ប៊ែលធី គ្រុប ចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU)
ជាមួយនឹងអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF)
នៅសាលសន្និសីទ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ សាខាទី៩ (ស្ទឹងមានជ័យ) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ ធ្វើពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU) រវាង ប៊ែលធី គ្រុប ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន អង្គភាពប្រឆាំង អំពើពុករលួយ។ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានធ្វើរបាយការណ៍ថាៈ ដោយមានការរីកចម្រើន ជាបន្តបន្ទាប់ វិទ្យាស្ថាន ក៏បានពង្រីកទីតាំងបាន ចំនួន១១កន្លែង ក្នុងរាជធានីភ្នំពេញ និងមានសិស្ស-និស្សិតកំពុងសិក្សា ២០.៩៦៧នាក់ នារី៨.៩៦៦នាក់។ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ក៏បានបង្កើតជា ប៊ែលធី គ្រុប ដែលមានបម្រើសេវាធំៗ ៣ដូចជាៈ ឯកឧត្តម បានបន្តទៀតថា កន្លងមក វិទ្យាស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយនឹងសាកល វិទ្យាល័យធំៗ ០៥រួចហើយដូចជាៈ សាកលវិទ្យាល័យ Regent’s College London សាកលវិទ្យាល័យ York Saint John និងមហាវិទ្យាល័យCambridge Tutors College នៃចក្រភពអង់គ្លេស ព្រមទាំងសាកលវិទ្យាល័យ KUALA LUMPUR និងសាកលវិទ្យាល័យ TAYLOR នៃប្រទេសម៉ាឡេស៊ី ហើយថ្ងៃនេះ វិទ្យាស្ថាន ក៏បានចុះអនុស្សរណៈយោគយល់ បន្ថែមមួយទៀត ជាមួយនឹងអង្គការសម្ព័ន្ធយុវជន អន្តរជាតិ ក្នុងគោលបំណងដូចជាៈ ១-អប់រំបណ្តុះបណ្តាលយុវជន អោយមានស្មារតីស្ម័គ្រចិត្ត មានភាពជាអ្នកដឹកនាំ និងជួយអ្នកដទៃ ដើម្បីអោយក្លាយទៅជាអ្នកដឹកនាំ ជំនាន់ក្រោយយ៉ាងល្អប្រសើរ ២-ដោះស្រាយបញ្ហាយុវជន ដែលកំពុងបង្កបញ្ហា ដល់សង្គម គ្រួសារ និងអនាគត របស់គេផ្ទាល់ ៣-បណ្តុះស្មារតី ចិត្ត គំនិត របស់យុវជនអោយប្រព្រឹត្តល្អ មានសីលធម៌ និងមានសេចក្តីសង្ឃឹម ៤-ធ្វើអោយយុវជន លើពិភពលោកមានឆន្ទៈ ធ្វើកិច្ចសហប្រតិបត្តិការ រួមគ្នា ៥-លើកកម្ពស់សុខមាលភាពសង្គម និងផលប្រយោជន៍សាធារណៈ ៦-ជ្រើសរើស និងបញ្ជូនសិស្ស-និស្សិត របស់ប៊ែលធី គ្រុប យ៉ាងតិច ១០០នាក់ ក្នុងមួយឆ្នាំ ដើម្បីបានចូលរួម ក្នុងកម្មវិធី របស់អង្គការសម្ព័ន្ធយុវជន អន្តរជាតិ ដូចជា ការបោះជំរុំជាតិ និងការបោះជំរុំអន្តរជាតិ នៅតាមបណ្តាប្រទេសនានា នៅលើពិភពលោក។ បន្ទាប់មកលោក ហា ឈើល ប្រធានអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ប្រចាំនៅកម្ពុជា បានធ្វើការចាប់អារម្មណ៍ថាៈ លោកមានក្តីសប្បាយរីករាយណាស់ ដោយ ប៊ែលធី គ្រុប បានរៀបចំពិធី ចុះហត្ថលេខាលើអនុស្សរណៈ ជាមួយនឹងអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ។ លោកសង្ឃឹមជឿជាក់ថា ឆ្លងតាមរយៈការចុះ ហត្ថលេខា លើអនុស្សរណៈ នេះនឹងបង្កើតបាននូវកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតរវាងអង្គការសម្ព័ន្ធយុវជនអន្តរជាតិ និងប៊ែលធី គ្រុប ដើម្បីទទួលបានលទ្ធផលកម្រិតអតិបរមា ក្នុងការអភិវឌ្ឍនិស្សិតរបស់ ប៊ែលធី តាមរយៈកម្មវិធីជាច្រើន របស់អង្គការប្រកបដោយជោគជ័យ។ នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ាន បូរ៉ាត ទីបឹ្រក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០០៤ អង្គការសម្ព័ន្ធយុវជន អន្តរជាតិ បានចុះអនុស្សារណៈយោគយល់ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ហើយក្នុងឆ្នាំ២០១០ អង្គការនេះ បានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងកម្មវិធីអ្នកស្ម័គ្រចិត្ត។ ចំណែកនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១២នេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ ដោយមានលោកបណ្ឌិត អ៊ុកស៊ូ ប៉ាក់ ក៏បានចុះអនុស្សារណៈ ជាមួយ ប៊ែលធី គ្រុប។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា គោលបំណងសំខាន់នៃការចុះអនុស្សារណៈ រវាងអង្គការសម្ព័ន្ធយុវជន អន្តរជាតិ ជាមួយ ប៊ែលធី គ្រុប នាឱកាសនេះ គឺជាការជំរុញឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត ក្នុងការបណ្តុះបណ្តាល យុវជនឲ្យមានស្មារតីស្ម័គ្រចិត្ត ស្មារតីទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំសម្រាប់អនាគត។ ការលើកកម្ពស់ស្ថានភាពយុវជន គឺជាការដោះស្រាយបញ្ហារបស់យុវជន ដើម្បីឲ្យពួកគេប្រព្រឹត្ត នូវអំពើល្អ មានសីលធម៌ល្អ និងមានសេចក្តីសង្ឃឹមក្នុងជីវិត ពោលគឺ ធ្វើឲ្យពួកគេក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដើម្បីចូលរួមចំណែកបន្តក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលមាគ៌ានយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកប ដោយគតិបណ្ឌិតដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត។ បន្ទាប់មក ខ្សែវិដេអូអំពីជីវប្រវត្តិសង្ខេប របស់លោកបណ្ឌិត អ៊ុកស៊ូ ប៉ាក់ ស្ថាបនិក អង្គការសម្ព័ន្ធយុវជនអន្តរជាតិ ចាប់តាំងពីនៅក្មេង រហូតដល់ទទួលបានជោគជ័យនា ពេលបច្ចុប្បន្ន ក៏បានដាក់បញ្ចាំង ក្នុងអង្គពិធីដើម្បីទស្សនាស្វែងយល់ ហើយលោកបណ្ឌិត អ៊ុកស៊ូ ប៉ាក់ បានបង្រៀនពីការអប់រំចិត្ត ដល់អង្គពិធី ដោយសង្កត់ធ្ងន់ទៅលើការយល់ដឹងអំពីលោកិយនៃចិត្ត សំដៅអប់រំយុវជន អោយចេះរស់នៅយល់ចិត្តគ្នា ចេះអធ្យាស្រ័យគ្នា ចេះជួយគ្នាទៅវិញទៅមក ជៀសវាងទំនាស់ ផ្សេងៗដែលកើតឡើងដោយការមិនយល់ចិត្តគ្នា ជាពិសេស អប់រំយុវជនអោយរស់នៅ ដោយមានគោលដៅក្នុងជីវិតច្បាស់លាស់។ តាមរយៈការចុះអនុស្សរណៈក្នុងថ្ងៃនេះ លោកបណ្ឌិត នឹងខិតខំធ្វើយ៉ាងណាអោយសិស្ស-និស្សិតប៊ែលធី បានចូលរួមសកម្មភាពនានា របស់អង្គការសម្ព័ន្ធយុវជនអន្តរជាតិ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ នេះអោយកាន់តែល្អប្រសើរថែមទៀត។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង និងលោកបណ្ឌិត អ៊ុកស៊ូ ប៉ាក់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និង បានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក នាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |