ប៊ែលធី គ្រុប រៀបចំសិក្ខាសាលាស្តីពី “តួនាទី ភារកិច្ច និងទំនួលខុសត្រូវ
ផ្នែកបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មល្អដល់អតិថិជន” ជូនថ្នាក់ដឹកនាំ និងបុគ្គលិក
ផ្នែកបដិសណ្ឋារកិច្ច និងជំនួយការការិយាល័យ-មហាវិទ្យាល័យ សរុបប្រមាណ ៣០០នាក់!
ប៊ែលធី គ្រុប រៀបចំសិក្ខាសាលាស្តីពី “តួនាទី ភារកិច្ច និងទំនួលខុសត្រូវផ្នែកបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មល្អដល់អតិថិជន” ដែលរៀបចំឡើងដោយ ការិយាល័យគណនេយ្យ នៃប៊ែលធី គ្រុប ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិក ផ្នែកបដិសណ្ឋារកិច្ច និងជំនួយការការិយាល័យ-មហាវិទ្យាល័យ មកពីគ្រប់សាខានៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបប្រមាណ ៣០០នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំជាន់ទី៥ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី១ (សាខាទួលស្លែង)។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ លី ធីតា អគ្គនាយិការង ប៊ែលធី គ្រុប និងជាប្រធានការិយាល័យគណនេយ្យ នៃប៊ែលធី គ្រុប និង ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ព្រមទាំង វាគ្មិនកិត្តិយស ចំនួន ៤រូប ដែលនឹងអញ្ជើញមកចែករំលែកបទពិសោធន៍ល្អៗ និងចំណេះដឹងថ្មីៗ លើប្រធានបទសំខាន់ៗចំនួន ៤ផ្សេងៗគ្នាផងដែរ ដូចជា (១)-ការស្គាល់ពីអតិថិជនរបស់ខ្លួន (២)-តួនាទី ភារកិច្ច និងទំនួលខុសត្រូវផ្នែកបដិសណ្ឋារកិច្ច (៣)-ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់អតិថិជន និង (៤)-ការបំពេញចិត្តសេវាកម្មអតិថិជន និងការថែទាំអតិថិជន។ សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងជូនដល់ ថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកបដិសណ្ឋារកិច្ច និងជំនួយការការិយាល័យ-មហាវិទ្យាល័យទាំងអស់ បានសិក្សាឈ្វេងយល់អំពី តួនាទី ភារកិច្ច ទំនួលខុសត្រូវ និងការស្គាល់ច្បាស់ពីអតិថិនរបស់ខ្លួន។ ជាពិសេស ការយល់ដឹងអំពីជំនាញវិជ្ជាជីរៈ និងការអនុវត្តស្តង់ដារនៃការផ្តល់សេវាកម្មល្អជូនដល់អតិថិជនទូទៅ ក៏ដូចជា មាតាបិតា អ្នកអាណាព្យាបាល និងសិស្ស-និស្សិតទាំងអស់ ដែលអញ្ជើញមកសាកសួរព័ត៌មាន ឬមានបំណងមកចុះឈ្មោះចូលរៀននៅសាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ។
|
|
_______________________________________________________________________