ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា2012-2013 និងពិធីប្រគល់
វិញ្ញាបនបត្រជូនដល់សិស្ស “ភាសាអង់គ្លេស អន្តរជាតិ និង
ភាសាអង់គ្លេសទូទៅ កម្រិតទី៦ និងទី១២“
នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១២ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីបើកបវេសនកាលចំណេះទូទៅឆ្នាំសិក្សា២០១២-២០១៣ និងវគ្គថ្មីភាសាអង់គ្លេសជំនាន់ទី២៥ ព្រមទាំងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សភាសាអង់គ្លេសកម្រិតអន្តរជាតិ(TOEFL & IELTS) Level 12 និងLevel 6 ចំនួន ១.០៣៣នាក់ នារី៥៤១នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម លី ឆេង បានធ្វើរបាយការណ៍ថាៈ វិទ្យាស្ថានមានគណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ បម្រើការសរុប ១.០៧១នាក់ នារី ៣៦១នាក់ និងមានសិស្ស-និស្សិតសិក្សាក្នុងឆ្នាំសិក្សា២០១១-២០១២មានចំនួន ២១.៣៥២នាក់ នារី ៩.៧២៦នាក់។ បច្ចុប្បន្ននេះ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានពង្រីកសាខារបស់ខ្លួនចំនួន១៣កន្លែងក្នុងរាជធានីភ្នំពេញ ក្នុងនោះ១១សាខាកំពុងដំណើរការ និង0២សាខាទៀតកំពុងសាងសង់។ ដោយមានការរីកចម្រើនជាបន្តបន្ទាប់ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ក៏បានសាងសង់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) ស្ថិតនៅអគារ២១ ផ្លូវ៣៦០ ខាងលិចឡានទឹក ប្រហែល១០០ម៉ែត្រ កំពស់១២ជាន់ មាន៩៦បន្ទប់ និងមានជាន់ក្រោមដីមួយជាន់ (Basement) សម្រាប់ធ្វើជាចំណត ដែលនឹងគ្រោងបើកឲ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ខាងមុខ និងមាន៦មហាវិទ្យាល័យធំៗដូចជាៈ ១-មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ២-មហាវិទ្យាល័យអប់រំ សិល្បៈ និងមនុស្សសាស្រ្ត ៣-មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ៤-មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥-មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម ៦-មហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត។ លទ្ធផលបណ្តុះបណ្តាលគិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០១២: ១-ចំណេះទូទៅៈ ឆ្នាំនេះសិស្សថ្នាក់ទី៩: បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ចំនួន៦៩៤នាក់ ជាប់៦៨៦នាក់ធ្លាក់០៤នាក់ អវត្តមាន០៤នាក់ ស្មើនឹង៩៩%។ រីឯសិស្សថ្នាក់ទី១២: ចំនួន ៨៣៣នាក់ នឹងត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ០៦ ខែសីហា ខាងមុខនេះ។ សិស្សឈ្មោះ ធូ រេនេច ថ្នាក់ទី១២ ទទួលបានជ័យលាភីលេខ៣ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានីភ្នំពេញ និងលេខ៩ ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ហើយក៏ទទួលបាននូវរង្វាន់លើកទឹកចិត្តពីវិទ្យាស្ថានចំនួន $500 និងលោកគ្រូភាសាខ្មែរថ្នាក់ទី១២ ដែលមានស្នាដៃល្អក្នុងការបង្រៀន ក៏ទទួលបានរង្វាន់លើកទឹកចិត្តចំនួន$500 ផងដែរ។ ក្នុងឆ្នាំនេះដែរ ប៊ែលធីក៏បានបញ្ជូនថ្នាក់ដឹកនាំ និងសិស្សថ្នាក់ទី១១ ចំនួន១០៣នាក់ ទៅចូលរួមការបោះជំរុំជាអន្តរជាតិនៅប្រទេសកូរ៉េ ដែលមានរយៈពេល ២០ថ្ងៃ។ សរុបសិស្សថ្នាក់ទី១២ ដែលបានប្រឡងចេញទាំង០៧ឆ្នាំ (២០០៥-២០១២) មានចំនួន២.៨៩៩នាក់ នារី១.២៨៣នាក់។ ២-ភាសាអង់គ្លេសទូទៅៈ សិស្សLevel12: បានប្រឡងបញ្ចប់វគ្គទី២៣និងទី២៤ មានចំនួន២៨០នាក់។ សរុបសិស្ស Level12 បានប្រឡងបញ្ចប់ទាំង២៤ជំនាន់ មានចំនួន១.៩០២នាក់ នារី១.០៥៦នាក់។ ៣-មហាវិទ្យាល័យភាសាបរទេសៈ បានប្រឡងបញ្ចប់ទាំង៤ជំនាន់ មានចំនួន ២៧៨នាក់ នារី ១២៨នាក់ ។ ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រៈ បានប្រឡងបញ្ចប់វគ្គមានចំនួន ៤.៩៧៣នាក់ នារី ២.១៤៦នាក់។ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ(TOEFL, IELTS &Password): បានប្រឡងបញ្ចប់តេស្តអន្តរជាតិមានចំនួន ២៦៣នាក់ នារី ១២៣នាក់ ។ ៦-ចំនួនសិស្ស-និស្សិត ដែលផ្ទេរចេញពីប៊ែលធី ទៅសិក្សានៅបរទេសៈ មានចំនួន ២០៧នាក់ នារី១០១នាក់ ។៧-ប៊ែលធី គ្រុប ផ្តល់ការងារជូននិស្សិត គិតត្រឹមថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១២ មានចំនួន៣២១នាក់ នារី ១៧៩នាក់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ាន បូរ៉ាត បានធ្វើការសំណេះសំណាល និងផ្ញើក្តីនឹករលឹកនិងសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ ជូនដល់ ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិក និង សិស្សានុសិស្សទាំងអស់របស់វិទ្យាស្ថាននាពេលនោះផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនរុងរឿងទៅបាន គឺទាមទារជាចាំបាច់បំផុត នូវការកំណត់គោលដៅជាអាទិភាពទៅលើការកសាងគ្រឹះដ៏រឹងមាំនៃកត្តាធនធានមនុស្ស។ ឆ្លងតាមរយៈនេះ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតនោះ គឺបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ បែរឆ្ពោះទៅរកការស្តារ ការកសាង និងការអភិវឌ្ឍ ដោយក្នុងនោះ ការលើកកម្ពស់វិស័យអប់រំ គឺជាវិស័យអាទិភាពចម្បង ដើម្បីប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមួយរីកចម្រើនជឿនលឿន ប្រកបដោយធនធានមនុស្សយ៉ាងសម្បូរបែបសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តម ស៊ាន បូរ៉ាត ក៏បានថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តមអគ្គនាយក ប៊ែលធី គ្រុប គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន និងមានការឯកភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ រហូតធ្វើអោយវិទ្យាស្ថានមានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរដោយធានាបាននូវនិរន្តភាពនៃការបណ្តុះបណ្តាល និងឈរលើគោលការណ៍គុណភាពជាចម្បង ស្របតាមទស្សនៈវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាទីបញ្ចប់ឯកឧត្តមប្រធានគណៈអធិបតីបានប្រគល់វិញ្ញាបនបត្រអន្តរជាតិ ចំនួន ១២នាក់ វិញ្ញាបនបត្រកម្រិតទី១២ ចំនួន២៨០នាក់ និងកម្រិតទី៦ ចំនួន ៧៤១នាក់ ផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |