ពិធីជប់លៀងអបអរចូលឆ្នាំខ្មែរ
និងប្រគល់ពានរង្វាន់ការងារ និងលិខិតសរសើរ
ជូនដល់បុគ្គលិក ដែលបានបម្រើការងារ ១០ឆ្នាំកន្លងមក
រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ប៊ែលធី គ្រុប បានប្រារព្ធពិធីជប់លៀងជួបជុំ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ សរុបចំនួន ១.៣៥០នាក់ ដើម្បីអបអរសារទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមកដល់ខាងមុខ និងពិធីប្រគល់ពានរង្វាន់ការងារ និងលិខិតសរសើរជូនដល់បុគ្គលិក ចំនួន ៥៧នាក់ ដែលបានបម្រើការងារ អស់រយៈពេល១០ឆ្នាំនៅប៊ែលធី គ្រុប ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងលោកជំទាវ។ ឯកឧត្តម លី ឆេង បានថ្លៃងនូវការកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលខិតខំប្រឹងប្រែងយកអស់ កម្លាំងចិត្ត កម្លាំងកាយ ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណតម្លៃខ្ពស់ និងស្របតាមបាវចនារបស់ប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ព្រមទាំងមានការឯកភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ ។ ឯកឧត្តម លី ឆេង ក៏បានលើកឡើងពីការរីកចម្រើនរបស់ប៊ែលធី គ្រុប ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ ចាប់តាំងពីប៊ែលធីតែមួយ រហូតដល់បច្ចុប្បន្ន មានសាលា ១៦ទីតាំង និងសាកលវិទ្យាល័យដ៏ទំនើបមួយ ព្រមទាំងមានសិស្ស កំពុងសិក្សា ចំនួនជាង ៣០.០០០នាក់។ ឯកឧត្តម ក៏បានសំណូមពរ ឲ្យគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូទាំងអស់ អនុវត្តក្នុងឆ្នាំថ្មីថា៖ ១-ខិតខំពង្រឹងគុណភាពអប់រំ សិស្សចំណេះទូទៅដែលចូលរួមប្រឡងថ្នាក់ជាតិ ក្នុងឆ្នាំសិក្សា២០១៤-២០១៥នេះ សិស្សត្រូវប្រឡងជាប់យ៉ាងហោចណាស់ ចាប់ពី ៨០% ទៅ ៩០%។ ២-ខិតខំពង្រឹងគុណភាពអប់រំ សិស្សភាសាអង់គ្លេសទូទៅ នៅពេលបញ្ចប់Level 12 សិស្សត្រូវទទួលបានពិន្ទុតេស្តអន្តរជាតិ(TOEFL ឬ IELTS) ចាប់ពី ៥.០ឡើងទៅ។ ៣-ខិតខំពង្រឹងគុណភាពអប់រំ ថ្នាក់ឧត្តមសិក្សា នៅពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតត្រូវទទួលបានពិន្ទុតេស្តអន្តរជាតិ(TOEFL ឬ IELTS) ចាប់ពី ៦.៥ឡើងទៅ ដើម្បីងាយស្រួលប្រឡងយកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង និងលោកជំទាវ ក៏បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ និងអញ្ជើញប្រគល់ពានរង្វាន់ការងារ និង លិខិតសរសើរ ជូនដល់បុគ្គលិកដែលបានបម្រើការងារ អស់រយៈពេល១០ឆ្នាំ ចំនួន ៥៧នាក់ និងមានកម្មវិធីចាប់ឆ្នោតផ្សងសំណាងផងដែរ៕
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________