្រចតុកោណ (ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា) របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈកុលបុត្រខ្មែរដ៏ឆ្នើម និងជាប្រមុខរាជរដ្ឋាភិបាលដ៏ឈ្លាសវៃ។ ដើម្បីធានានូវគុណភាពអប់រំដល់សិស្ស-និស្សិត វិទ្យាស្ថានក៏បានដាក់ចេញនូវបាវចនាបួនជាអាទិភាពរបស់ខ្លួនសម្រាប់អនាគតគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព និង សីលធម៌” និងបានធ្វើការបណ្តុះបណ្តាលលើមុខវិជ្ជាធំៗចំនួន៥ រួមមានៈ ១- ចំណេះទូទៅ (General Education) មានពីថ្នាក់ទី១ ដល់ទី១២ សិក្សាតាមកម្មវិធីក្រសួងអប់រំយុវជន និងកីឡា និងមានបន្ថែមភាសាអង់គ្លេសលើចំនងជើង-ចំនងជើងរង និងសិក្សាកម្មវិធីកុំព្យូទ័រ ចាប់ពីថ្នាក់ទី៦ដល់ទី៨។ ពេលបញ្ចប់ការសិក្សាតាមកំរិត បឋម-ទុតិយភូមិសិស្សទាំង អស់ ត្រូវទទួល បានសញ្ញាបត្រ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ២- ភាសាអង់គ្លេសទូទៅ (ESL, English as a Second Language) ពីកំរិតPre-School ដល់ Level12 សិក្សាតាមបែបអាមេរិកកាំង (American System) ហើយសៀវភៅសិក្សាទាំងអស់ ត្រូវបានជួយឧបត្ថម្ភដោយក្រុមហ៊ុន McGraw-Hill Education នៅសហរដ្ឋអាមេរិក។ ចំពោះ សិស្ស Level 12 (High-Advanced Level) ពេលបញ្ចប់ការសិក្សាត្រូវទទួលបានវិញ្ញាបន បត្រ២ប្រភេទដែលមានដូចខាងក្រោមៈ *ប្រភេទទី១ ជាវិញ្ញាបនបត្របញ្ជាក់ការសិក្សាកំរិតក្នុងស្រុក ដែលចេញដោយ ប៊ែលធីការិយាល័យ កណ្តាល (Head Office)។ *ប្រភេទទី២ ជាវិញ្ញាបនបត្រភាសាអង់គ្លេសកំរិតអន្តរជាតិ (Password ឬ TOEFL) ដែលចេញដោយក្រុមហ៊ុន English Language Testing Ltd មានទីតាំងនៅទីក្រុងឡុងនៃប្រទេសអង់គ្លេស និងវិញ្ញាបនបត្រថូហ្វល (TOEFL) ដែលចេញដោយស្ថាប័ន ETS (Educational Testing Service) មានទីតាំងធំនៅសហរដ្ឋអាមេរិក។ ៣- មហាវិទ្យាល័យភាសាបរទេស និងគ្រប់គ្រងពាណិជ្ជកម្មៈ ដែលមានកំរិត អនុបណ្ឌិត(MBA & MEd) បរិញ្ញាបត្រ (BA & BEd) បរិញ្ញាបត្ររង (AA in English) និងសិក្សាតាមប្រព័ន្ធក្រេឌីត។ ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ (Computer Training Course) ដែលមាន ២២កម្មវិធី ហើយកម្មវិធីទាំងនោះ គឺស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។ ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានទទួលសិទ្ធិ និងច្បាប់ អនុញ្ញាតអោយបើកមជ្ឈមណ្ឌលប្រឡងតេស្តជាអន្តរជាតិជា ផ្លូវការធំៗ ៣ ពីបណ្តាស្ថាប័នភាសាអង់គ្លេស និងកុំព្យូទ័រជាអន្តរជាតិ ដូចជាៈ ក- មជ្ឈមណ្ឌលប្រឡងតេស្តថូហ្វល (TOEFL iBT, Test of English as a Foreign Language) ជាមជ្ឈមណ្ឌលប្រឡងតេស្តវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសជាអន្តរជាតិ ដែលទទួលស្គាល់ជាង ១៦០ប្រទេសនៅលើពិភពលោក និងចេញច្បាប់អនុញ្ញាតដោយស្ថាប័ន (Educational Testing Services) ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ។ ខ- មជ្ឈម ណ្ឌលប្រឡងតេស្តភាសាអង់គ្លេសអន្តរជាតិ (Password Test) ជាមជ្ឈមណ្ឌលប្រឡង តេស្តវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសតាមបែប English System ដែលទទួលស្គាល់ដោយក្រុមហ៊ុន English Language Testing Ltd ដែលមានទីតាំងនៅ ទីក្រុងឡុង នៃប្រទេសអង់គ្លេស ។ គ- មជ្ឈ មណ្ឌលប្រឡងតេស្តកុំព្យូទ័រអន្តរជាតិ ICDL (International Computer Driving License) ជាមជ្ឈមណ្ឌលប្រឡងតេស្តវាស់ស្ទង់សមត្ថភាពផ្នែកកុំព្យូទ័រជាអន្តរ ជាតិ ដែលទទួលស្គាល់ដោយ ICDL Foundationដែលមានទីតាំងនៅប្រទេសអង់គ្លេស។ គ្រប់ តេស្តអន្តរ ជាតិទាំងអស់សុទ្ធតែបានរៀបចំឡើងតាមបែបខ្នាត អន្តរជាតិ ហើយសិស្សដែលបានប្រឡងតេស្តអន្តរ ជាតិនៅមជ្ឈមណ្ឌលប្រឡងរបស់ ប៊ែលធី ការិយាល័យកណ្តាល (អូរឫស្សី) នឹងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ដែលចេញដោយស្ថាប័នខាងលើដោយផ្ទាល់។ ជាទីបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាអាណាព្យាបាលសិស្ស-និស្សិតទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្តលើការដឹកនាំគ្រប់គ្រងរបស់ថ្នាក់ដឹកនាំនៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិកន្លងមក ហើយដើម្បីអបអរសាទរក្នុងការបើកអោយដំណើរនូវវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី៩ វិទ្យាស្ថានមានផ្តល់ជូន សៀវភៅសិក្សាគូល័រច្បាប់ដើម ដល់សិស្ស-និស្សត ដែលចុះឈ្មោះចូលរៀន ថា្នក់ភាសាអង់គ្លេសទូទៅ១វគ្គសិក្សាចាប់ពីថ្ងៃនេះតទៅ។ |