ពិធីសូត្រមន្តបើកអោយដំណើរការវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី១១(សាខាផ្សារតូច)
ថ្នាក់ដឹកនាំ និងបុគ្គលិក របស់ប៊ែលធី គ្រុបទាំងអស់ បានប្រារព្ធពិធីសូត្រមន្ត ដើម្បីបើកអោយដំណើរការនូវវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី១១ (សាខាផ្សារតូច) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ ដែលមានអាសយដ្ឋានអគារលេខ ១៧៩៦ ផ្លូវជាតិ លេខ៥ សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទាំងអស់។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង ក៏បានបញ្ជាក់ផងដែរថាៈ អគារសាខាទី ១១នេះ មានកំពស់ ៧ជាន់ និង មានជាន់ក្រោមដី(Basement) សម្រាប់ធ្វើជាចំណតកង់-ម៉ូតូ មានបន្ទប់សិក្សាចំនួន ៦០បន្ទប់ ហើយដំបូល ខាងលើ គឺជាទែរ៉ាស់សម្រាប់ហាត់ប្រាណ និងសិស្សលំហែកាយពេលចេញលេងម្តងៗ។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមទៀតថាៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានបង្កើតឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០២ បច្ចុប្បន្ន មានទីតាំងចំនួន ១១កន្លែង ដែលជាកម្មសិទ្ធិ របស់ប៊ែលធី និងមានគណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ បម្រើការ សរុបចំនួន ៩៣០នាក់ នារី ៣៤៩នាក់ ព្រមទាំងសិស្ស-និស្សិត កំពុងសិក្សាចំនួន ២០.៥៤៧នាក់ ក្នុងនោះនារី ៩.៨៤៦នាក់។ វិទ្យាស្ថាន បានបង្កើតជា ប៊ែលធី គ្រុប តាមវិញ្ញាបនបត្រក្រសួងពាណិជ្ជកម្ម លេខ១៨១២ ពណ.នតក ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០០៧ ដែលមានបម្រើសេវាធំៗ ៣ដូចជាៈ ១-ប៊ែលធីសំណង់ ២-ប៊ែលធីទេសចរណ៍ ៣-ប៊ែលធីអប់រំ ដោយឡែក ប៊ែលធីអប់រំបាន ចែកចេញជា ៣ផែ្នកធំៗគឺៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងប៊ែលធីទំនាក់ទំនងអន្តរជាតិ។ ក-វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ អគារមានកំពស់៧ជាន់ និងមានបងៀ្រន៥កម្មវិធីសិក្សាធំៗដូចជាៈ ១-ចំណេះទូទៅ(ថ្នាក់ទី១-១២) ២-ភាសាអង់គ្លេសទូទៅ(គ្រប់កម្រិត) ៣-មហាវិទ្យាល័យភាសាបរទេស ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ(TOEFL & ICDL) ខ-សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ អគារមានកំពស់ ១២ជាន់ ដែលមាន ៦មហាវិទ្យាល័យធំៗ ដូចជាៈ ១- មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ២-មហាវិទ្យាល័យអប់រំ សិល្បៈ និងមនុស្សសាស្រ្ត ៣-មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ៤-មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥- មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម ៦-មហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត គ-ប៊ែលធីទំនាក់ទំនងអន្តរជាតិ មានទីតាំង ស្ថិតនៅ ប៊ែលធីទី១០ (សាខាអាងទឹកអូឡាំពិក) និងមានបម្រើសេវាដូចជា៖ ១-ការបញ្ជូនសិស្ស ទៅសិក្សាក្រៅប្រទេស ២-កម្មវិធីផ្លាស់ប្តូរនិស្សិត ៣-ការធ្វើកម្មសិក្សានៅក្រៅប្រទេស ៤-ការអភិវឌ្ឍស្ថាប័ន។ ប៊ែលធីទំនាក់ទំនង អន្តរជាតិ នេះក៏មានភារកិច្ចធ្វើការទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗ នៅឯក្រៅប្រទេសដូចជាៈ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងប្រទេសនានា មួយចំនួនទៀតនៅលើពិភពលោក ដើម្បីចុះអនុស្សរណៈយោគយល់(MOU) រវាងប៊ែលធី និងសាកលវិទ្យាល័យ ក្រៅប្រទេសទាំងនោះ ដោយអនុវត្ត តាមគោលការណ៍ស្តង់ដារអន្តរជាតិ ដូចជាការបញ្ជូននិស្សិត ទៅសិក្សានៅក្រៅប្រទេសរយៈពេល១ឆមាស១ឆ្នាំ, ឬតាមកម្មវិធីៈ១+៣,២+២, ឬ៣+១ មានន័យថាៈ សិស្សបញ្ចប់ថ្នាក់ ឆ្នាំសិក្សាមូលដ្ឋាន នៅប៊ែលធី អាចបន្តការសិក្សានៅឯសាកលវិទ្យាល័យ ក្រៅប្រទេសក្នុងឆ្នាំទី២, ឆ្នាំទី៣ ឬឆ្នាំចុងក្រោយ ដើម្បីប្រឡងយក សញ្ញាបត្របរិញ្ញាបត្រពីសាកល វិទ្យាល័យ ទាំងនោះដោយស្វ័យប្រវត្តិ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់សិស្ស-និស្សិត មាតា បិតា និងអាណាព្យាបាល ដែលតែងតែគាំទ្រ និងមានជំនឿទុកចិត្តចំពោះវិទ្យាស្ថាន ដែលធ្វើអោយ វិទ្យាស្ថាន មានការរីកចម្រើន ជាបន្តបន្ទាប់រហូត ដល់សព្វថ្ងៃ ហើយសិស្ស-និស្សិត ដែលបានរៀននៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ គឺប្រកបដោយគុណភាពអប់រំខ្ពស់ ស្របតាមបាវចនា “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។ ជាទីបញ្ចប់ ឯកឧត្តម បានប្រកាសបើកអោយដំណើរការជាផ្លូវការនូវ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី១១ (សាខាផ្សារតូច) ចាប់ពីថ្ងៃនេះតទៅ។ |