សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ
ជូនដល់សិស្សថ្នាក់ទី៦ ជំនាន់ទី ១៨ ឆ្នាំសិក្សា ២០២២-២០២៣
ចំនូន ២៨៨៤ នាក់
សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សានុសិស្សចំណេះទូទៅថ្នាក់ទី៦ ជំនាន់ទី១៨ ឆ្នាំសិក្សា ២០២២-២០២៣ សរុបចំនួន ២ ៨៨៤នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងពិធី “ប្រគល់វិញ្ញាបនបត្រជូនដល់សិស្សានុសិស្សចំណេះទូទៅថ្នាក់ទី៦ ជំនាន់ទី១៨ ឆ្នាំសិក្សា ២០២២-២០២៣” សរុបចំនួន ២ ៨៨៤នាក់ ដែលបានអញ្ជើញចូលរួមនាពេលព្រឹកនេះ និងមានឯកឧត្តម លោកជំទាវ លោក លោកស្រីជាមាតាបិតា អ្នកអាណាព្យាបាល និងក្រុមគ្រួសារ សិស្សជ័យលាភីអញ្ជើញចូលរួមប្រមាណជាជាង ២០០០ នាក់ផងដែរ ហើយវិញ្ញាបនបត្រនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម លី ប៊ុនឆៃ បានកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រសម្រាប់ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១-ទី៦) ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យនាពេលនេះ។ ជាមួយនឹងជោគជ័យរបស់ក្មួយៗ ឯកឧត្តមអគ្គនាយករង ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរពវិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។ ឯកឧត្តមអគ្គនាយករង ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់មធ្យមសិក្សា (ថ្នាក់ទី៧-ទី១២) ដើម្បីត្រៀមខ្លួនប្រកួតប្រជែងដណ្តើមទីផ្សារការងារជាតិ និងអន្តរជាតិ ជាពិសេសដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យានៃសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។ ជាទីបញ្ចប់ ឯកឧត្តមអគ្គនាយករង បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្សជ័យលាភីទាំង ២ ៨៨៤នាក់ នាពេលនោះផងដែរ។
|
|
_______________________________________________________________________