ប៊ែលធី គ្រុប ទទួលបានពានរង្វាន់ជាអង្គភាពឆ្នើមពីអាស៊ាន
នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ គណៈប្រតិភូប៊ែលធី ដឹកនាំដោយ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានត្រឡប់មកពីចូលរួមទិវាជួបជុំយុវជនអាស៊ានលើកទី១៨ (The 18th ASEAN Youth Day Meeting) និងកម្មវិធីពានរង្វាន់អាស៊ានតាយូលើកទី៧ (7th TAYO ASEAN Award) នៅទីក្រុងបាងកក ប្រទេសថៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១៧ កញ្ញា ដល់ថ្ងៃទី២១ កញ្ញា ឆ្នាំ២០១២ ដែលរៀបចំឡើងដោយគណៈកម្មាធិការយុវជនអាស៊ាន ដែលប្រទេសថៃធើ្វជាម្ចាស់ផ្ទះ ដើម្បីប្រគល់ពានរង្វាន់ជូនអង្គភាពឆ្នើម ចំនួន ១០អង្គភាព និងយុវជនឆ្នើមចំនួន១០នាក់ មកពីបណ្តាប្រទេសអាស៊ានទំាង១0 ព្រមទំាងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និងយុវជនថៃរាប់ពាន់នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យ៉ុងយ៉ុត វិឆៃឌីត ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។ ឯកឧត្តម លី ឆេង បានមានប្រសាសន៍ថា ការផ្តល់ពានរង្វាន់នេះ ធ្វើឡើងដោយលក្ខណៈវិនិឆ័យ២៖ ១. ជួយកិច្ចការសង្គមៈ ដូចជាកាកបាទក្រហម ការបរិច្ចាគឈាម សាងសង់វត្តអារាម សាលារៀន ស្ពាន ថ្នល់ ជួយឧបត្ថម្ភដល់កងទ័ពនៅតាមព្រំដែន(ព្រះវិហារ) ជួយឧបត្ថម្ភមូលនិធិ ផ្សេងៗទាំងថវិកា និងស្មារតី ព្រមទាំងជួយដល់ជនក្រីក្រ។ ២. ជួយផ្នែកយុវជនៈ ក- បណ្តុះបណ្តាលធនធានមនុស្ស មានពីបឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ខ- អប់រំសីលធម៌រស់នៅ អោយយល់ដឹងពីច្បាប់ចរាចរណ៍ ជំងឺអេសដ៍ គ្រោះថ្នាក់គ្រឿងញៀន ច្បាប់ប្រឆាំងអំពើពុករលួយ បរិស្ថាន ទីក្រុងស្អាត និងឆ្នេរសមុទ្រស្អាត គ- កិច្ចការជាអន្តរជាតិ បញ្ជូនយុវជនកម្ពុជាទៅបោះជំរុំជាអន្តរជាតិ ចូលរួម កម្មវិធីអង្គការនានាជាអន្តរជាតិ និងចូលរួមសិក្ខាសាលាផ្សេងៗនៅក្រៅប្រទេស ឃ- ផ្តល់ការងារជូនយុវជនទៅតាមកម្រិតចំណេះដឹងរបស់ពួកគេ។ ក្នុងនោះ ប៊ែលធីគ្រុប បានផ្តល់ការងារដល់យុវជនចំនួនជាង១៥០០នាក់ រួមមានៈ ផ្នែកសំណង់ ជាង២០០នាក់ វិទ្យាស្ថានជាង១១០០នាក់ និងសាកលវិទ្យាល័យជាង២០០នាក់។ ឯកឧត្តម បានបន្តទៀតថា ពានរង្វាន់អង្គភាពឆ្នើម ដែលប៊ែលធី គ្រុបទទួលបានក្នុងពេលនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនំា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកប៊ែលធីទាំងអស់ក្នុងការបំពេញកិច្ចការរបស់ខ្លួន ដែលធ្វើអោយប៊ែលធីមានការរីកចម្រើនឥតឈប់ឈរ។ ពេលនោះឯកឧត្តម ក៏បានទទួលពានរង្វាន់ អង្គភាពឆ្នើម និងលោក ចាន់ សុផល ប្រធានសមាគមយុវជននាវាអាស៊ាន ក៏ទទួលបានពានរង្វាន់ យុវជនឆ្នើម ផងដែរ ដែលប្រគល់ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តីថៃ ផងដែរ។ ពានរង្វាន់អង្គភាពឆ្នើមនេះ មិនមែនត្រឹមតែជាកិត្តិយសរបស់ប៊ែលធីប៉ុណ្ណោះទេ ប៉ុន្តែជាកិត្តិយសរបស់ជាតិ និងប្រជាជនកម្ពុជាទំាងមូលផងដែរ។ ការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះគឺ ដោយសារមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជំរុញអោយអង្គភាពទាំងអស់ធ្វើការប្រកួតប្រជែង ដើម្បីអភិវឌ្ឍសង្គមអោយដើរទាន់ចលនាសាកលភាវូបនីកម្ម ។ ឯកឧត្តមក៍បានថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនំាក្រសួងអប់រំទាំងអស់ ដែលបានផ្តល់ឱកាស និងជ្រើសរើសប៊ែលធីអោយទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អង្គភាពឆ្នើមនេះ។ ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
__________________________________________________________________________