សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាឯកជនមួយ ដែលត្រូវបានអភិវឌ្ឍពី វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ហើយវិទ្យាស្ថាននេះបានចាំផ្តើមបដិសន្ធិពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០២ តាមប្រកាសរបស់ក្រសួងអប់រំលេខ ២៩១ អយក.ប្រក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៣ និងតាមអនុក្រឹត្យរបស់រាជរដ្ឋាបាលកម្ពុជាលេខ ៩៧ អនក្រ.បកចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៥ និងអនុក្រឹត្យ លេខ ១៣៨ អនប្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ២០១២ ស្តីពីការប្រែក្លាយពី វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ទៅជា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
សាកលវិទ្យាល័យ មានឈ្មោះពេញជាភាសាខ្មែរថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាភាសាអង់គ្លេសថា BELTEI INTERNATIONAL UNIVERSITY ហើយឈ្មោះ BELTEI នេះ ត្រូវបានផ្គុំទ្បើងដោយ ៦ មុខវិជ្ជាធំៗ (6 Subjects) ដូចជា BEL មកពីពាក្យ Business, Economics, Law, និង TEI មកពីពាក្យ Tourism, English, Information Technology ។
ឯកឧត្តម បណ្ឌិត លី ឆេង អតីតនាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ហើយបច្ចុប្បន្នគឺជា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការនៃ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ គឺជាស្ថាបនិកដែលបានបង្កើត ប៊ែលធី នេះទ្បើងដោយបានវិនិយោគទុនផ្ទាល់ខ្លួន ក្នុងការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ អគារសាលា និងអគារសាកលវិទ្យាល័យទាំងអស់នេះ។
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្ពស់ ១៥ជាន់ មាន១០៦បន្ទប់ និងមានបន្ទប់ទឹកសរុបចំនួន៤៤ សាងសង់ទ្បើងពីបេតុងអាម៉េ ដែលមានផ្ទៃក្រលាអគារចំនួន ១១,៩២៧ ម៉ែត្រការ៉េ បំពាក់ដោយជណ្តើរយន្ត ចំនួន៤គ្រឿង ដើម្បីជួយសម្រួលដល់ការឡើងចុះរបស់និស្សិតតាមជាន់នីមួយៗ។ គ្រប់បន្ទប់សិក្សាមានម៉ាស៊ីនត្រជាក់ បំពាក់ដោយកាំមេរ៉ាសម្រាប់តាមដានការសិក្សារបស់និស្សិត និងការបង្រៀន របស់សាស្ត្រាចារ្យ ព្រមទាំងមានសម្ភារៈទំនើបៗជាច្រើនទៀត។
សាកលវិទ្យាល័យ ត្រូវបានរៀបចំទៅតាមផ្នែក និងជាន់នីមួយៗដូចខាងក្រោម៖
·ជាន់ទី១(ក្រោមដី) និងជាន់ទី២(ផ្ទាល់ដី)៖ សម្រាប់ធ្វើជាចំណតដែលអាចចតរថយន្តបានជិត ១០០គ្រឿង និងអាចចត កង់-ម៉ូតូបាន ៥០០គ្រឿង
·ជាន់ទី៣៖ ជាកន្លែងទទួលភ្ញៀវ ចុះឈ្មោះចូលរៀន បណ្ណាល័យ និងបណ្ណាល័យអេឡិចត្រូនិច(E-Library) សម្រាប់និស្សិតធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងមានហាងកាហ្វេ(Learning Studio)ដ៏មានផាសុខភាពផងដែរ
·ជាន់ទី៤ និទី៥៖ មាន២២បន្ទប់ ជាកន្លែងការិយាល័យធ្វើការរបស់គណៈគ្រប់គ្រង
·ជាន់ទី៦ ដល់ទី៧៖ មាន២២បន្ទប់ ជាបន្ទប់សិក្សា
·ជាន់ទី៨៖ ជាអាហារដ្ឋាន (មានអាហារពេលព្រឹក, អាហារពេលថ្ងៃ, និងអាហារពេលរសៀល)
·ជាន់ទី៩ ដល់ទី១៣៖ មាន៥៣បន្ទប់ជាបន្ទប់សិក្សា
·ជាន់ទី១៤ ជាកន្លែងសំរាកសម្រាប់អាហារសម្រន់ (Refreshment Hall) បន្ទាប់ពីប្រជុំ និងសិក្ខាសាលាផ្សេងៗ
·ជាន់ទី១៥៖ ជាសាលសហសិក្សា(Conference Hall) ដែលអាចផ្ទុកនិស្សិតបានរហូតដល់ ៧០០ ទៅ ៨០០នាក់
និងមានកម្មវិធីសិក្សាធំៗ ៥ ដូចជា:
I. ថ្នាក់បំប៉នភាសាអង់គ្លេស II. ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
III. ថ្នាក់បរិញ្ញាបត្រ IV. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
V. ថ្នាក់បណ្ឌិត
ដោយមានបង្រៀនតាមកម្មវិធីសិក្សា ជាភាសាជាតិ និង អន្តរជាតិ
I. ជាភាសាជាតិ (បង្រៀនជាពីរភាសា = ភាសាខ្មែរ រួមជាមួយ ភាសាអង់គ្លេស)
II. អន្តរជាតិ (បង្រៀនជាភាសាអង់គ្លេស ១០០%)
និស្សិតដែលមានសមត្ថភាពភាសាអង់គ្លេសគ្រប់គ្រាន់ អាចផ្ទេរទៅសិក្សាកម្មវិធី អន្តរជាតិ នៅឆ្នាំទី២ ឬទី៣ ដោយគ្មានបញ្ហា ហើយនិស្សិតអាចបន្តក្រេឌីតទៅសិក្សា នៅសាកលវិទ្យាល័យជាដៃគូនានាលើពិភពលោកបានដោយមិនខាតឆ្នាំសិក្សារបស់ខ្លួនឡើយ(ឧ: សិក្សាឆ្នាំទី២ អាចបន្តក្រេឌីតទៅសិក្សាឆ្នាំទី៣)។
ដើម្បីបំពេញតម្រូវការទីផ្សារការជាំតិ និងអន្តរជាតិ នាពេលបច្ចុប្បន្ន សាកលវិទ្យាល័យ បានរៀបចំអោយ មាន មហាវិទ្យាល័យធំៗចំនួន ៦ ដែលមានដូចខាងក្រោម៖
១- មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម ២- មហាវិ. អប់រំ សិល្បៈ និងមនុស្សសាស្ត្រ
៣- មហាវិ. នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ៤- មហាវិ. ទេសចរណ៍ និងបដិសណ្ឋារកិច្ច
៥- មហាវិទ្យាល័យ វិស្វកម្ម និងស្ថាបត្យកម្ម ៦- មហាវិ. ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ
និងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ហើយត្រូវបានប្រកាសដាក់អោយ ប្រើប្រាស់ ជាផ្លូវការ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
__________________________________________