សាលា ប៊ែលធី អន្តរជាតិ ប្រារព្ធពិធីប្រគល់
វិញ្ញាបនបត្រជូនដល់សិស្សភាសាអង់គ្លេស កម្រិត១២ ចំនួន៨០៤នាក់
ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level12 ជំនាន់ទី៤១ ដល់ទី៤៤ ចំនួន ៨០៤នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ។ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ ១៨សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៣៥.០៨២នាក់ ដោយឡែកសិស្សភាសាអង់គ្លេស Level12 ដែលបានប្រឡងបញ្ចប់ទាំង ៤៤ជំនាន់ មានចំនួន ៥. ៤៧៣នាក់។ សាលា ក៏បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និង ភាសាអង់គ្លេស រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែង ទេពកោសល្យ និង ទី៨.កម្មវិធីកីឡា ហើយក្នុងឆ្នាំសិក្សានេះ សាលាកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ ឯកឧត្តម លី ឆេង ក៏បានបន្ថែមទៀតថា ដោយមានការសំណូមពរពីមាតាបិតា អាណាព្យាបាល និងសិស្ស-និស្សិត ក្នុងឆ្នាំ២០១៧នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានបើកកម្មវិធីសិក្សាជាភាសាជាតិ បន្ថែមលើកម្មវិធីសិក្សាអន្តរជាតិដែលមានស្រាប់ ដោយបង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ១ឆ្នាំដោយឥតគិតថ្លៃ ដើម្បីបំពេញសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សា ០៥ធំៗ ដូចជា៖ ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរៀន ១ឆ្នាំ ២ដងគឺ ខែតុលា និងខែមីនា ដោយសិក្សាលើមុខជំនាញសំខាន់ៗ ដែលស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត ស្របតាមសម្ព័ន្ធអប់រំអាស៊ាន “ជំនាញអនាគត សម្រាប់អាជីពអនាគត”។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សជ័យលាភីឲ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សាបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សាដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ដណ្តើមទីផ្សារការងារជាតិ និងអន្តរជាតិ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។ បន្ទាប់មក ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្សជ័យលាភីទាំង ៨០៤នាក់ នាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________