សាលា ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី
ថ្មីមូយទៀតគឺ ការប្រកួតប្រជែងសំណេរភាសាខ្មែរ លើកទី១
នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីថ្មីមួយទៀតគឺ ការប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១ សម្រាប់សិស្សថ្នាក់ទី៤ ទី៧ និងទី១០ នៅសាលសហសិក្សា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានបេក្ខជន ចំនួន ៤៨នាក់ មកពី ១៦សាខា និងមានអ្នកចូលរួម ៨០៨នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា៖ កន្លងមកសាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ០៧ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ (សិក្សាពីទស្សនទានព្រះពុទ្ធសាសនា ច្បាប់ចរាចរណ៍ផ្លូវគោកនិងការយល់ដឹងពីគ្រឿងញៀន) ទី២.កម្មវិធីពង្រឹងស្មារតី (ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតប្រជែង និយាយជាភាសាអង់គ្លេស និងវេទិកាជជែកពិភាក្សាជាសាធារណៈ) ទី៣.កម្មវិធីទស្សនកិច្ចសិក្សា (ព្រះបរមរាជវាំង សារមន្ទីរជាតិ និងតំបន់ទេសចរណ៍នានា) ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ (សិក្សាពីចម្រៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនវាគ្មិនល្បីៗ) ទី៥.កម្មវិធីប្រឡងសំណេរ (ភាសាខ្មែរ និងភាសាអង់គ្លេស) ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ។ ហើយ ការប្រកួតប្រជែងសំណេរភាសាខ្មែរថ្ងៃនេះ បានធ្វើឡើងជា ២ដំណាក់កាលគឺៈ I. កម្រិតសាខា (Campus Level) គ្រប់សាខាសាលា ប៊ែលធី អន្តរជាតិ ត្រូវរៀបចំការប្រកួតផ្ទៃក្នុង ដើម្បីជ្រើសរើសយកជ័យលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ។ II. កម្រិតប៊ែលធី (BELTEI Level) ជ័យលាភីលេខ១ នៃថ្នាក់ទី៤ ទី៧ និងទី១០ មកពីទាំង១៦សាខា ត្រូវមក ប្រកួតប្រជែង ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ ដែលនឹងទទួលបានរង្វាន់ ដូចជាៈ - លេខ១: មេដាយមាស១ លិខិតសរសើរ ប្រាក់ 300$ និងអាហារូបករណ៍សិក្សា ថ្នាក់ចំណេះទូទៅ ១០០% ចំនួន ៣ឆមាស។ -លេខ២: មេដាយប្រាក់១ លិខិតសរសើរ ប្រាក់ 200$ និងអាហារូបករណ៍សិក្សា ថ្នាក់ចំណេះទូទៅ ១០០% ចំនួន ២ឆមាស។ -លេខ៣: មេដាយសំរិទ្ធ១ លិខិតសរសើរ ប្រាក់ 100$ និងអាហារូបករណ៍សិក្សា ថ្នាក់ចំណេះទូទៅ ១០០% ចំនួន ១ឆមាស។ ហើយបេក្ខជនជ័យលាភីលេខ១ ដល់លេខ៣ នៃថ្នាក់ទី៤ ទី៧ និងទី១០ ត្រូវបានទៅទស្សនា នៅប្រាសាទ អង្គរវត្ត ៣ថ្ងៃ ២យប់។ ចំពោះលោកគ្រូ-អ្នកគ្រូដែលមានសិស្សជាប់ជ័យលាភីក៏ត្រូវទទួលរង្វាន់ទឹកប្រាក់ ៥០% និងលិខិតសរសើរផងដែរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជ័យលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ ឯកឧត្តម បានបន្ថែមទៀតថាកម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំ ផ្នែកចំណេះដឹងទូទៅឲ្យកាន់តែប្រសើរ ឡើងថែមទៀត ទាំងការសរសេរ ការគិតឲ្យមានភាពរហ័សរហួន និងផ្តល់ឱកាសដល់សិស្ស ដើម្បីបង្ហាញនូវសមត្ថភាព និងស្វែងរកអ្នកដែលពូកែបំផុត ឆ្លាតវៃ ឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ថ្នាក់ទី១២ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹងទូទៅ និងភាសា ហើយអាចបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនានា នៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។ ជាទីបញ្ចប់ឯកឧត្តម និងលោកជំទាវ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី ថ្នាក់ទី៤ ទី៧ និងទី១០ ចំនួន ០៩នាក់ ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________