សាលា ប៊ែលធី អន្តរជាតិ ប្រារព្ធពិធីប្រគល់សញ្ញាបត្រ
មធ្យមសិក្សាទុតិយភូមិជូនដល់សិស្សថ្នាក់ទី១២ ជំនាន់ទី១២ ចំនួន ៨៧៩នាក់
ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ ប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សប៊ែលធី ដែលបានប្រឡងជាប់ថ្នាក់ជាតិ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ ជំនាន់ទី១២ ចំនួន៨៧៩នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទួលស្លែង) ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ ១៨សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៣៤.៩១៤នាក់។ សាលា ក៏បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និង ភាសាអង់គ្លេស រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែង ទេពកោសល្យ និងទី៨.កម្មវិធីកីឡា ហើយក្នុងឆ្នាំសិក្សានេះ សាលាកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ សាលាក៏បានបន្តបើកថ្នាក់បំប៉នបន្ថែម និងថ្នាក់ពិសេស សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ផងដែរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរចំពោះ សិស្សនិទ្ទេសA ទាំង ២៦រូប និងសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យសាលាបានល្អ។ លើសពីនេះទៀត ឯកឧត្តម ក៏បានកោតសរសើរចំពោះ សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នារយៈពេល ០៣ឆ្នាំចុងក្រោយនេះ៖ ១-ឆ្នាំ២០១៧នេះ សិស្ស ស គីមស៊ា ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០។ ២-ឆ្នាំ២០១៦ សិស្ស កាំង ស៊ីញលី ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០។ ៣-ឆ្នាំ២០១៥ សិស្ស សេង ហ្គេចលី ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩.៩៩៩។ ឯកឧត្តម លី ឆេង ក៏បានបន្ថែមទៀតថា ដោយមានការសំណូមពរពីមាតាបិតា អាណាព្យាបាល និងសិស្ស-និស្សិត ក្នុងឆ្នាំ២០១៧នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានបើកកម្មវិធីសិក្សាជាភាសាជាតិ បន្ថែមលើកម្មវិធីសិក្សាអន្តរជាតិដែលមានស្រាប់ ដោយបង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ១ឆ្នាំដោយឥតគិតថ្លៃ ដើម្បីបំពេញសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សា ០៥ធំៗ ដូចជា៖ ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរៀន ១ឆ្នាំ ២ដងគឺ ខែតុលា និងខែមីនា ដោយសិក្សាលើមុខជំនាញសំខាន់ៗ ដែលស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត ស្របតាមសម្ព័ន្ធអប់រំអាស៊ាន “ជំនាញអនាគត សម្រាប់អាជីពអនាគត”។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សជ័យលាភីឲ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សាបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សាដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ដណ្តើមទីផ្សារការងារជាតិ និងអន្តរជាតិ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។ បន្ទាប់មក ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ៨៧៩នាក់ នាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________