សិស្សប៊ែលធី ២,១៧៦នាក់ បានចូលរួម
កម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេស លើកទី៥
រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំ កម្មវិធីប្រកួតប្រជែងសំណេរភាសា អង់គ្លេសលើកទី៥ (The 5th English Writing Contest Program) នៅសាលា ប៊ែលធី អន្តរជាតិទី៩ (ស្ទឹងមានជ័យ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ។ លោក ចាន់ ទីតា ប្រធាននាយកដ្ឋានភាសាអង់គ្លេសទូទៅនៃប៊ែលធី គ្រុប បានឱ្យដឹងថា៖ គោលបំណងនៃការ ប្រកួតសំណេរភាសាអង់គ្លេសគឺ ធ្វើឲ្យសិស្សានុសិស្សស្ទាត់ជំនាញក្នុងការសរសេរ មានភាពក្លាហាន ហ៊ានបញ្ចេញ សមត្ថភាព និងអាចចូលរួមប្រកួតប្រជែងសំណេរជាលក្ខណៈជាតិ និងអន្តរជាតិ។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំឡើងដោយសិក្សារយៈពេល ៩ឆ្នាំគឺ ចាប់ពីកម្រិតដំបូង Pre-school 1 ដល់ Pre-school 6 និងពី Level 1 ដល់ Level 12)។ ពេលបញ្ចប់ការសិក្សាសិស្សមានសមត្ថភាព អាចប្រើប្រាស់ភាសាអង់គ្លេស បានយ៉ាងល្អប្រសើរលើជំនាញ និយាយ ស្តាប់ អាន និងសរសេរ។ ហើយនៅពេលបញ្ចប់ Level 12 សិស្សត្រូវប្រឡង តេស្តអន្តរជាតិ (អាយអែល = IELTS) ដែលសាលា ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមប្រឹក្សាភាសាអង់គ្លេស (The British Council) ដែលមានទីតាំង នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ធ្វើយ៉ាងណាស់ម្រេចឱ្យបានតាមផែនការយុទ្ធសាស្ត្ររបស់ប៊ែលធី គឺសិស្សត្រូវ ទទួលបានពិន្ទុ (អាយអែល = IELTS) ៥.០ឡើងទៅ និងឱ្យបានចាប់ពី ៨៥% ទៅ ៩០% ក្នុងចំណោមបេក្ខជនប្រឡងទាំងអស់។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានថ្លែងកោតសរសើរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំ ប្រឹងប្រែង សិក្សារៀនសូត្រ និងមានភាពក្លាហាន ហ៊ានបញ្ចេញសមត្ថភាពប្រកួតប្រជែង និងសរសេរបានយ៉ាងស្ទាត់ ជំនាញក្នុងការប្រឡងនាថ្ងៃនេះ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាល សិស្សទាំងអស់ ដែលតែងតែគាំទ្រលើការអប់រំរបស់សាលា ប៊ែលធី អន្តរជាតិ រហូតមកទាំងផ្នែកចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ដែលធ្វើឱ្យសាលាមានលទ្ធភាពពង្រីកទីតាំង និងពង្រឹងគុណភាពអប់រំឱ្យបានកាន់តែមាន ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមបាវចនារបស់ ប៊ែលធីគឺ គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ មិនត្រូវយកពេលទំនេរទៅដើរលេង សេពគបមិត្តភក្តិមិនល្អ ត្រូវជៀសវាងឱ្យផុតពីគ្រឿងញៀន និងល្បែងស៊ីសង ដែលសង្គមស្អប់ខ្ពើម។ គឺត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹង សមត្ថភាព ដើម្បីធ្វើខ្លួន ឱ្យសាកសមជាទំពាំងស្នងឫស្សី និងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ជាតិនាពេលអនាគត។ ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានប្រគល់ មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធិ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជ័យលាភី កម្រិតទី៥ ទី៨ ទី១១ និងទី១២ ចំនួន ១២នាក់ ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________