សិស្សប៊ែលធី ៦៦២៣នាក់
ចូលរួមប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី៤
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី ប្រកួតប្រជែងនិយាយជាសាធារណៈ (Public Speaking Contest Program) សម្រាប់សិស្សថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ វគ្គផ្តាច់ព្រ័ត្រលើកទី៤ កម្រិត ប៊ែលធី នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ នៅសាលា ប៊ែលធី អន្តរជាតិទី៩ សាខាស្ទឹងមានជ័យ ដែលមានបេក្ខជន ចំនួន ២៤នាក់ មកពី១៨សាខា និងមានអ្នកចូលរួមចំនួន ២០៨១ នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាបានអោយដឹងថា៖ សាលា ប៊ែលធី អន្តរជាតិ បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ និងទី៨.កម្មវិធីកីឡា។ ក្នុងឆ្នាំសិក្សានេះ សាលាបានកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបានរៀបចំបង្កើតបន្ទប់ពិសោធន៍ (Laboratory) នៅគ្រប់ទីតាំងសាខាប៊ែលធី ដែលបំពាក់នូវសម្ភារពិសោធន៍ទំនើបៗ សម្រាប់សិស្សចំណេះទូទៅចាប់ពីថ្នាក់ទី៧ដល់ទី១២ ដើម្បីសិក្សានិងផ្សាភ្ជាប់ទឹ្រស្តីទៅនឹងការអនុវត្តជាក់ស្តែងដែលផ្តោតសំខាន់លើមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈនេះ ជាផ្នែកមួយនៅក្នុងកម្មវិធីពង្រឹងស្មារតី ដែលសាលា បានរៀបចំធ្វើ១ឆ្នាំម្តង។ ការប្រកួតប្រជែងនិយាយជាសាធារណៈនេះ ធ្វើឡើងជា២ដំណាក់កាលគឺៈ ១-កម្រិតសាខា(Campus Level): ត្រូវរៀបចំការប្រកួតប្រជែង ចាប់ពី ថ្នាក់ទី៣ ដល់ទី១២ (ដែលមានអ្នកចូលរួមប្រកួតប្រជែង សរុប៦៦២៣នាក់) រួចបញ្ជូនបេក្ខជន ជ័យលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ២-កម្រិតប៊ែលធី (BELTEI Level): វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវធ្វើនៅប៊ែលធីទី៥ ទី៩ និងទី១២ រួចបន្តទៅ វគ្គផ្តាច់ព្រ័ត្រធ្វើនៅសាលា ប៊ែលធី អន្តរជាតិទី៩ សាខាស្ទឹងមានជ័យ ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ នៃថ្នាក់ទី៣ ទី៦ ទី៩ និងទី១២។ ហើយរង្វាន់ដែលត្រូវទទួលបានគឺៈ -លេខ១: មេដាយមាស១ លិខិតសរសើរ ប្រាក់ 300$ និងអាហារូបករណ៍សិក្សា ថ្នាក់ចំណេះទូទៅ ១០០% ចំនួន៣ឆមាស។ ដោយឡែកថ្នាក់ទី១២ ទទួលបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ៣ឆ្នាំ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំពោះគ្រូទទួលបាន លិខិតសរសើរ និងទឹកប្រាក់150$ -លេខ២: មេដាយប្រាក់១ លិខិតសរសើរ ប្រាក់ 200$ និងអាហារូបករណ៍សិក្សា ថ្នាក់ចំណេះទូទៅ ១០០% ចំនួន ២ឆមាស។ ដោយឡែកថ្នាក់ទី១២ ទទួលបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ២ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ចំពោះគ្រូទទួលបាន លិខិតសរសើរ និងទឹកប្រាក់100$ -លេខ៣: មេដាយសំរិទ្ធ១ លិខិតសរសើរ ប្រាក់ 100$ និងអាហារូបករណ៍សិក្សា ថ្នាក់ចំណេះទូទៅ ១០០% ចំនួន ១ឆមាស។ ដោយឡែកថ្នាក់ទី១២ ទទួលបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ១ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ចំពោះគ្រូទទួលបាន លិខិតសរសើរ និងទឹកប្រាក់50$ ហើយបេក្ខជនជ័យលាភីលេខ១ ដល់លេខ៣ នៃថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ត្រូវបានទៅទស្សនា នៅប្រាសាទ អង្គរវត្ត ៣ថ្ងៃ ២យប់។ នៅឆ្នាំសិក្សា២០១៧-២០១៨ នេះសិស្សប៊ែលធីក៏បានជាប់សិស្សពូកែរាជធានី-ខេត្ត និងទូទាំងប្រទេស ថ្នាក់ទី៩ និងទី១២ សរុបចំនួន ១៧នាក់ ក្នុងនោះ សិស្សពូកែរាជធានី-ខេត្តថ្នាក់ទី៩ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ៥នាក់ គណិតវិទ្យា ២នាក់ រូបវិទ្យា ១នាក់ ថ្នាក់ទី១២មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ៥នាក់ គណិតវិទ្យា ១នាក់ រូបវិទ្យា ៣នាក់ និងបន្តជាប់សិស្សពូកែទូទាំងប្រទេសថ្នាក់ទី៩ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ជាប់ចំណាត់ថ្នាក់លេខ១ និងលេខ៨ ថ្នាក់ទី១២ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ២នាក់ និងរូបវិទ្យា ១នាក់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសសិស្សៗជ័យលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំ ផ្នែកចំណេះទូទៅឲ្យកាន់តែប្រសើរ ឡើងថែមទៀត ដើម្បីឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ហើយ ដើម្បីឲ្យសិស្សទាំងអស់ មានភាពក្លាហាន បង្កើនទម្លាប់និយាយ បង្កើនទំនុកចិត្ត បង្កើនការស្រាវជ្រាវ ហ៊ាននិយាយជាសាធារណៈក្នុងចំណោមមហាជន ហ៊ានបញ្ចេញមតិយោបល់ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ សិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ថ្នាក់ទី១២ ត្រូវមានសមត្ថភាព គ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹងទូទៅ និងភាសា ហើយអាចបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនានា នៅក្នុងប្រទេស និងក្រៅប្រទេស មានសមត្ថភាពចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។ ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់ លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី ថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ចំនួន១២នាក់ ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________