អង្គភាពប្រឆាំងអំពើពុករលួយ បានចុះផ្សព្វផ្សាយច្បាប់
ស្តីពីការប្រឆាំងអំពើពុករលួយ នៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ អង្គភាពប្រឆាំងអំពើពុករលួយ បានចុះផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ នៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ។ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍ សង្ខេបអំពីសកម្មភាព របស់វិទ្យាស្ថាន ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីមានតែ០១ទីតាំង រហូតពង្រីកបាន ចំនួន១១ទីតាំង ក្នុងរាជធានីភ្នំពេញ និងមានសិស្ស-និស្សិត កំពុងសិក្សា២០.៩៦៧នាក់ នារី៨.៩៦៦នាក់។ ឯកឧត្តម បានថ្លែងអំណរគុណដល់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចុះមកផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំង អំពើពុករលួយ ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុប អោយបានយល់ច្បាស់អំពីច្បាប់ប្រឆាំងអំពើពុករលួយ។ ឯកឧត្តម បានមានប្រសាសន៍ បន្ថែមទៀតថា ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការជួយសម្រួលការ អនុវត្តស្តីពីយន្តការអប់រំ បង្ការ និងទប់ស្កាត់ គឺជាវិធានការមួយដ៏មានសារៈសំខាន់បំផុត ព្រោះថា ការបង្កើន នូវការយល់ដឹងអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្នុងចំណោមប្រជាពលរដ្ឋ និងការបង្កើននូវភាពជាដៃគូ ជាមួយភាគីពាក់ព័ន្ធ គឺបង្ហាញនូវប្រសិទ្ធភាពខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ចំពោះមុខនេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងត្រូវចុះអនុ-ស្សរណៈ នៃការយោគយល់គ្នា ជាមួយគណបក្សនយោបាយ និងសង្គមស៊ីវិល ដើម្បីចូលរួមអនុវត្ត នៅតាមចំណុចភូមិសាស្រ្ត ជាក់ស្តែង ក្នុងរដ្ឋបាលមូលដ្ឋាន ដូចជា ឃុំ-សង្កាត់ ក្រុង ស្រុក ខណ្ឌ ក្នុងទូទាំងរាជធានី-ខេត្ត។ ការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង អង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធទាំងអស់ គឺជាសញ្ញាវិជ្ជមាន នៃការប្រមូលផ្តុំនូវកម្លាំងធនធានរួម ដើម្បីចូលរួមធ្វើការផ្សព្វផ្សាយ អប់រំ បង្ការ និងទប់ស្កាត់ការយកកម្រៃមិនស្របច្បាប់លើគ្រប់សេវាសាធារណៈ ទាំងឡាយ ពិសេសគឺនៅតាមឃុំ-សង្កាត់។ ដោយហេតុថា ការយកកម្រៃក្រៅផ្លូវការនេះ គឺបានធ្វើអោយប៉ះពាល់ដល់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ហើយយុទ្ធនាការនេះមានរយៈពេល ០៦ខែ សម្រាប់ជំហានទីមួយ គឺចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០១២។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |