ពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ជូនដល់សិស្សថ្នាក់ទី១២ ជំនាន់ទី១១ ចំនួន ៩៧១នាក់
ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ សាលា ប៊ែលធី អន្តរជាតិ ប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សប៊ែលធី ដែលបានប្រឡងជាប់ថ្នាក់ជាតិ ក្នុងឆ្នាំសិក្សា២០១៥-២០១៦ ជំនាន់ទី១១ ចំនួន៩៧១នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទួលស្លែង) ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប ទទួលបន្ទុកសាលា ប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ បច្ចុប្បន្ននេះសាលា ប៊ែលធី អន្តរជាតិ មាន ១៨សាខា ក្នុងនោះ ១៦ កំពុងដំណើរការ និង០២ ទៀតកំពុងសាងសង់ និងមានសិស្សកំពុងសិក្សា ៣១.៤៦៩នាក់។ នៅក្នុងឆ្នាំសិក្សាថ្មី២០១៦-២០១៧នេះ យើងមានសិស្សថ្នាក់ទី១២ ចំនួន ១.២០៤នាក់ ដែលនឹងត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយគោលដៅរបស់យើង គឺត្រូវជាប់ចាប់ពី ៨៥% ទៅ ៩៥% ឡើងទៅ។ ក្នុងឆ្នាំសិក្សា២០១៥-២០១៦ កន្លងមកនេះ សិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១.១៥៧នាក់ បានប្រឡងជាប់ ៩៧១នាក់ ស្មើនឹង ៨៣.៩២% ជាប់និទ្ទេស A=២០នាក់ (ក្នុងនោះមានសិស្សនិទ្ទេសAម្នាក់ ជាប់លេខ១ ទូទាំងប្រទេសគឺ សិស្ស កាំង ស៊ីញលី) B=៨៦នាក់, C=១៥២នាក់, D=១៩១ នាក់ និងនិទ្ទេស E=៥២២នាក់។ ចំពោះសិស្សជាប់និទ្ទេសA ទាំង ២០នាក់ ត្រូវទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស រួមមាន៖ ប្រទេសសិង្ហបុរី ០៤នាក់, ប្រទេសចិន ០៤នាក់, ប្រទេសថៃ ០៣នាក់ និង ០៩នាក់ សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងទទួលបានការឧបត្ថម្ភថវិកា សម្រាប់ឆ្នាំដំបូង ចំនួន ៣.០០០ ដុល្លារ និងឆ្នាំបន្តបន្ទាប់ ចំនួន ១.២០០ ដុល្លារក្នុងម្នាក់ ចំពោះនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រផងដែរ។ ចំពោះសិស្សឈ្មោះ កាំង ស៊ីញលី ជាប់និទ្ទេសA លេខ១ ទូទាំងប្រទេស ឯកឧត្តមឧបត្ថម្ភថវិកា សម្រាប់ឆ្នាំដំបូង ចំនួន ៥.០០០ ដុល្លារ និងឆ្នាំបន្តបន្ទាប់ ចំនួន ៣.០០០ ដុល្លារ រហូតដល់បញ្ចប់ ថ្នាក់បរិញ្ញាបត្រ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗជ័យលាភីទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានសញ្ញាបត្រនាពេលនេះ។ ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ យើងមានសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិមួយ ដែលមាន ៦មហាវិទ្យាល័យ៖ ១.គ្រប់គ្រងពាណិជ្ជកម្ម ២.អប់រំ សិល្បៈ និងមនុស្ស ៣.នីតិសាស្រ្ត និងវិទ្យាសាស្ត្រសង្គម ៤.ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥.វិស្វកម្ម និងស្ថាបត្យកម្ម ៦.ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ និងមាន ៦កម្មវិធីធំៗដូចជា៖ ១.ថ្នាក់បំប៉នភាសាអង់គ្លេស ២.ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ៣.ថ្នាក់បរិញ្ញាបត្រ ៤.ថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ ៥.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៦.ថ្នាក់បណ្ឌិត ហើយនាពេលខាងមុខនេះ សាកលវិទ្យាល័យ នឹងបើកវគ្គបណ្តុះបណ្តាលគរុកោសល្យបង្រៀន សម្រាប់គ្រូបង្រៀន ចំណេះទូទៅខ្មែរ (General Education) និងគ្រូភាសាអង់គ្លេសទូទៅ (English as Second Language) ដោយក្នុង ១វគ្គ សិក្សារយៈពេល ៦ខែ ដើម្បីផ្តល់ឱកាសជូននិស្សិតដែលមានបំណងចង់ធ្វើការយកបទពិសោធន៍ផង និងរៀនផង និងចង់ក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏ល្អថ្ងៃអនាគត។ ក្នុងនោះផងដែរ ប៊ែលធី បានបង្កើត ប៊ែលធីទំនាក់ទំនងអន្តរជាតិ ដោយមានបម្រើសេវាកម្ម ៤ធំៗ៖ ១.បញ្ជូនសិស្ស-និស្សិត ប៊ែលធី រៀនពូកែ ឬ សិស្សនិទ្ទេស A ដែលទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេសជាមួយសាកលវិទ្យាល័យ ជាដៃគូ (MoU)។ ២.បញ្ជូនសិស្ស-និស្សិតទូទៅ ទូទាំងប្រទេស ដែលមានបំណងចង់ទៅសិក្សា នៅឯក្រៅប្រទេស ទូទាំងពិភពលោកដូចជា៖ សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្រ្តាលី ញូហ្សេឡេន សិង្ហបុរី ចិន កូរ៉េ ថៃ ។ល។ ៣. មានសេវាកម្មរៀបចំបញ្ជូនសិស្ស-និស្សិតទៅធ្វើទស្សនកិច្ចសិក្សា (Study Tour) នៅក្រៅប្រទេស រយៈពេល ១សប្តាហ៍ រហូតដល់ ១ខែ នៅតាមសាកលវិទ្យាល័យ ឬ គ្រឹះស្ថានសិក្សានានា ពាសពេញពិភពលោក។ ៤.មានសេវាកម្មរៀបចំបញ្ជូនសិស្ស-និស្សិតទៅធ្វើកម្មសិក្សា (Internship) នៅក្រៅប្រទេស រយៈពេល ១ខែ រហូតដល់ ៤ខែ នៅតាមសាកលវិទ្យាល័យ ជាដៃគូ (MoU) ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សជ័យលាភីឲ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សាបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សាដើម្បីបង្កើនចំណេដឹង របស់ខ្លួន ដណ្តើមទីផ្សារការងារជាតិ និងអន្តរជាតិ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។ បន្ទាប់មក ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ៩៧១នាក់ នាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________