ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា2011-2012 និងពិធីប្រគល់
វិញ្ញាបនបត្រជូនដល់សិស្ស “ភាសាអង់គ្លេស អន្តរជាតិ និង
ភាសាអង់គ្លេសទូទៅ កម្រិតទី៦ និងទី១២“
នៅសាលសន្និសីទនៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ បានរៀបចំពិធីពិធី បើកបវេសនកាលចំណេះទូទៅ ឆ្នាំសិក្សា ២០១១-២០១២ និងវគ្គថ្មីភាសាអង់គ្លេសជំនាន់ ទី២០ ព្រមទាំងពិធីប្រគល់ វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសអន្តរជាតិ (Password) និងភាសាអង់គ្លេសទូទៅកម្រិតទី៦ និងទី១២(Level6 &12) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយព្រមទាំងមាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ជាង១០០០នាក់។ ឯកឧត្តម លី ឆេង បានធ្វើរបាយការណ៍ថាៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានបង្កើតឡើងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០០២ បច្ចុប្បន្នមានទីតាំងចំនួន ១១សាខា នៅក្នុងរាជធានីភ្នំពេញ និងមានគណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ បម្រើការ សរុបចំនួន ៩១៥នាក់ នារី ៣២៧នាក់ ព្រមទាំងមានសិស្ស-និស្សិត កំពុងសិក្សាចំនួន ១៧.៥៥៣នាក់ ក្នុងនោះនារី ៩.៥២៦នាក់។ ដោយមានការរីកចម្រើន ជាបន្តបន្ទាប់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមបាវចនារបស់ខ្លួនគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” (Quality, Efficiency, Excellence, Morality, Virtue) វិទ្យាស្ថានបានបង្កើតជា ប៊ែលធី គ្រុប តាមវិញ្ញាបនបត្រក្រសួងពាណិជ្ជកម្ម លេខ១៨១២ ពណ.នតកចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០០៧ ដែលមានបម្រើសេវាធំៗ ៣ដូចជាៈ ១-ប៊ែលធីសំណង់ ២- ប៊ែលធីទេសចរណ៍ ៣- ប៊ែលធីអប់រំ ដោយឡែក ប៊ែលធីអប់រំ បានចែកចេញជា ៣ផែ្នកធំៗគឺៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងប៊ែលធីទំនាក់ទំនងអន្តរជាតិ។ ក-វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ អគារមានកំពស់៧ជាន់ និងមានបងៀ្រន ៥កម្មវិធីសិក្សាធំៗដូចជាៈ ១-ចំណេះទូទៅ(ថ្នាក់ទី១-១២) ២-ភាសាអង់គ្លេសទូទៅ(គ្រប់កម្រិត) ៣-មហាវិទ្យាល័យភាសាបរទេស ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ(TOEFL, Password & ICDL) ខ-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អគារមានកំពស់ ១២ជាន់ ដែលមាន ៦មហាវិទ្យាល័យធំៗ ដូចជាៈ ១- មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម ២-មហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ សិល្បៈ និងមនុស្សសាស្រ្ត ៣-មហាវិទ្យាល័យនិតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ៤- មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥- មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម ៦-មហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត គ-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ មានទីតាំងស្ថិតនៅប៊ែលធីទី១០ (សាខាអាងទឹកអូឡាំពិក) និងមានបម្រើសេវាដូចជា៖ ១-ការបញ្ជូនសិស្ស ទៅសិក្សាក្រៅប្រទេស ២-កម្មវិធីផ្លាស់ប្តូរនិស្សិត ៣-ការធ្វើកម្មសិក្សានៅក្រៅប្រទេស ៤-ការអភិវឌ្ឍស្ថាប័ន។ លទ្ធផលនៅក្នុងឆ្នាំសិក្សា ២០១០-២០១១ : ១-ចំណេះទូទៅ -សិស្សថ្នាក់ទី៩: បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ចំនួន ៧៤៩នាក់ ជាប់ ៧៣៩នាក់ ធ្លាក់ ០៥នាក់ អវត្តមាន០៥នាក់ ស្មើនឹង ៩៩.៣៣%។ -សិស្សឈ្មោះ គង់ រតនធីតា ថ្នាក់ទី៩ ទទួលបានជ័យលាភីលេខ១ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសាស្រ្តខ្មែរ ហើយទទួលបាននូវរង្វាន់លើកទឹកចិត្តពីវិទ្យាស្ថាន ចំនួន$1000 និងអាហារូបករណ៍១០០%សម្រាប់សិក្សា ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសមួយចប់កម្មវិធី ព្រមទាំងលោកគ្រូភាសាខ្មែរថ្នាក់ទី៩ ដែលមានស្នាដៃឆ្នើមក្នុងការបង្រៀន ក៏ទទួលបានរង្វាន់ចំនួន$1000ផងដែរ។ -សិស្សឈ្មោះ ហួត សេងគៀ ថ្នាក់ទី១២ ក៏ទទួលបានជ័យលាភីលេខ៩ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំង រាជធានីភ្នំពេញ ផ្នែកអក្សរសាស្រ្តខ្មែរ ហើយទទួលបាននូវរង្វាន់លើកទឹកចិត្តចំនួន$300 ព្រមទាំងលោកគ្រូភាសាខ្មែរ ថ្នាក់ទី១២ ដែលមានស្នាដៃល្អក្នុងការបង្រៀន ក៏ទទួលបានរង្វាន់ចំនួន$300 ផងដែរ។ -សិស្សថ្នាក់ទី១២: បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ៦៤៨នាក់ នឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ១៩ ខែសីហា ខាងមុខនេះ។ -សរុបសិស្សថ្នាក់ទី១២ បានប្រឡងចេញទាំង៦ឆ្នាំ ចាប់ពីឆ្នាំសិក្សា២០០៥-២០០៦ ដល់២០១០-២០១១ មានចំនួន ២.០៦៩នាក់ នារី ៨៧៥នាក់។ ២-ភាសាអង់គ្លេសទូទៅ -សិស្សកម្រិតទី១២ (Level12): បានចូលរួមប្រឡងបញ្ចប់វគ្គទី១៨ និងទី១៩ មានចំនួន១៧៩នាក់ ក្នុងនោះសិស្ស ដែល បានចូលរួមប្រឡងតេស្តអន្តរជាតិ(Password) មានចំនួន ៦៩នាក់។ -សរុបសិស្ស Level12 ដែលបានប្រឡងបញ្ចប់ទាំង១៩ជំនាន់ មានចំនួន ១.៤១៣នាក់ នារី ៧៩០នាក់ ក្នុងនោះសិស្ស ដែលបានប្រឡងជាប់តេស្តអន្តរជាតិ(Password) មានចំនួន ១៧៨នាក់ នារី ៨៩នាក់ ផងដែរ។ ៣-មហាវិទ្យាល័យភាសាបរទេសៈ -សរុបនិស្សិត ដែលបានប្រឡងបញ្ចប់ទាំង៣ជំនាន់ មានចំនួន ១៦៩នាក់ នារី ៨៤នាក់ ក្នុងនោះ បរិញ្ញាបត្រ ចំនួន ១២៦នាក់ បរិញ្ញាបត្ររង ចំនួន ៤៣នាក់។ ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រៈ -សរុបសិស្សកុំព្យូទ័របានប្រឡង បញ្ចប់វគ្គមានចំនួន ៤.៣០៣នាក់ នារី ២.៨១៧នាក់។ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិៈ -សរុបបេក្ខជន ដែលបានប្រឡងបញ្ចប់តេស្តអន្តរជាតិ TOEFLមានចំនួន ៥៦នាក់ នារី ១៥នាក់ ក្នុងនោះតេស្តអន្តរជាតិ ICDLចំនួន ១៥នាក់។ ៦-ចំនួនសិស្ស-និស្សិត ដែលផ្ទេរចេញពីប៊ែលធី ទៅសិក្សានៅបរទេសៈ -សរុបសិស្ស-និស្សិត ដែលបានផ្ទេរទៅរៀននៅបរទេសមានចំនួន១៦៧នាក់ នារី៨៣នាក់។ ៧-ការផ្តល់ការងារជូននិស្សិត ធ្វើការក្នុង ប៊ែលធី គ្រុបៈ -សរុបនិស្សិត ដែលបានជ្រើសរើសអោយចូលបម្រើការងារនៅ ប៊ែលធី គ្រុប មានចំនួន១៩១នាក់ ក្នុងនោះនារី ១១០នាក់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ាន បូរ៉ាត បានធ្វើការសំណេះសំណាល ផ្ញើក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ ជូនដល់ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិក និង សិស្សានុសិស្សទាំងអស់របស់វិទ្យាស្ថាន នាពេលនោះផងដែរ។ ឯកឧត្តម ក៏បានមានប្រសាសន៍ថា សមិទ្ធិផល ដែលរីកដុះដាលពីមួយឆ្នាំ ទៅមួយឆ្នាំរបស់វិទ្យាស្ថាននោះ គឺដោយសារការអនុវត្តបានយ៉ាងត្រឹមត្រូវ និងខ្ជាប់ខ្ជួនទៅនឹងបាវចនារបស់វិទ្យាស្ថាន ក្នុងនោះមាន “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។ ក្រៅពីនេះ វិទ្យាស្ថានក៏មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ មានអគារសិក្សា និងសម្ភារបរិក្ខារទំនើបៗ ផ្ទាល់ខ្លួន ការផ្តល់អាហារូបករណ៍ដល់មជ្ឈដ្ឋាននានា និងការទំនាក់ទំនងល្អទាំងកម្រិតជាតិ-អន្តរជាតិ។ ឯកឧត្តមបានបន្តទៀតថា ការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនរុងរឿងទៅបាន គឺទាមទារជាចាំបាច់បំផុត នូវការកំណត់គោលដៅជាអាទិភាព ទៅលើការកសាងគ្រឹះដ៏រឹងមាំនៃកត្តាធនធានមនុស្ស។ ឆ្លងតាមរយៈនេះ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតនោះ គឺបានដាក់ចេញនូវយុទ្ធសាស្រ្ត ចតុកោណ បែរឆ្ពោះទៅរកការស្តារ ការកសាង និងការអភិវឌ្ឍ ដោយក្នុងនោះ ការលើកកម្ពស់វិស័យអប់រំ គឺជាវិស័យអាទិភាពចម្បង ដើម្បីប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមួយរីកចម្រើនជឿនលឿន ប្រកបដោយធនធានមនុស្សយ៉ាងសម្បូរ បែបសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តម ស៊ាន បូរ៉ាត ក៏បានថ្លែងនូវការកោតសសរសើរចំពោះ ឯកឧត្តមអគ្គនាយក ប៊ែលធី គ្រុប គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន និងមានការឯកភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ រហូតធ្វើអោយវិទ្យាស្ថានមានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ ដោយធានាបាននូវនិរន្តភាពនៃការបណ្តុះបណ្តាល និងឈរលើគោលការណ៍គុណភាពជាចម្បង ស្របតាមទស្សនៈវិស័យ ប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាទីបញ្ចប់ឯកឧត្តមប្រធានគណៈអធិបតី បានប្រគល់វិញ្ញាបនបត្រអន្តរជាតិ ចំនួន ៦៩នាក់ វិញ្ញាបនបត្រ កម្រិតទី១២ ចំនួន ១៧៩នាក់ កម្រិតទី៦ ចំនួន ៦២៩នាក់ ផងដែរ។ |