Skip to Menu Skip to Content Skip to Footer
 

ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស "ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ"

ជូនដល់ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា

ប្រធាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

នា​​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆ្នាំ​២០២២​ សា​កល​វិ​ទ្យា​ល័យ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ពិ​ធី​ប្រ​គល់​សញ្ញា​បត្រ​បណ្ឌិត​កិ​តិ្ត​យស ​“ផ្នែក​រដ្ឋ​បាល​អប់​រំ​ និង​ភាព​ជា​អ្នក​ដឹក​នាំ​” ​(Honorary Doctorate Degree in Educational Administration and Leadership) ជូន​ឯក​ឧត្តម​បណ្ឌិត​ ចូ​ហ្សេ ​រ៉ា​មូស ​អរ​តា ​(José Ramos-Horta) ប្រ​ធា​នា​ធិប​តី​នៃ​សា​ធារណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ទី​ម័រ​ខាង​កើត​ និង​ជា​ជ័យ​លា​ភី​ពាន​រង្វាន់​ណូ​ប៊ែល​សន្តិ​ភាព​ (The Nobel Peach Prize) ក្រោម​អ​ធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់ ​ឯក​ឧត្តម​បណ្ឌិត​ស​ភា​ចារ្យ​ ហង់​ជួន ​ណា​រ៉ុន ​រដ្ឋ​មន្រ្តី​ក្រ​សួង​អប់​រំ ​យុវ​ជន​ និង​កី​ឡា ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំ​ណាក់​ ឯក​ឧត្តម​បណ្ឌិត​ ជា ​វ៉ាន់​ដេត​ រដ្ឋ​មន្ត្រី ​ក្រ​សួង​ប្រៃ​ស​ណីយ៍​ និង​ទូរ​គម​នា​គមន៍ ​និង​ជា​រដ្ឋ​មន្ត្រី​អម​គណៈ​ប្រ​តិ​ភូ​ ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ​ និង​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ ព្រម​ទាំង​ ឯក​ឧត្តម​ លោក​ជំ​ទាវ ​ជា​ថ្នាក់​ដឹក​នាំ​ក្រ​សួង​អប់​រំ ឯក​អគ្គ​រដ្ឋ​ទូត​ទី​ម័រ​ប្រ​ចាំ​នៅ​កម្ពុជា​ និង​ភ្ញៀវ​កិ​ត្តិ​យស​ជាតិ​-​អន្តរ​ជាតិ ​ថ្នាក់​ដឹក​នាំ ​បុគ្គ​លិក​ សា​ស្ត្រា​ចារ្យ​ និង​សិស្ស​-​និ​ស្សិត​នៃ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ ​សរុប​ប្រ​មាណ ​១,៦០០​នាក់។

ឯក​ឧត្តម​ លី​ ណា​វុឌ្ឍ​ ​សា​កល​វិ​ទ្យា​ធិ​ការ​នៃ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ បាន​មាន​ប្រ​សា​សន៍​ថា ​នេះ​ជា​លើក​ទី​៣​ ហើយ ​សម្រាប់​សា​កល​វិ​ទ្យា​ល័យ​ក្នុង​ការ​ប្រ​គល់​សញ្ញា​បត្រ​បណ្ឌិត​កិ​ត្តិ​យស​ជូន​ ថ្នាក់​ដឹក​នាំ ​ឥ​ស្សរ​ជន​ជាន់​ខ្ពស់​ និង​បុ​គ្គល​ជោគ​ជ័យ​ជាតិ​-​អន្តរ​ជាតិ​ និង​ជា​កិ​ត្តិ​យស​ដ៏​ឧ​ត្តុង្គ​ឧ​ត្តម​ដែល​បាន​រៀប​ចំ​ពិ​ធី​ប្រ​គល់​សញ្ញា​បត្រ​បណ្ឌិត​កិ​ត្តិ​យស​ជូន​ ឯក​ឧត្តម​បណ្ឌិត​ ចូ​ហ្សេ ​រ៉ា​មូស ​អរ​តា ​(José Ramos-Horta) ប្រ​ធា​នា​ធិប​តី​នៃ​សា​ធារ​ណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ទី​ម័រ​ខាង​កើត ​នា​ពេល​នេះ​។

ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ ​បាន​មាន​ប្រ​សាសន៍​ថា​ការ​ប្រ​គល់​សញ្ញា​បត្រ​បណ្ឌិត​កិ​ត្តិ​យស​នា​ពេល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ប្រឹ​ក្សា​វិ​ទ្យា​សាស្ត្រ​នៃ​សា​កល​វិ​ទ្យា​ល័យ​បាន​ពិ​និត្យ​ និង​វាយ​តម្លៃ​យ៉ាង​ហ្មត់​ចត់​លើ​ ប្រ​វត្តិ​ ស្នា​ដៃ ​ស​មិទ្ធ​ផល ​និង​គុណ​ស​ម្បត្តិ​ជា​ច្រើន​របស់   ឯក​ឧត្តម​បណ្ឌិត​ ចូ​ហ្សេ ​រ៉ា​មូស ​អរ​តា​ ប្រ​ធា​នា​ធិប​តី​នៃ​សា​ធារ​ណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ទី​ម័រ​ខាង​កើត​ ដែល​បាន​បំ​ពេញ​គ្រប់​លក្ខ​ខណ្ឌ​ និង​មាន​តម្លៃ​លើស​លុប​ជា​ស​កល​ក្នុង​កិច្ច​ការ​អប់​រំ​ និង​ភាព​ជា​អ្នក​ដឹក​នាំ​ដើ​ម្បី​ឯក​រាជ្យ​ជាតិ ​សន្តិ​ភាព​ និង​ការ​អភិ​វឌ្ឍ​សម្រាប់​ប្រ​ទេស​ជាតិ​ និង​ប្រ​ជា​ជន ​និង​ជា​គំ​រូ​សម្រាប់​យុវ​ជន​ជំ​នាន់​ក្រោយ​។ ឯក​ឧត្តម​បណ្ឌិត​ បាន​បញ្ជាក់​ថា​ សា​កល​វិ​ទ្យា​ល័យ​ផ្តល់​សញ្ញា​បត្រ​បណ្ឌិត​កិ​តិ្ត​យស​ជូន​ចំ​ពោះ ​ថ្នាក់​ដឹក​នាំ ​និង​ឥ​ស្សរ​ជន​ជាន់​ខ្ពស់​ ឬ​បុ​គ្គល​ដែល​មាន​ស្នា​ដៃ ​តាម​លក្ខ​ខណ្ឌ​ដូច​ខាង​ក្រោម​៖

១​-ថ្នាក់​ដឹក​នាំ ​និង​ឥ​ស្សរ​ជន​ជាន់​ខ្ពស់ ​ព្រម​ទាំង​បុ​គ្គល​ដែល​មាន​កិ​ត្តិ​យស​ខ្ពស់​បំ​ផុត​ ដែល​មាន​គុណ​សម្បត្តិ​ និង​ស្នា​ដៃ​ដ៏​ឧ​ត្តុង្គ​ឧ​ត្តម​ក្នុង​បុព្វ​ហេតុ​រំ​ដោះ​ជាតិ​ បង្រួប​បង្រួម​ជាតិ​ ផ្សះ​ផ្សា​ជាតិ​ ដឹក​នាំ​ត​ស៊ូ​ទាម​ទារ​ឯក​រាជ្យ​ជាតិ ​និង​ការ​ស្វែង​រក​សុខ​សន្តិ​ភាព ​ស្ថិរ​ភាព​ន​យោ​បាយ​ ជូន​ប្រ​ទេស​ជាតិ​ ក៏​ដូច​ជា​មនុស្ស​ជាតិ​ទូ​ទាំង​ពិ​ភព​លោក​។

២​-បុ​គ្គល​ដែលមាន​គុណ​សម្បត្តិ​ និង​ស្នា​ដៃ​ក្នុង​ការ​អ​ភិ​វឌ្ឍ​វិ​ស័យ​អប់​រំ​ វប្ប​ធម៌ ​សិ​ល្បៈ ​ទេស​ចរ​ណ៍​ សេដ្ឋ​កិច្ច​ បរិ​ស្ថាន ​ឧ​ស្សា​ហ​កម្ម​ វិ​ស្វ​កម្ម​ ស្ថា​បត្យ​កម្ម​ បច្ចេក​វិ​ទ្យា​ និង​ស្រាវ​ជ្រាវ​រក​ឃើញ​នូវ​រូប​មន្ត​ផ្នែក​គណិត​វិ​ទ្យា ​រូប​វិ​ទ្យា​ គី​មី​វិ​ទ្យា​ អក្សរ​សាស្ត្រ​ វេជ្ជ​សាស្ត្រ​ ព្រម​ទាំង​ វិ​ស័យ​ផ្សេងៗ​ទៀត​សម្រាប់​ជា​ប្រ​យោជន៍​ដល់​សង្គម​ជាតិ ​និង​ជា​គំ​រូ​ដល់​យុ​វ​ជន​ជំ​នាន់​ក្រោយ​។

៣​-​បុ​គ្គល​ដែល​ទ​ទួ​ល​បាន​ជោគ​ជ័យ​លើ​ផ្នែក​ ពា​ណិជ្ជ​កម្ម​ ឧ​ស្សា​ហ​កម្ម​ អា​ជី​វ​កម្ម​ ក្នុង​អា​ជីព​ការ​ងារ ​និង​មុខ​របរ​ វិជ្ជា​ជី​វៈ​របស់​ខ្លួន​ ព្រម​ទាំង​មាន​បទ​ពិ​សោធន៍​ស្រប​តាម​ទេព​កោ​សល្យ​ពី​កំ​ណើត​ ដែល​បាន​រួម​ចំ​ណែក​អ​ភិ​វឌ្ឍ​លើ​វិ​ស័យ​ផ្សេងៗ​ទៀត ​សម្រាប់​សង្គម​ជាតិ​ ក៏​ដូច​ជា​មនុ​ស្ស​ជាតិ​ទូ​ទៅ​។

ស្ថិត​ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧត្តម​បណ្ឌិត​ស​ភា​ចារ្យ​ ហង់​ជួន ​ណា​រ៉ុន ​បាន​ថ្លែង​អប​អរ​សា​ទរ​ចំ​ពោះ​ ឯក​ឧត្តម​បណ្ឌិត​ ចូ​ហ្សេ ​រ៉ា​មូស ​អរ​តា ​ក្នុង​ឱ​កាស​ទ​ទួល​សញ្ញា​បត្រ​បណ្ឌិត​កិ​តិ្ត​យស ​“​ផ្នែក​រដ្ឋ​បាល​អប់​រំ​ និង​ភាព​ជា​អ្នក​ដឹក​នាំ​” ​ពី​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ  ដែល​សា​កល​សម​បំ​ផុត​សម្រាប់​ គុណ​សម្បតិ​ ស​មិទ្ធ​ផល ​និង​ស្នា​ដៃ​ដ៏​ច្រើន​លើស​លុប​របស់ ​ឯក​ឧត្តម​បណ្ឌិត​ ក្នុង​រយៈ​ពេល​ជាង​បួន  ទស្ស​វត្សរ៍​មក​នេះ​ ក្នុង​ការ​ត​ស៊ូ​ទាម​ទារ​ឯក​រាជ្យ​ជាតិ ​ស្វែង​រក​សុខ​សន្តិ​ភាព​ ការ​ក​សាង​ និង​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​ រួម​ទាំង​វិ​ស័យ​អប់​រំ​។ ឯក​ឧត្តម​បណ្ឌិត​ស​ភា​ចារ្យ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រ​សា​សន៍​បន្ថែម​ថា ​ក្នុង​នាម​ក្រ​សួង​អប់​រំ ​យុវ​ជន​ និង​កី​ឡា ​សូម​កោត​សរ​សើរ ​និ​ងគាំ​ទ្រ​ចំ​ពោះ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ ក្នុង​ការ​រៀប​ចំ​ពិ​ធី​ប្រ​គល់​សញ្ញា​បត្រ​បណ្ឌិត​កិ​ត្តិ​យស​ជូន ​ថ្នាក់​ដឹក​នាំ​ ឥស្ស​រជន​ជាន់​ខ្ពស់​ និង​បុ​គ្គល​ជោគ​ជ័យ​ជាតិ​-​អន្តរ​ជាតិ​ ស្រប​តាម​គុណ​សម្បត្តិ​ ស​មិទ្ធ​ផល​ និង​ស្នា​ដៃ​នា​នា​។

ក្នុង​ពិ​ធី​ដ៏​ឧ​ត្តុង្គ​ឧ​ត្តម​នោះ​ផង​ដែរ​ ឯក​ឧត្តម​ប​ណ្ឌិត​ ចូ​ហ្សេ ​រ៉ា​មូស ​អរ​តា​ បាន​ផ្តល់​កិ​ត្តិ​យស​ថ្លែង​សំ​ណេះ​សំ​ណាល​ជា​មួយ ​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក ​សា​ស្ត្រា​ចារ្យ ​លោក​គ្រូ​-​អ្នក​គ្រូ​ និង​សិស្ស​-និ​ស្សិត​នៃ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ និង​បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​សា​កល​វិ​ទ្យា​ល័យ​បាន​ប្រ​គល់​សញ្ញា​បត្រ​បណ្ឌិត​កិ​ត្តិ​យស​ជូន​ ឯក​ឧត្តម​បណ្ឌិត​។ ឯក​ឧត្តម​បណ្ឌិត​ប្រ​ធា​នា​ធិប​តី​ ក៏​បាន​សម្តែង​ការ​អប​អរ​សា​ទរ​ និង​ក្តី​សប្បាយ​រីក​រាយ​ដោយ​ឃើញ​កម្ពុជា​មាន​ការ​អភិ​វឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ​ដែល​មាន​ សម្តេច​អគ្គ​ម​ហា​សេ​នា​បតី​តេ​ជោ ​ហ៊ុន​ សែន​ ជា​នា​យក​រដ្ឋ​មន្ត្រី​។

 

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​បណ្ឌិត​ស​ភា​ចារ្យ​រដ្ឋ​មន្ត្រី​ និង ​ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ បាន​ប្រ​គល់​សញ្ញា​បត្រ​បណ្ឌិត​កិ​តិ្ត​យស​ជូន​ ​ឯក​ឧត្តម​បណ្ឌិត​ ចូ​ហ្សេ ​រ៉ា​មូស ​អរ​តា ​និង​បាន​អញ្ជើញ​ ឯក​ឧត្តម​បណ្ឌិត​ប្រ​ធា​នា​ធិ​បតី ​ចុះ​ហត្ថ​លេ​ខា​លើ​សៀវ​ភៅ​អនុ​ស្សា​វ​រី​យ៍​នា​ឱ​កាស​នោះ​ផង​ដែរ​។























_______________________________________________________________________

Flag Counter







យើងមាន ភ្ញៀវ 15 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 405902