សូមគោរព និងសូមស្វាគមន៍ចំពោះ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី មាតាបិតា អាណាព្យាបាលសិស្សានុសិស្សទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្ត ជូនដល់ សាលា ប៊ែលធី អន្តរជាតិ។ ដោយឈរលើឆន្ទៈស្រលាញ់វិស័យអប់រំ និងមានបំណងចូលរួមចំណែកបង្កើនធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ព្រមទាំងអភិវឌ្ឍប្រទេសយើងឲ្យរីក ចម្រើនឆាប់រហ័ស និងស្របតាមយុទ្ធសាស្ត្រចតុកោណ ”ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា” របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈកុលបុត្រខ្មែរដ៏ឆ្នើម និងជាប្រមុខរាជរដ្ឋាភិបាលដ៏ឈ្លាសវៃ ខ្ញុំក៏បានបង្កើតសាលាឯកជនមួយ ដែលបានដាក់ឈ្មោះថា សាលា ប៊ែលធី អន្តរជាតិ (BELTEI INTERNATIONAL SCHOOL) ព្រមទាំងបានសម្ពោធដាក់ឲ្យដំណើរ ការតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ននេះ។
សាលា ក៏បានដាក់ចេញនូវបាវចនាជាអាទិភាពរបស់ខ្លួនសម្រាប់អនាគត គឺ៖ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” និងកំណត់ យកកម្មវិធី ៥ធំៗគឺ៖
១.ចំណេះទូទៅ (ថ្នាក់ត្រៀម, ថ្នាក់ទី១ - ១២)
២.ភាសាអង់គ្លេសទូទៅ (ថ្នាក់ត្រៀម, កម្រិត១ - ១២)
៣.កម្មវិធីអភិវឌ្ឍបញ្ញា IMA
៤.វគ្គបណ្តុះបណ្តាលកុំព្យូទ័រ
៥.ថ្នាក់ត្រៀមប្រឡង តេស្តអន្តរជាតិ។
សិស្សដែលបានបញ្ចប់ការសិក្សាពីប៊ែលធី មានសមត្ថភាពគ្រប់ គ្រាន់ទាំងផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ភាសាអង់គ្លេស កុំព្យូទ័រ និងជំនាញ ប្រកបដោយគុណភាពខ្ពស់ ហើយអាចប្រកួតប្រជែងក្នុងទីផ្សារការងារថ្នាក់ជាតិ និងអន្តរជាតិ បានដោយជោគជ័យ។
សាលាក៏បានជម្រុញការអប់រំសីលធម៌ សង្គម ណែនាំសិស្សឲ្យស្គាល់អត្តសញ្ញាណរបស់ខ្លួនច្បាស់លាស់ ឲ្យចេះស្រលាញ់ជាតិមាតុភូមិ ស្គាល់ពីតម្លៃវប្បធម៌ អរិយធម៌របស់ខ្លួន ឲ្យចេះគោរពច្បាប់រដ្ឋ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា និងចេះសាមគ្គីគ្នាបានល្អ រវាងសិស្ស និង សិស្ស សិស្ស និងគ្រូ ថ្នាក់ដឹកនាំ និងបុគ្គលិក មិនប្រកាន់ឋានៈ វណ្ណភាព ជា ពិសេសទំនាក់ទំនង ល្អរវាង សាលា គ្រួសារ និងសង្គម ព្រមទាំងឲ្យស្រប តាមគោលការណ៍សិក្សាមាន ៣ប្រភេទគឺ៖ រៀនពីសាលា រៀនពីការងារ រៀនដោយខ្លួនឯង។
កម្មវិធីសិក្សាគ្រប់មុខវិជ្ជាទាំងអស់ យើងបានកំណត់កាលវិភាគសិក្សាច្បាស់លាស់ បែងចែកមេរៀនតាមខែ ត្រីមាស ឆមាស ហើយរយៈពេលសិក្សាត្រូវបាន ឯកភាពគ្នាតាំងពីថ្ងៃចាប់ផ្តើម ថ្ងៃប្រឡង និងថ្ងៃបញ្ចប់ ដូចនេះនៅគ្រប់ទីតាំង របស់ប៊ែលធីទាំងអស់ ត្រូវអនុវត្តគោលការណ៍ស្តង់ដារតែមួយ (BELTEI Standard)។ ចំពោះលោកគ្រូ-អ្នកគ្រូ ទាំងខ្មែរ និងបរទេស សុទ្ធតែមានសញ្ញាបត្រ ចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ព្រមទាំងមានគរុកោសល្យ និងបទពិសោធន៍គ្រប់ គ្រាន់ក្នុងការបង្រៀន ធ្វើឲ្យសិស្សរបស់យើងងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ និងទទួលបាននូវចំណេះដឹងប្រកបដោយសមត្ថភាពយ៉ាងពិតប្រាកដ។ សាលាក៏បានយកចិត្តទុកដាក់បំពាក់នូវសម្ភារទំនើបៗទាន់សម័យដូចជា៖ LCD Projector, TV Program, Listening Lab, Internet, បន្ទប់ពិសោធន៍, រូបភាព, ពាក្យស្លោក, រូបមន្តតាមកម្រិតថ្នាក់នីមួយៗ ហើយគ្រប់បន្ទប់មានម៉ាស៊ីន ត្រជាក់បំពាក់ដោយកាំមេរ៉ា សម្រាប់តាមដានការសិក្សារបស់សិស្ស និងការ បង្រៀនរបស់គ្រូ។ យើងក៏មានមោទនភាពផងដែរ ដោយនៅតាមអគារសិក្សា នីមួយៗបំពាក់ដោយម៉ាស៊ីនភ្លើងធំៗកម្លាំង ១៥០ KVA នៅគ្រប់សាខាប៊ែលធី ទាំងអស់ ព្រមទាំងបានបំពាក់សម្ភារទំនើបៗយ៉ាងសម្បូរបែប ហើយអគារទាំង អស់នោះគឺជាកម្មសិទ្ធិផ្ទាល់របស់ប៊ែលធី។
យើងខ្ញុំរង់ចាំស្វាគមន៍ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ដោយក្តីសោមនស្សរីករាយជានិច្ច។
សូមគោរពជូនពរសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។