ប៊ែលធី សហការជាមួយអង្គការសម្ព័ន្ធយុវជនអន្តរជាតិ
រៀបចំការបោះជំរុំអន្តរជាតិលើកទី៣ ឆ្នាំ២០១២
នៅសាលសហសិក្សា នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រារព្ធធ្វើពិធីបោះជំរំអន្តរជាតិ លើកទី៣ ឆ្នាំ២០១២ ដែលបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសម្ព័ន្ធយុវជនអន្តរជាតិ សហការជាមួយប៊ែលធី គ្រុប បានបើកអោយដំណើរការបោះជំរុំអន្តរជាតិឆ្នាំ២០១២ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ដែលមានការចូលរួមពីសិស្ស-និស្សិតជាង២០០០នាក់ មកពីបណ្តាសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាទូទាំងរាជធានីភ្នំពេញ ក្នុងនោះសិស្សប៊ែលធី មានចំនួន ៥០៧នាក់ផងដែរ។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ការបោះជំរុំអន្តរជាតិក្រោមប្រធានបទ ”ការអប់រំដល់យុវជនតែលតោលគ្មានគោលដៅ” បានបើកដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម បានមានប្រសាសន៍ថា ការបោះជំរំអន្តរជាតិក្នុងពេលនេះ គឺជាព្រឹត្តិការណ៍មួយដែលអាចផ្តល់ឱកាសដ៏ល្អក្នុងការទទួលស្គាល់សក្តានុពល និងកំណត់ទិសដៅឆ្ពោះទៅពង្រឹង និងជំរុញការយកចិត្តទុកដាក់កាន់តែល្អប្រសើរសម្រាប់យុវជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពអប់រំផ្លូវចិត្ត, ពង្រឹងស្មារតី និងកសាងជំនឿជឿជាក់លើខ្លួនឯង ដើម្បីរួមចំណែកកសាងសហគមន៍,ប្រទេសជាតិ និងនៅលើពិភពលោក។ តាមរយៈការបោះជំរំនេះ គឺពិតជាបានជំរុញអោយមានការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ទាំងការយោគយល់ និងការជឿទុកចិត្តគ្នា ក្នុងបុព្វហេតុដើម្បីឈានទៅសម្រេចគោលដៅរួមរបស់យុវជន និងធ្វើការស្វែងយល់អោយកាន់តែច្បាស់ អំពីស្ថានភាពរបស់យុវជន ដើម្បីរួមចំណែកពង្រឹងគុណសម្បត្តិរបស់ពួកគេក្នុងក្របខណ្ឌ នៃការអប់រំសិទ្ធិចូលរួម, សមភាពយេនឌ័រ, ឱកាសការងារ និងសុខុមាលភាពនៅក្នុងសង្គមជាតិទាំងមូល។ នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីវាគ្មិនល្បីៗជាច្រើនរូប ដើម្បីមកចែករំលែកដល់ពិសោធន៍ដល់សិស្ស-និស្សិតដូចជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើបទបង្ហាញ ក្រោមប្រធានបទ ”យុវជន និងទីក្រុងស្អាត” និង“ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ប្លាស្ទីក(3R)” ដោយស្ម័គ្រចិត្ត លោកវីរសេនីយ៍ត្រី ចេវ ហាក់ នាយករងការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានធ្វើបទបង្ហាញ ក្រោមប្រធានបទ ”សុវត្ថិភាពចរាចរណ៍ផ្តើមចេញពីយុវជន” ឯកឧត្តម លី ឆេង សមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ នៃអង្គការសម្ព័ន្ធយុវជនអន្តរជាតិ និងជាអគ្គនាយក ប៊ែលធី គ្រុប បានធ្វើបទបង្ហាញ ក្រោមប្រធានបទ ”យុវជន និងភាពជាអ្នកដឹកនាំ”។ ជាពិសេស ក៏មានការបង្រៀនអំពី លោកីយនៃចិត្ត ដោយឯកឧត្តមបណ្ឌិត បាក់ អ៊ុកស៊ូ ស្ថាបនិករបស់អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ជារៀងរាល់ថ្ងៃ នៅក្នុងពិធីបោះជំរំអន្តរជាតិផងដែរ។ ជាទីបញ្ចប់ ឯកឧត្តម តូច ជឿន អគ្គនាយក អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់អង្គការសម្ព័ន្ធយុវជនអន្តរជាតិដែលបានមករៀបចំការបោះជំរំអន្តរជាតិលើកទី៣ ឆ្នាំ២០១២ ក្រោមប្រធានបទ ”ការអប់រំដល់យុវជនតែលតោលគ្មានគោលដៅ” ដែលបានធ្វើអោយយុវជនបានយល់ច្បាស់អំពីលោកីយនៃចិត្ត និងបានស្វែងរកទិសដៅសម្រាប់អនាគត។ ឯកឧត្តម ក៏បានបិទពិធីបោះជំរំជាអន្តរជាតិ ក្រោមបរិយាកាសស្និទស្នាល និងសប្បាយរីករាយក្រៃលែង។ នៅក្នុងឱកាសនោះដែរ គណៈប្រតិភូអង្គការសម្ព័ន្ធយុវជនពិភពលោក ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត បាក់ អ៊ុកស៊ូ រួមដំណើរដោយឯកឧត្តម លី ឆេង បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើសេចក្តីរាយការណ៍ពីសកម្មភាពការបោះជំរំអន្តរជាតិឆ្នាំ២០១២ នៅកម្ពុជា ក៏ដូចជាសកម្មភាពរបស់អង្គការសម្ព័ន្ធយុវជនអន្តរជាតិកន្លងមក។ ឯកឧត្តម សាយ ឈុំ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងសុំអោយគណៈប្រតិភូទាំងអស់សម្រេចកិច្ចការប្រកបដោយជោគជ័យក្នុងបេសកម្មជាប្រវត្តិសាស្រ្តនេះ និងសូមបន្តអោយមានការបោះជំរំអន្តរជាតិនេះ ធ្វើឡើងជារៀងរាល់ឆ្នាំកុំបីអាក់ខាន។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() |
__________________________________________________________________________