ពិធីប្រគល់វិញ្ញាបនបត្រដល់សិស្ស
ភាសាអង់គ្លេសទូទៅ Level 12 ជំនាន់ទី៣៨ ដល់ ជំនាន់ទី៤០
ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level12 ចំនួន ៨២០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ។ តាមរបាយការណ៍របស់លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានឲ្យដឹងថា៖ សិស្សភាសាអង់គ្លេស Level12 ដែលបានប្រឡងបញ្ចប់ទាំង ៤០ជំនាន់ មានចំនួន ៤ ៦៦៩នាក់។ នៅក្នុងឆ្នាំសិក្សាថ្មី២០១៦-២០១៧នេះ មានសិស្ស-និស្សិតកំពុងសិក្សាចំនួន ៣១.៩៩៩នាក់ ហើយឆ្នាំសិក្សា២០១៥-២០១៦កន្លងមកនេះ មានសិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១ ១៥៤នាក់ បានប្រឡងជាប់ ចំនួន ៩៦៤នាក់ ស្មើនឹង ៨៣.៥៣% ក្នុងនោះជាប់និទ្ទេសA ចំនួន ២០នាក់ និទ្ទេសB ចំនួន ៨៦នាក់ និទ្ទេសC ចំនួន ១៥១នាក់ និទ្ទេសD ចំនួន ១៩១នាក់ និងនិទ្ទេសE ចំនួន ៥១៦នាក់។ សាលា ប៊ែលធី អន្តរជាតិ បាន បញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធីទស្សនកិច្ចសិក្សា ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ ហើយកម្មវិធីនីមួយៗបានចែកជា៖ -ទី១-កម្មវិធីបង្កើនចំណេះដឹងទូទៅ រួមមាន៖ -សិស្សថ្នាក់ទី៩ សិក្សាពី ទស្សនៈទានព្រះពុទ្ធសាសនា -សិស្សថ្នាក់ទី១០ សិក្សាពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាពី ការយល់ដឹងពីគ្រឿងញៀន និងជំងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម -ទី២-កម្មវិធីពង្រឹងស្មារតី រួមមាន៖ -កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ -កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស -វេទិកាជជែកពិភាក្សាជាសាធារណៈ -ទី៣-កម្មវិធីទស្សនកិច្ចសិក្សា រួមមាន៖ -ថ្នាក់ទី៤-ទី៥ ខ្មែរ និង ភាសាអង់គ្លេសLevel4-5 ទស្សនកិច្ចព្រះបរមរាជវាំង -ថ្នាក់ទី៦ ខ្មែរ និង ភាសាអង់គ្លេស Level 6 ទស្សនកិច្ចសារមន្ទីរជាតិ -ថ្នាក់ទី៧ ខ្មែរ និង ភាសាអង់គ្លេស Level7 ទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង -ថ្នាក់ទី៨ ខ្មែរ និង ភាសាអង់គ្លេស Level8 ទស្សនកិច្ចមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក -ថ្នាក់ទី៩ ខ្មែរ និង ភាសាអង់គ្លេស Level9 ទស្សនកិច្ចសារមន្ទីរជាតិ និងរមណីយដ្ឋានភ្នំតាម៉ៅ -ថ្នាក់ទី១០ ខ្មែរ និង ភាសាអង់គ្លេស Level10 ទស្សនកិច្ចព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យឧត្តុង្គ -ថ្នាក់ទី១១ ខ្មែរ និង ភាសាអង់គ្លេស Level11 ទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងរមណីយដ្ឋាន ភ្នំសន្ទុក -ថ្នាក់ទី១២ ខ្មែរ និង ភាសាអង់គ្លេស Level12 ទស្សនកិច្ចមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងប្រាសាទសម្បូរព្រៃគុក -ទី៤-កម្មវិធីសិក្សាតាមទូរទស្សន៍៖ សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ -ទី៥-កម្មវិធីប្រឡងសំណេរ៖ ធ្វើឲ្យសិស្សចេះស្ទាត់ក្នុងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ -ទី៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា៖ ធ្វើឲ្យសិស្សមានជំនាញ ក្នុងការគិត បូកលេខ ប្រមាណវិធី ដោះស្រាយបញ្ហាបានត្រឹមត្រូវ និងឆាប់រហ័ស។ -ទី៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ៖ លើកទឹកចិត្ត និងផ្តល់ឱកាសជូនសិស្សានុសិស្សបានបញ្ចេញស្នាដៃ និងទេពកោសល្យដែលខ្លួនមានពីកំណើត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ ឯកឧត្តម ក៏បានកោតសរសើរចំពោះ សិស្សឈ្មោះ កាំង ស៊ីញលី សិស្សសាលា ប៊ែលធី អន្តរជាតិទី៥ ដែលទទួលបាន និទ្ទេសA លេខ១ ក្នុងចំណោមសិស្សនិទ្ទេសA សរុបចំនួន ៤០៥នាក់ ដែលមានលំដាប់ពិន្ទុ ១០០.០០% ខ្ពស់ជាងគេទូទាំងប្រទេសផងដែរ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា សមិទ្ធិផល និងការរីកដុះដាលរបស់ប៊ែលធី គ្រុប ពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាណាព្យាបាលសិស្ស សិស្សានុសិស្ស និស្សិត ស្ថាប័ននានា ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬIELTS) ឲ្យបានពិន្ទុយ៉ាងតិច 6.5 ឡើងទៅសម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។ បន្ទាប់មក ឯកឧត្តម ប្រធានគណៈអធិបតី និងលោកជំទាវ ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភីទាំង ៨២០នាក់ នាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________