កម្មវិធីសិក្សាបន្ថែម
"ការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រឿងញៀន"
ជូនដល់សិស្សថ្នាក់ទី១០ និងទី១១
ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ នៅសាលសហសិក្សា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ ទួលស្លែង បានធ្វើបទបង្ហាញ ក្រោមប្រធានបទ “ការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រឿងញៀន” ជូនដល់សិស្សវិទ្យាស្ថានប៊ែលធី ថ្នាក់ទី១០ និងទី១១ ទាំង១៣សាខា រយៈពេល២ថ្ងៃ មានចំនួន ២.៣៨៦នាក់ ក្រោមអធិបតីភាពឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ តាមរបាយការណ៍លោក រ៉េត ច័ន្ទធន ប្រធានការិយាល័យចំណេះទូទៅ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ សិស្ស-និសិ្សតដែលសិក្សានៅប៊ែលធី មានឱកាសបានសិក្សានូវកម្មវិធីបន្ថែម (Extra-curricular Courses) លើប្រធានបទសំខាន់ៗដូចជា៖-សិស្សថ្នាក់ទី១០ សិក្សាអំពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាអំពី ការយល់ដឹងពីគ្រឿងញៀន និងជម្ងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាអំពី ច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម។ ក្រៅពីការសិក្សានៅក្នុងថ្នាក់់ សិស្សរបស់យើង ក៏មានឱកាសបានធ្វើទស្សនកិច្ចសិក្សា(Field Trip) នៅតាមតំបន់ទេសចរណ៍ និងប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនរួមមាន៖ -ថ្នាក់ទី៤ ទី៥ និងភាសាអង់គ្លេសLevel4-5 ទៅព្រះបរមរាជវាំង -ថ្នាក់ទី៦ និងLevel 6 ទៅសារមន្ទីរជាតិ - ថ្នាក់ទី៧ និងLevel 7 ទៅសារមន្ទីរទួលស្លែង -ថ្នាក់ទី៨ និងLevel 8 ទៅមជ្ឈមណ្ឌលជើងឯក -ថ្នាក់ទី៩ និងLevel 9 ទៅសារមន្ទីរជាតិ និងភ្នំតាម៉ៅ -ថ្នាក់ទី១០ និងLevel 10 ទៅព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) -ថ្នាក់ទី១១ និងLevel 11 ទៅសារមន្ទីរទួលស្លែង និងភ្នំសន្ទុក -ថ្នាក់ទី១២ និងLevel 12 ទៅមជ្ឈមណ្ឌលជើងឯក និងប្រាសាទសម្បូរព្រៃគុក។ វរសេនីយ៍ទោ ចេវ ហាក់ នាយការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានធ្វើបទបង្ហាញ ៥ចំណុចសំខាន់ៗ ដូចជា៖ ១- វិធានប្រព័ន្ធសុវត្ថិភាពចរាចរណ៍ (អ្នកបើកបរសុវត្តិភាព សុវត្ថិភាពយានយន្ត សុវត្ថិភាពផ្លូវ ល្បឿនសុវត្ថិភាព) ២- ឯកសារដែល អ្នកបើកបរត្រូវមាន ៣- ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ៤- ហានិភ័យនៃការបើកបរ (មិនពាក់មួកសុវត្ថិភាព លើសល្បឿនកំណត់ ក្រោមឥទ្ធិពលជាតិស្រវឹង) ៥- សញ្ញាចរាចរណ៍។ ចំណែកឯ ឧត្តមសេនីយ៍ទោ នាក់ យុទ្ធា ប្រធាននាយកដ្ឋាន នីតិកម្ម អប់រំ និងស្តារនីតិសម្បទាន នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបានធ្វើបទបង្ហាញ ៦ចំណុចផងដែរ៖ ១- អ្វីជាគ្រឿងញៀន? ២- កាលប្រវត្តិនៃការផលិត និងការប្រើប្រាស់គ្រឿងញៀន ៣- ឧទាហរណ៍ខ្លះៗ នៃរូបភាពគ្រឿងញៀន ៤-ផលប៉ះពាល់នៃគ្រឿងញៀន (លើសរីរាង្គ និងប្រព័ន្ធសរសៃប្រសាទ) ៥- បទប្បញ្ញាត្តិ នៃច្បាប់ ៦- វិធីការពារពីគ្រោះថ្នាក់នៃគ្រឿងញៀន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វរសេនីយ៍ទោ ចេវ ហាក់ និងឧត្តមសេនីយ៍ទោ នាក់ យុទ្ធា ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកធ្វើជាគ្រូឧទ្ទេសនាពេលនេះ។ ឯកឧត្តម បានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីបន្ថែមនេះ ត្រូវគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាពពេល បើកបរម៉ូតូ ត្រូវមានសុជីវធម៌ក្នុងការបើកបរ ដោយចេះយោគយល់ និងអធ្យាស្រ័យគ្នា មិនត្រូវសេពគ្រឿងស្រវឹងក្នុងវ័យសិក្សា ឬ សេពគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ឲ្យក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ និងត្រូវអនុវត្តតាមគោលការណ៍សិក្សាទាំង៣គឺ៖ រៀនពីសាលា រៀនពីការងារ និងរៀនខ្លួនឯង ព្រោះនេះជា ឱកាសល្អសម្រាប់ក្មួយៗ ដែលបានកើតមកចំពេលប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងដើម្បីធ្វើជា ទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិទៅអនាគត។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________