សន្និបាតបូកសរុបលទ្ធផលការងារ ១០ឆ្នាំ និងពិធីប្រគល់
ពានរង្វាន់មាសការងារនិងលិខិតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិក
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ វិទ្យាស្ថានប៊ែលធី អន្តរជាតិ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ១០ឆ្នាំ និងពិធី ប្រគល់ពានរង្វាន់មាសការងារ និងលិខិតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងបុគ្គលិក សរុប ១.១៧២នាក់។ តាមរបាយការណ៍បូកសរុបលទ្ធផលការងារ១០ឆ្នាំ របស់លោក ផូរ សុធារៈ ប្រធានការិយាល័យរដ្ឋបាល បានមានប្រសាសន៍ថាៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានបង្កើតឡើងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០០២ បច្ចុប្បន្នមាន១៣សាខា និងសាកលវិទ្យាល័យមួយ កន្លែងនៅក្នុងរាជធានីភ្នំពេញ និងមានសិស្ស-និស្សិតកំពុងសិក្សាចំនួន២៤.៣៦៩នាក់ នារី១០.៥១៦នាក់ ព្រមទាំងមានគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងបុគ្គលិក បម្រើការសរុប ១.១៧២នាក់ នារី ៥៦៨នាក់។ I.លទ្ធផលបណ្តុះបណ្តាលរយៈពេល១០ឆ្នាំ(២០០២-២០១២) +ផ្នែកវិទ្យាស្ថានទាំង១៣សាខា ១-ចំណេះទូទៅៈ សិស្សថ្នាក់ទី១២ បានប្រឡងចេញទាំង៧ឆ្នាំ មានចំនួន២.៩០៥នាក់ នារី ១.២៨៤នាក់។ ២-ភាសាអង់គ្លេសទូទៅ: សិស្ស Level12 បានប្រឡងបញ្ចប់ទាំង២៥ជំនាន់ មានចំនួន ១.៩៥២នាក់ នារី ១.០៧៧នាក់ ក្នុងនោះជាប់តេស្ត អន្តរជាតិ TOEFL ចំនួន ២១១នាក់។ ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេសៈ ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រៈ បានប្រឡងបញ្ចប់វគ្គមានចំនួន ៥.១៨៨នាក់ នារី ២.២៥៤នាក់។ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិៈ មានបេក្ខជនជា ជនជាតិខ្មែរ និងបរទេសប្រឡង ចំនួន ២៨៣នាក់ នារី ១៣៣នាក់។ -ចំនួនសិស្ស-និស្សិត ដែលផ្ទេរចេញពីវិទ្យាស្ថាន ប៊ែលធី ទៅសិក្សានៅបរទេសៈ វិទ្យាស្ថានបានបំពេញបែបបទ ជូនសិស្ស-និស្សិត ដែលត្រូវផ្ទេរទៅរៀននៅបរទេស(Student Notification &Official Transcript) មានចំនួន២៣១នាក់ នារី១១២នាក់។ +ផ្នែកសាកលវិទ្យាល័យ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងចាប់ផ្តើមដំណើរការ នៅខែមករា ឆ្នាំ២០១៣ ដែលមានកំពស់ ១២ជាន់ និងមាន ជាន់ក្រោមដីមួយជាន់(Basement) សម្រាប់ធ្វើជាចំណត និងមាន៦មហាវិទ្យាល័យធំៗដូចជាៈ១-មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ២- មហាវិទ្យាល័យអប់រំ សិល្បៈ និងមនុស្សសាស្រ្ត ៣-មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ៤-មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥- មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម ៦-មហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត -និស្សិតដែលបានប្រឡងបញ្ចប់ទាំង៥ជំនាន់ មានចំនួន ៤២០នាក់ នារី ១៨៨នាក់ ក្នុងនោះ បរិញ្ញាបត្រ ចំនួន ៣៣៧នាក់ បរិញ្ញាបត្ររង ចំនួន ៨៣នាក់។ -បានផ្តល់ការងារជូននិស្សិត ធ្វើការក្នុង ប៊ែលធី គ្រុបៈ និស្សិតដែលរៀនពូកែ ហើយមានបំណងចង់ធ្វើការត្រូវបាន ជ្រើសរើសឲ្យចូល បម្រើការងារនៅ ប៊ែលធី គ្រុប មានចំនួន៣៥១នាក់ នារី ១៨៧នាក់។ +ប៊ែលធីទំនាក់ទំនងអន្តរជាតិ ចាប់ផ្តើមបម្រើ សេវា០៣ធំៗដូចខាងក្រោម៖ ១-ការបញ្ជូនសិស្សទៅសិក្សាក្រៅប្រទេស ២-កម្មវិធីផ្លាស់ប្តូរនិស្សិត ៣-ការធ្វើកម្មសិក្សានៅក្រៅប្រទេស -សរុបសិស្ស-និស្សិតដែលបានបញ្ជូនពីប្រទេសកម្ពុជាទៅប្រទេស មានចំនួន ០៧នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រ ០៥នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ០២នាក់។ +ប៊ែលធីទេសចរណ៍ ចាប់ផ្តើមដំណើរការនៅខែមករា ឆ្នាំ២០១៣ ខាងមុខនេះ ដែលមានបម្រើ សេវា០៣ធំៗដូចខាងក្រោម៖ ១-ដំណើរទេសចរណ៍ក្នុងប្រទេសសម្រាប់ប្រជាជនកម្ពុជា និងជនបរទេសដែលកំពុងស្នាក់នៅធ្វើការក្នុងប្រទេសកម្ពុជា ២-ទទួលភ្ញៀវមកពីប្រទេសនានាចូលមកទស្សនាកម្ពុជា ៣-នំាភ្ញៀវពីកម្ពុជាទៅទេសចរណ៍ក្រៅប្រទេស។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន និងមានការឯកភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ ព្រមទាំងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបាវចនារបស់វិទ្យាស្ថាន “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” រហូតធ្វើអោយ វិទ្យាស្ថានមានការរីកចម្រើនជាបន្តបន្ទាប់និងទទួលបាននូវពានរង្វាន់អង្គភាពឆ្នើមពីអាស៊ាន លើកទី៧ ប្រចាំឆ្នាំ២០១២ ដែលរៀបចំឡើងដោយគណៈកម្មាធិការយុវជនអាស៊ាន ដែលមានប្រទេសថៃ ធើ្វជាម្ចាស់ផ្ទះ។ ម៉្យាងវិញទៀត ប៊ែលធី ក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពISO 9001-2008 កម្រិតជាតិ ដែលចេញដោយវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិ ដែលរៀបចំវាយតម្លៃដោយស្ថាប័នACM និងមានការទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាព នៃចក្រភពអង់គ្លេស(UKAS)។ ឯកឧត្តម បានបន្តទៀតថា ថ្ងៃនេះប៊ែលធី គ្រុប បានរៀបចំខួប១០ឆ្នាំ និងប្រគល់ពានរង្វាន់មាសការងារ និងលិខិតសរសើរ ដល់ថ្នាក់ដឹកនាំប៊ែលធី ដែលបានខិតខំធ្វើការអស់រយៈពេល១០ឆ្នាំ និងមានស្នាដៃឆ្នើមចូលរួមអភិវឌ្ឍប៊ែលធី ផងដែរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមអគ្គនាយក ក៏បានមានប្រសាសន៍ថា សមិទ្ធិផលដែលរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំរបស់វិទ្យាស្ថាននោះ គឺដោយសារប្រទេសជាតិមានស្ថេរភាពផ្នែកនយោបាយ និងមានសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដែលធ្វើអោយមានការរីកចម្រើននិងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាទីបញ្ចប់ឯកឧត្តមអគ្គនាយក និងលោកជំទាវ បានប្រគល់ពានរង្វាន់មាសការងារចំនួន១០នាក់ និងលិខិតសរសើរចំនួន១៣នាក់ ជូនដល់ថ្នាក់ដឹកនាំប៊ែលធីផងដែរ។ នាល្ងាចថ្ងៃដដែល ប៊ែលធី គ្រុប បានរៀបចំពីធីជប់លៀងអបអរសាទរខួប១០ ឆ្នាំ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ(អគារG&H) ដែលមានបុគ្គលិកចូលរួម១.១៧២នាក់ និងមានការផ្តល់ជូនការចាប់ឆ្នោតផ្សងសំណាង ព្រមទាំង ពិធីរាំលេងកំសាន្ត ក្រោមបរិយាសកាស សប្បាយរីករាយក្រៃលែង។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
_______________________________________________________________________