សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៦ ចំនួន ១,៥០៧នាក់
ទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី
ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៦ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុង ឆ្នាំសិក្សា ២០២០-២០២១ ចំនួន ១,៥០៧នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។ លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៦សាខា (២៤សាខា កំពុងដំណើរការ និង២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៣០២នាក់ (នារី ៩៧៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៥៧,០៣៩នាក់(នារី ២៥,៥៦៨នាក់)។ គិតត្រឹមឆ្នាំសិក្សា២០២០-២០២១ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ១៤,៨៣៨នាក់ (ដប់បួនពាន់ ប្រាំបីរយសាមសិបប្រាំបីនាក់) ក្នុងនោះ ជាប់ ១២,៦៣១នាក់ (ដប់ពីរពាន់ ប្រាំមួយរយសាមសិបមួយនាក់) ស្មើនឹង ៨៥.១៣% និងទទួលបាន សិស្សនិទ្ទេសA ចំនួន ២១១នាក់ មានសិស្សពូកែទូទាំងរាជធានី ចំនួន ៩០នាក់ និងទូទាំងប្រទេស ចំនួន ២០នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបាន ដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំ យកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឲ្យខិតខំយកចិត្ត ទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ ពេញចិត្ត ដើម្បីធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេសដើរឲ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម៤.០។ ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ប្រធានគណៈអធិបតីក៏បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់ សិស្សជ័យលាភីទាំង ១,៥០៧នាក់ នាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________