សាលា ប៊ែលធី អន្តរជាតិ ទទួលបានវិញ្ញាបនបត្រ
បញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2008 កម្រិតជាតិ
ពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិ ពីចក្រភពអង់គ្លេស
ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2008 ជូនដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សាត សាមី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។ តាមរបាយការណ៍របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា ដើម្បីសម្រេចឲ្យបាននូវបាវចនារបស់ខ្លួន “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ប៊ែលធីអប់រំបានខិតខំអនុវត្តតាមស្តង់ដាររបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC) និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមប្រព័ន្ធស្តង់ដារគ្រប់គ្រងគុណភាព ISO 9001:2008 ដោយគោរពនូវគោលការណ៍ ទាំង៨ ដូចជា៖ ១-ការផ្តោតអារម្មណ៍ចំពោះអតិថិជន ២-ភាពជាអ្នកដឹកនាំ ៣-ការចូលរួមរបស់បុគ្គលិក ៤-វិធាននៃដំណើរការ ៥-វិធានជាប្រព័ន្ធចំពោះការគ្រប់គ្រង ៦-ការធ្វើអោយប្រសើរឡើងជាបន្តបន្ទាប់ ៧-វិធានផ្អែកលើការពិតដើម្បីធ្វើការសម្រេចចិត្ត ៨-ភាពទំនាក់ទំនងរបស់អ្នកផ្គត់ផ្គង់ដែលមានផលប្រយោជន៍ទៅវិញទៅមក និងនីតិវិធីទាំង១០ ដូចជា៖ ១-ប្រព័ន្ធគ្រប់គ្រងឯកសារ និងការរក្សាទុក ២-ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាល ៣-ប្រព័ន្ធគ្រប់គ្រងការទិញ ៤-ប្រព័ន្ធគ្រប់គ្រងសេវាកម្ម ៥-ប្រព័ន្ធគ្រប់គ្រងភាពមិនអនុលោម ៦-ប្រព័ន្ធគ្រប់គ្រងវិធាននៃការកែប្រែ ៧-ប្រព័ន្ធគ្រប់គ្រងវិធាននៃការបង្ការ ៨-ប្រព័ន្ធគ្រប់គ្រងសវនកម្មផ្ទៃក្នុង ៩-ប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈរូបវ័ន្ត ១០-ប្រព័ន្ធគ្រប់គ្រងប្រតិបត្ដិការ ដែលធ្វើឲ្យប៊ែលធីទទួលបាននូវគុណភាពអប់រំកាន់តែល្អប្រសើរឡើងថែមទៀត រហូតទទួលបានវិញ្ញាបនបត្រទទួលស្គាល់លើប្រព័ន្ធគ្រប់គ្រងគុណភាព កម្រិតជាតិ ពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិ ពីស្ថាប័នស្តង់ដារអន្តរជាតិACM Limited (UKAS)នៃចក្រភពអង់គ្លេស រយៈពេល ៣ឆ្នាំម្តងរួចមកហើយ និងពេលនេះគឺជាលើកទី២ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាលា ប៊ែលធី អន្តរជាតិ បានទទួលវិញ្ញាបនបត្រនេះបន្តទៀត។ ឯកឧត្តម លី ឆេង បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈអធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកមកផ្តល់កិតិ្តយស និងជាសាក្សី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2008 ជូនដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សាលា ប៊ែលធី អន្តរជាតិនាពេលនេះ។ បន្ទាប់មកឯកឧត្តម ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងពី ចំណុចខ្លាំងរបស់ប៊ែលធីអប់រំ ដែលបានអនុវត្តយ៉ាងត្រឹមត្រូវ តាមលក្ខខណ្ឌទាំង១០ចំណុច នៃប្រព័ន្ធស្តង់ដារគ្រប់គ្រងគុណភាព ISO 9001:2008 ដែលជាលក្ខខណ្ឌសម្រាប់វាយតម្លៃលើស្តង់ដារកម្រិតជាតិរបស់វិទ្យាស្ថានស្តង់ដារកម្ពុជា ដោយមើលឃើញពីចំណុចខ្លាំងអស់នេះហើយ ទើបវិទ្យាស្ថានរបស់យើងសម្រេចផ្តល់ជូននូវ វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2008 កម្រិតជាតិ ជាលើកទី២ជូនដល់ប៊ែលធីបន្តទៀត។ បន្ទាប់មកលោក Christopher នាយកស្ថាប័នស្តង់ដារអន្តរជាតិ ACM Limited (UKAS) នៃចក្រភពអង់គ្លេស បានលើកឡើងពីការខិតខំប្រឹងប្រែងអនុវត្តរបស់ប៊ែលធីអប់រំ ដែលបានបំពេញនូវគ្រប់លក្ខខណ្ឌនៃស្តង់ដារប្រព័ន្ធគ្រប់គ្រង គុណភាព ISO 9001:2008 កម្រិតអន្តរជាតិ ដែលជាស្តង់ដារសម្រាប់វាយតម្លៃ និងផ្តល់ជូននូវវិញ្ញាបនបត្រ សម្រាប់អង្គភាព ឬស្ថាប័នទាំងឡាយណា ដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ជាអន្តរជាតិទាំងអស់នេះ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថាៈ ក្រសួងអប់រំ យុវជន និងកីឡា មានចក្ខុវិស័យដើម្បីកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែកដើម្បីកសាងសង្គមកម្ពុជាឲ្យក្លាយជាសង្គមរីកចម្រើនផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន និងមានបេសកកម្មដឹកនាំគ្រប់គ្រង និងអភិវឌ្ឍនវិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជាឲ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងការរីកចម្រើននៅក្នុងតំបន់ និងសកលលោក។ បន្ទាប់មកឯកឧត្តម សាត សាមី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងការកោតសរសើរ យ៉ាងខ្លាំងចំពោះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាលា ប៊ែលធី អន្តរជាតិ ដែលខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សទាំងការងារគ្រប់គ្រង និងការងារបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងចូលរួមអបអរសាទរដ៏ស្មោះចំពោះ ប៊ែលធី ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2008 កម្រិតជាតិ និងកម្រិតអន្តរជាតិនាពេលនេះ។ ឯកឧត្តមក៏បានបន្តថា ប៊ែលធីអប់រំទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2008 កម្រិតអន្តរជាតិនាពេលនេះ មិនមែនគ្រាន់ជាមោទនភាពសម្រាប់ប៊ែលធីតែប៉ុណ្ណោះទេ គឺជាមោទនភាពសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។ ឯកឧត្តមប្រធានគណៈអធិបតី ក៏បានធ្វើជាសាក្សី ក្នុងការប្រគល់វិញ្ញាបនបត្រ ISO 9001:2008 កម្រិតជាតិ ដោយវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិ ដោយស្ថាប័នស្តង់ដារអន្តរជាតិ ACM Limited (UKAS) នៃចក្រភពអង់គ្លេស ជូនដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សាលា ប៊ែលធី អន្តរជាតិផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________