កាលពីថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១២ កាកបាទក្រហមកម្ពុជា បានប្រារឰពិធី ខួបលើកទី ១៤៩ ទិវាពិភព លោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សប្បុរសជនជាតិ និងអន្ដរជាតិ ព្រមទាំងមហាជនប្រមាណ ៥.០០០ នាក់។
នៅក្នុងសុន្ទរកថាស្វាគមន៍របស់ លោកជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណ ចំពោះការផ្ដល់កិត្ដិយស យ៉ាងឧត្ដុង្គឧត្ដមចូលរួមជាថ្មីម្ដងទៀត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីអបអរ "ខួបទី ១៤៩ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម" ព្រមទាំងការចូលរួមពីសំណាក់ សម្ដេច ព្រះអង្គម្ចាស់ក្សត្រីយ៍ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន ភ្ញៀវកិត្ដិយស ជាតិ-អន្ដរជាតិ អ្នកស្ម័គ្រចិត្ដ យុវជនកាកបាទក្រហមកម្ពុជា និង បង-ប្អូនជនរួមជាតិទាំងអស់។
សម្តេចតេជោក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ជាពិសេសជូនចំពោះលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានទឹកចិត្តមោះមុត ធ្វើការដោយឥតខ្លាចនឿយហត់ ក្នុងដំណើរសកម្មភាពមនុស្សធម៌ រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រី បុគ្គលិក បណ្តាញអ្នកស្ម័គ្រចិត្ត និងក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ នៃកាកបាទក្រហមកម្ពុជា ដែលផ្តល់នូវការគាំទ្រដ៏មុតមាំ និងសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌនៃផែនការយុទ្ធសាស្ត្រទាំងអស់ របស់កាកបាទក្រហមកម្ពុជា រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ជូនជាតិ និងប្រជាជន។
នៅក្នុងឱកាសនោះ ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីគណៈរដ្ឋមន្រ្តី អគ្គនាយកប៊ែលធីគ្រុប និងលោកជំទាវ បានចូលរួមឧបត្ថម គាំទ្រសកម្មភាព មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមាន លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នូវទឹកប្រាក់ចំនួន៥០០០$(ប្រាំពាន់ដុល្លារអាមេរិក)។ គួរបញ្ជាក់ថា ការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១២ ក្រោមប្រធានបទ “យុវជនកំពុងនាំគ្នាធ្វើសកម្មភាព” កាកបាទក្រហមកម្ពុជា ទទួលបានការគាំទ្រជាថវិកាពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស សរុបចំនួន ១០.៥២៨.៩១៩ ដុល្លារអាមេរិក៕
|