ពិធីប្រគល់វិញ្ញាបនបត្រដល់សិស្ស
ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី២៩ និងទី៣០
ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សភាសាអង់គ្លេសទូទៅ Level 6 ចំនួន ៨៧០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី១ (ទួលស្លែង) ក្រោមអធិបតីភាពរបស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ។ តាមរយៈរបាយការណ៍របស់ លោក ស៊ូ ចាន់វាសនា ជំនួយការអគ្គនាយក ទទួលបន្ទុកការិយាល័យភាសាអង់គ្លេស បានអោយដឹងថាៈសិស្សវិទ្យាស្ថានប៊ែលធី អន្តរជាតិ ផ្នែកភាសាអង់គ្លេសបានប្រឡងបញ្ចប់ទាំង៣០ជំនាន់ Level6 មានចំនួន ៥.៦២៥នាក់ និងLevel12 មានចំនួន២.៧៩៦នាក់។ ចំណែកឯសិស្សចំណេះទូទៅ ថ្នាក់ទី១២ បានប្រឡងបញ្ចប់ទាំង៨ជំនាន់(២០០៥-២០១៣) មានចំនួន ៣.៩០២នាក់ ធ្លាក់២៣នាក់ ស្មើនឹង៩៩.៤១% ហើយឆ្នាំនេះ សិស្សឈ្មោះ គង់ រតនធីតា ជាប់ចំណាត់ថ្នាក់លេខ១ និងសិស្ស លី សុខុម ជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ ឆ្នាំ២០១៤ផងដែរ។ សំខាន់ជាងនេះទៅទៀតនោះ នៅក្នុងឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានក៏បានរៀបចំបញ្ចូលកម្មវិធីសិក្សាបន្ថែម (Extra-curricular Courses) លើប្រធានបទសំខាន់ៗដូចជា:-សិស្សថ្នាក់ទី១០ សិក្សាអំពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាអំពី ការយល់ដឹងពីគ្រឿងញៀន និងជម្ងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាអំពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម។ ក្រៅពីការសិក្សានៅក្នុងថ្នាក់់ សិស្សរបស់យើង ក៏មានឱកាសបានធ្វើទស្សនកិច្ចសិក្សា(Field Trip) នៅតាមតំបន់ទេសចរណ៍ និងប្រវត្តិសាស្រ្ត សំខាន់ៗមួយចំនួនរួមមាន៖ -ថ្នាក់ទី៤ ទី៥ខ្មែរ និង Level4-5 ភាសាអង់គ្លេស ទៅព្រះបរមរាជវាំង -ថ្នាក់ទី៦ និងLevel 6 ទៅសារមន្ទីរជាតិ - ថ្នាក់ទី៧ និង Level 7 ទៅសារមន្ទីរទួលស្លែង -ថ្នាក់ទី៨ និងLevel 8 ទៅមជ្ឈមណ្ឌលជើងឯក -ថ្នាក់ទី៩ និងLevel 9 ទៅសារមន្ទីរជាតិ និងភ្នំតាម៉ៅ -ថ្នាក់ទី១០ និងLevel 10 ទៅព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) -ថ្នាក់ទី១១ និងLevel 11 ទៅសារមន្ទីរទួលស្លែង និងភ្នំសន្ទុក -ថ្នាក់ទី១២ និងLevel 12 ទៅមជ្ឈមណ្ឌលជើងឯក និងប្រាសាទសម្បូរព្រៃគុក។ ប៊ែលធី ក៏មានកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈទាំងផ្នែកភាសាខ្មែរ និងភាសាអង់គ្លេស(Public Speaking Contest Program)នៅក្នុងឆ្នាំសិក្សានេះ ដើម្បីធ្វើអោយសិស្សមានភាពក្លាហាននិយាយជាសាធារណៈផងដែរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់វិទ្យាស្ថានបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ផងដែរថា សមិទ្ធិផល និងការរីកដុះដាលរបស់ប៊ែលធីគ្រុបពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាណាព្យាបាលសិស្ស សិស្សានុសិស្ស និស្សិត ស្ថាប័ននានា ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។ ជាពិសេសដោយមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណថ្មីៗបន្តទៀត ដែលធ្វើអោយប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញលេញ និងស្ថេរភាពផ្នែកនយោបាយ ប្រកបដោយការអភិវឌ្ឍគួរជាទីមោទនៈ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ដោយផ្តោតទៅលើជំនាញទាំង៤ គឺ ការនិយាយ ការស្តាប់ ការអាន និងការសរសេរ ហើយនៅ បញ្ចប់Level12 សិស្សត្រូវទទួលបានពិន្ទុជាអន្តរជាតិតេស្តTOEFL ឬ IELTS ឲ្យបានពិន្ទុយ៉ាងតិច5.5ឡើងទៅ ដើម្បីងាយស្រួលក្នុងការដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ បន្ទាប់មក ឯកឧត្តមប្រធានគណៈអធិបតី និងលោកជំទាវ ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្សជយលាភីទាំង ៨៧០នាក់នាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
_______________________________________________________________________