វិទ្យាស្ថានប៊ែលធី អន្តរជាតិ សហការរៀបចំពិធី
“ពិព័រណ៍អប់រំថ្នាក់ឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី”
វិទ្យាស្ថានប៊ែលធី អន្តរជាតិ សហការរៀបចំពិធី “ពិព័រណ៍អប់រំថ្នាក់ឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី” ពិព័រណ៍អប់រំថ្នាក់ឧត្តមសិក្សា នៃប្រទេសម៉ាឡេស៊ី ត្រូវបានរៀបចំឡើង នៅសាលសន្និសីទ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី0៤-០៥ខែធ្នូ ឆ្នាំ២០១០ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Pengiran Hj. Mohd Hussein ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញ ចូលរួមពីតំណាង សាកលវិទ្យាល័យទាំង១៥ មកពីប្រទេសម៉ាឡេស៊ី ព្រមទាំងថ្នាក់ដឹកនាំប៊ែលធីទាំងអស់។ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានមាន ប្រសាសន៍ថាដោយវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសមួយចំនួនដូចជាៈ ចក្រភពអង់គ្លេស(UK) សហរដ្ឋអាមេរិក(USA) ម៉ាឡេស៊ី(Malaysia) យើងក៏បានបង្កើតការិយាល័យទំនាក់ទំនងអន្តរជាតិ (International Affairs Office) ដែលមានទីតាំងស្ថិតនៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី១០(សាខាអាងទឹកអូឡាំពិក) និងមានបម្រើសេវាដូចជា៖ ១-ការបញ្ជូនសិស្សទៅសិក្សាក្រៅប្រទេស(Overseas Study Service) ២-កម្មវិធីផ្លាស់ប្តូរនិស្សិត(Student Exchange Program) ៣-ការធ្វើកម្មសិក្សានៅក្រៅប្រទេស(Field Study) ៤-ការអភិវឌ្ឍស្ថាប័ន(Institutional Development) យោងតាមកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងមជ្ឈមណ្ឌលផ្សព្វផ្សាយអប់រំ ម៉ាឡេស៊ីវិទ្យាស្ថាន ក៏បានរៀបចំពិព័រណ៍អប់រំនេះឡើង គឺក្នុងគោលបំណងផ្តល់ឱកាសដល់សិស្ស-និស្សិតដែល មានបំណងចង់ទៅសិក្សានៅក្រៅប្រទេស បានធ្វើការសិក្សាស្វែងយល់អំពីការសិក្សាថ្នាក់ឧត្តមសិក្សា នៅប្រទេសម៉ាឡេស៊ី ជាមួយតំណាងសាកលវិទ្យាល័យទាំង១៥ ដោយផ្ទាល់រួមមានៈ 1-Malaysia Education Promotion Centre in Ho Chi Minh City, Vietnam 2-Universiti Malaysia Terengganu (UMT) 3-Universiti Malaysia Sabah (UMS) 4-Universiti Kuala Lumpur (UNiKL) 5-AIMST University 6-Kuala Lumpur Infrastructure University College (KLIUC) 7-Taylor’s University 8-SEGi College 9-KDU University College 10-INTI Education Group 11-Sunway University College 12- Lincoln College 13- London English Academy (LEA) 14- Allianze College of Medical Sciences(ACMS) 15- Lim Kok Wing University សិស្ស-និស្សិត ដែលបានចូលរួម ក្នុងពិព័រណ៍អប់រំបានទទួលអត្ថប្រយោជន៍មួយ ចំនួនដូចជាៈ ការធ្វើតេស្ត វាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសដោយឥតគិតថ្លៃ (London English Academy) និងឈ្នះរង្វាន់ផ្សេងៗជាដើម។ បន្ទាប់មកលោក HELMY SULAIMAN នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយ អប់រំនៃប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ថាៈ មាននិស្សិតបរទេសចំនួន៨៦.៧៧៧នាក់ ដែលបានទៅសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត នៅវិទ្យាស្ថានអប់រំជាន់ខ្ពស់ និងសាកលវិទ្យាល័យនានា នៅប្រទេសម៉ាឡេស៊ី ហើយ ក្នុងនោះក៏មាននិស្សិត កម្ពុជា ជាង១.០០០នាក់ ដែលកំពុងសិក្សានៅប្រទេសម៉ាឡេស៊ី ផងដែរ។ នេះបញ្ជាក់ អោយឃើញថា ការសិក្សានៅទីនោះពិតជាមានលក្ខណៈ ស្តង់ដារអន្តរជាតិពិតប្រាកដ។ ឆ្លៀតនៅក្នុងឱកាសនេះ ឯកឧត្តម Pengiran Hj. Mohd Hussein ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ី ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថាៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ជាវិទ្យាស្ថានអប់រំ ឯកជនមួយដែលមានការរីកចម្រើន និងល្បីឈ្មោះជាងគេក្នុងប្រទេសកម្ពុជាលើវិស័យអប់រំ និងបានកោតសរសើរចំពោះវិទ្យាស្ថាន ប៊ែលធី អន្តរជាតិដែលមានទំនាក់ទំនងល្អជា មួយបណ្តាប្រទេស នានានៅលើពិភពលោក ជាពិសេសជាមួយប្រទេស ម៉ាឡេស៊ី ព្រមទាំងបង្កើតឲ្យមានការរៀបចំពិធីពិព័រណ៍អប់រំនេះឡើង សម្រាប់សិស្ស-និស្សិតដែលមានបំណង ចង់ទៅសិក្សានៅក្រៅប្រទេសហើយ ឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈការតាំងពិព័រណ៍អប់រំនេះ នឹងមានសិស្ស-និស្សិតទៅរៀននៅប្រទេសម៉ាឡេស៊ីបន្ថែមទៀត ពីព្រោះឥឡូវនេះវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានបើកការិយាល័យទំនាក់ទំនងអន្តរជាតិ ដែលបង្កលក្ខណៈងាយស្រួលជូនដល់មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត ដែលមានបំណងចង់ ទៅសិក្សានៅសាកលវិទ្យាល័យ នានានៅក្រៅប្រទេស។ ជាទីបញ្ចប់ គណៈអធិបតីបានអញ្ជើញទស្សនាការតាំងពិព័រណ៍របស់សាកលវិទ្យាល័យទាំង១៥ របស់ប្រទេសម៉ាឡេស៊ី នាពេលនោះផងដែរ។ |
|