សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់
សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប៊ែលធីជូននដល់សិស្ស
ជ័យលាភីថ្នាក់ទី៩ ជំនាន់ទី១៨ ចំនួន ១ ០៤១នាក់ (ក្រុមទី៣)
សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប៊ែលធី (BELTEI Junior High School Diploma) ជូនដល់សិស្សជ័យលាភីថ្នាក់ទី៩ ជំនាន់ទី១៨ ចំនួន ១ ០៤១នាក់ (ក្រុមទី៣) ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) មកពីសាខាទី១៥ ដល់សាខាទី២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប ព្រមទាំងលោកជំទាវ។ ពិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ)។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំ យកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ និងស្តាប់គ្រូពន្យល់ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និង គុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យ និងទទួលបានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើ ដល់ក្មួយៗ ទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ លើការរៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ក្នុងចាប់យក អាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេសដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម៤.០។ ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត លី ឆេង និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ១ ០៤១នាក់ នាពេលនោះផងដែរ។
|
|
_______________________________________________________________________