ពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី
ដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០១៤-២០១៥ ចំនួន ៨៦៤នាក់
ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្សដែលបានបញ្ចប់ការសិក្សានៅប៊ែលធី និងប្រឡងជាប់ថ្នាក់ជាតិ ឆ្នាំសិក្សា២០១៤-២០១៥ ជំនាន់ទី១០ ចំនួន ៨៦៤នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (សាខាទួលស្លែង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប ទទួលបន្ទុកសាលា ប៊ែលធី អន្តរជាតិ បានអោយដឹងថាៈ នៅក្នុងឆ្នាំសិក្សាថ្មី២០១៥-២០១៦នេះ មានសិស្សថ្នាក់ទី១២ ចំនួន ១.១៧៥នាក់ ហើយឆ្នាំសិក្សា២០១៤-២០១៥កន្លងមកនេះ មានសិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១.១០២ នាក់ បានប្រឡងជាប់ ចំនួន ៨៦៤នាក់ ស្មើនឹង ៧៨.៤០% ក្នុងនោះជាប់និទ្ទេស A ចំនួន ៦នាក់ និទ្ទេស B ចំនួន ៣២នាក់ និទ្ទេស C ចំនួន ៩៤នាក់ និទ្ទេស D ចំនួន ១៣៨នាក់ និង និទ្ទេស E ចំនួន ៥៩៤នាក់ ដោយឡែកថ្នាក់ទី៩ មានសិស្សពូកែជាប់ទូទាំងរាជធានីភ្នំពេញ ចំនួន ០៧នាក់ និងជាប់សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ចំនួន ០២នាក់ផងដែរ។ កន្លងមកសិស្សបានប្រឡងបញ្ចប់ថ្នាក់ទី១២ ទាំង៩ជំនាន់ (២០០៥-២០១៤) មានចំនួន ៤.៩០៤នាក់ ជាប់៤.៥៥៨នាក់ ស្មើនឹង ៩២.៩៥% ។ នៅក្នុងឆ្នាំសិក្សាថ្មីនេះ សាលានឹងខិតខំពង្រឹងគុណភាពបន្ថែមទៀត ធ្វើយ៉ាងណាឲ្យសិស្សថ្នាក់ទី១២ ដែលត្រូវចូលរួមប្រឡងបាក់ឌុប ជាប់យ៉ាងហោចណាស់ ចាប់ពី ៨០% ទៅ ៩០%ឡើងទៅ និងសិស្សបញ្ចប់Level12 ផ្នែកភាសាអង់គ្លេស ត្រូវទទួលបានពិន្ទុតេស្តអន្តរជាតិTOEFL ឬ IELTS យ៉ាងតិច 5.5 ឡើងទៅ ដើម្បីឲ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានសញ្ញាបត្រនាពេលនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងតាមបណ្តាសាខាសាលាប៊ែលធីទាំងអស់ រហូតទទួលបានជោគជ័យនៅថ្ងៃនេះ ហើយឯកឧត្តមក៏បានសំណូមពរឲ្យបន្តការសហការនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ថ្ងៃអនាគត។ ឯកឧត្តមបានមានប្រសាសន៍ផងដែរថា សមិទ្ធផល និងការរីកចម្រើនរបស់ប៊ែលធី គ្រុប ពីមួយឆ្នាំទៅមួយឆ្នាំ គឺ ដោយមានការគាំទ្រយ៉ាងសកម្មពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមាតា បិតា អាណាព្យាបាល សិស្ស-និស្សិត ផងដែរ។ ពិសេសជាងនេះទៅទៀត ដោយមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបាននូវ សុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សជ័យលាភីអោយខិតខំបន្តការសិក្សាបន្ថែមទៀត នៅថ្នាក់ឧត្តមសិក្សា ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនដណ្តើមទីផ្សារការងារជាតិ និងអន្តរជាតិ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់នឹងឈានមកសិក្សានៅសាកលវិទ្យាល័យប៊ែលធីលំដាប់អន្តរជាតិដ៏ទំនើបរបស់យើងនេះ។ បន្ទាប់មក ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ៨៦៤នាក់នាពេលនោះផងដែរ ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________