ពិធីសម្ពោធព្រះវិហារទើបជួសជុលថ្មី
នៅវត្តសំសមី ខេត្តព្រៃវែង
នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១២ នៅវត្តសំសមី នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង បានរៀបចំពិធីសម្ពោធឆ្លងព្រះវិហារទើបជួសជុលថ្មី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហាស់ សារ៉េត អភិបាល ខេត្តព្រៃវែង និងឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ ប៊ូ អ៊ា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ជាង៧០០នាក់។ តាមរបាយការណ៍របស់លោកយាយ ហែម ស៊ីម៉ន គណៈកម្មការវត្តសំសមី បានអោយដឹងថា ព្រះវិហារវត្តសំសមី ជាសំណង់ចាស់ ដែលបានសាងសង់ឡើងតាំងពីឆ្នាំ១៩១៩ និងមានសភាពចាស់ទ្រុឌទ្រោម ដូច្នេះ ព្រះសង្ឃក្នុងវត្ត អាចារ្យ គណៈកម្មការ ក៏បានផ្តួចផ្តើមជួសជុល និងមានការជួយឧបត្ថម្ភថវិការបស់ ឯកឧត្តម លី ឆេង និងលោកជំទាវ ប៊ូ អ៊ា ព្រមទាំងពុទ្ធបរិស័ទ និងរួចរាល់ជាស្ថាពរ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២។ លោកយាយ បានបន្តទៀតថា កន្លងមកវត្តសំសមី ត្រូវបានឯកឧត្តម លី ឆេង បានផ្តួចផ្តើមកសាងសមិទ្ធិផលនានានៅក្នុងវត្តតាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន ដែលសរុបថវិកាទាំងអស់ចំនួន ៣០១.៥៦៩ដុល្លា និងធ្លាប់បានប្រារព្ធពិធីសម្ពោធឆ្លងសមិទ្ធិផលទាំងនោះចំនួន ០២លើករួចមកហើយៈ -លើកទី១: នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០០១ សម្ពោធឆ្លងពុទ្ធិកសាលាបឋមសិក្សា ដែលផ្តួចផ្តើម និងឧបត្ថម្ភថវិកាដោយឯកឧត្តម លី ឆេង និងលោកជំទាវ និងក្រុមគ្រួសារ សរុបថវិកាៈ ២៧.៥៨៦ ដុល្លា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលជាតំណាងដ៏ខ្ពងខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ -លើកទី២: នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១០ សម្ពោធរបងវត្តប្រវែង៦៤៧ម៉ែត្រ កុដិថ្មពីរជាន់០១ខ្នង មាន១២បន្ទប់ វច្ចកុដិ ខ្លោងទ្វារ ផ្លូវបេតុង ចាក់សាបក្នុងបរិវេណវត្តដែលឧបត្ថម្ភដោយឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទសរុបថវិកាៈ ១៩៧.៨៧៦ ដុល្លា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុង សាមី អភិបាល ខេត្តព្រៃវែង និងឯកឧត្តម លី ឆេង និងលោកជំទាវ។ ហើយថ្ងៃនេះ ជាលើកទី៣ ដែលវត្តសំសមីបានរៀបចំពិធីសម្ពោធព្រះវិហារទើបជួសជុលថ្មី សរុបថវិកាៈ ៦១.១១៧ដុល្លា និងបានចាក់សាបផ្លូវបេតុង ចាក់ដី ចាក់ខ្សាច់ភ្នំ ធ្វើប្រព័ន្ធលូ សរុបថវិកាៈ ១៤.៩៩០ដុល្លា ដែលឧបត្ថម្ភដោយឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហាស់ សារ៉េត អភិបាល ខេត្តព្រៃវែង និងឯកឧត្តម លី ឆេង និងលោកជំទាវ។ បន្ទាប់មក ឯកឧត្តម លី ឆេង បានឡើងមានចំណាប់អារម្មណ៍ ដោយរៀបរាប់អំពីប្រវត្តិនៃការកសាងសមិទ្ធិផលនានានៅក្នុងវត្ត ចាប់តាំងពីឆ្នាំ១៩៨០ ដែលឪពុករបស់ឯកឧត្តមធ្វើជាប្រធានភូមិលេខ៣ និងក្រោយមកទើបនៅឆ្នាំ២០០០ ឯកឧត្តម ក៏បានបន្តកសាងសមិទ្ធិផលនានានៅក្នុងវត្ត រហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តម ក៏បានប្រកាសបន្តកសាងរបងវត្ត និងពុទ្ធិកមហាវិទ្យាល័យ នៅវត្តសុវណ្ណរង្សី បន្ថែមទៀត។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ថា ក្មួយៗជាទំពាងស្នងឫស្សីសម្រាប់ទ្រទ្រង់ប្រទេសជាតិ ដូច្នេះត្រូវខិតខំរៀនសូត្រ ដោយអនុវត្តតាម គោលការណ៍រៀនមាន៣គឺ រៀនពីសាលា រៀនពីការងារ និងរៀនដោយខ្លួនឯង និងត្រូវប្រព្រឹត្តតែអំពើល្អ គឺប្រព្រឹត្តអំពើល្អសម្រាប់ខ្លួនឯង ប្រព្រឹត្តអំពើល្អសម្រាប់គ្រួសារ ប្រព្រឹត្តអំពើល្អនៅក្នុងសង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈកុលបុត្រខ្មែរដ៌ឆ្នើម និងជាប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងការដឹកនាំនាវាកម្ពុជាឈានទៅរកការអភិវឌ្ឍ និងរីកចម្រើនគ្រប់វិស័យ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ហាស់ សារ៉េត អភិបាល ខេត្តព្រៃវែង បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបានថ្លែងអំណរគុណចំពោះឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភជ្រោមជ្រែងទាំងស្មារតី សម្ភារៈ និងថវិកាក្នុងការផ្តួចផ្តើមគំនិតកសាងសមិទ្ធិផលនានាកន្លងមក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទ្រទ្រង់ផ្នែកពុទ្ធចក្រ និងដើម្បីបម្រើផលប្រយោជន៍ដល់ពុទ្ធសាសនិកជនផងដែរ។ បន្ទាប់មក ឯកឧត្តម ហាស់ សារ៉េត និងឯកឧត្តម លី ឆេង និងលោកជំទាវ ក៏បាននាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរុបថវិកា៨.៣៩០.០០០៛ ក្រណាត់ស១០០ដុំ សៀវភៅ៧០០ក្បាល និងប៊ិច៧០០ដើម សម្រាប់ប្រគេនបច្ច័យកសាង៥វត្ត ក្នុងមួយវត្ត៥០០.០០០៛ ទេយ្យទានសម្រាប់ព្រះសង្ឃ៧អង្គ ក្នុងមួយអង្គ២០.០០០៛ និងទេយ្យវត្ថុ ១អង្គ១កញ្ចប់ តាជី យាយជី១០០នាក់ ក្នុងម្នាក់១០.០០០៛ និងក្រណាត់សក្នុងម្នាក់១ដុំ លោកគ្រូ-អ្នកគ្រូ១០០នាក់ ក្នុងម្នាក់ ៣០.០០០៛ និងសិស្សានុសិស្ស៣៥០នាក់ ក្នុងម្នាក់ ៥.០០០៛ និងសៀវភៅ២ក្បាល និងប៊ិច២ដើមផងដែរ។ ជាទីបញ្ចប់ ឯកឧត្តម ហាស់ សារ៉េត និងឯកឧត្តម លី ឆេង និងលោកជំទាវ បានផ្តល់កិត្តិយសកាត់ខ្សែបូ និងដាក់សម្ពោធព្រះវិហារអោយប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅផងដែរ។ ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
__________________________________________________________________________