សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
រៀបចំការប្រកូតប្រជែង និយាយភាសាអង់គ្លេស លើកទី៤
នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេស លើកទី៤ កម្រិតសាកលវិទ្យាល័យ (The 4th English Speaking Contest Program) វគ្គផ្តាច់ព្រ័ត្រ សម្រាប់និស្សិតឆ្នាំទី១ ទី២ ទី៣ និង ទី៤ ដែលមានបេក្ខជន សរុបចំនួន ១២នាក់ ក្រោមអធិបតីភាព លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ លោក រ៉េត ច័ន្ទធន សាកលវិទ្យាធិការរង និងជាប្រធានការិយាល័យសិក្សា & ស្រាវជ្រាវ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា៖ ដោយមានការសំណូមពរពីមាតាបិតា អាណាព្យាបាល និងសិស្ស-និស្សិត ក្នុងឆ្នាំ២០១៧នេះ សាកលវិទ្យាល័យបានបើកកម្មវិធីសិក្សាជា ភាសាជាតិ បន្ថែមលើកម្មវិធីសិក្សាអន្តរជាតិដែលមានស្រាប់ ដោយបង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ១ឆ្នាំដោយឥតគិតថ្លៃ ដើម្បីបំពេញសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សា ០៥ ធំៗ ដូចជា៖ ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរៀន ១ឆ្នាំ ២ដងគឺ ខែតុលា និងខែមីនា ដោយសិក្សាលើមុខជំនាញសំខាន់ៗ ដែលស្របនឹងតម្រូវទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យ ក៏បានបញ្ជូលកម្មវិធីសិក្សាបន្ថែមជាច្រើនជូនដល់និស្សិត ដើម្បីពង្រឹងសមត្ថភាពផ្នែកភាសាអង់គ្លេស និងចំណេះដឹងទូទៅផងដែរ។ ជាក់ស្ដែង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេស គឺជាកម្មវិធីសិក្សាបន្ថែមមួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងខែកញ្ញា និងធ្វើឡើងជា ០៣ កម្រិតគឺៈ ១-កម្រិតថ្នាក់រៀន (Class Level Competition): ត្រូវបានរៀបចំឡើងដោយសាស្រ្ដាចារ្យប្រចាំថ្នាក់ ដើម្បីជ្រើសរើសយកបេក្ខជនជ័យលាភីពីលេខ១ ដល់ លេខ៣ ដើម្បីយកទៅប្រកួតបន្តនៅកម្រិតមហាវិទ្យាល័យ។ ២-កម្រិតមហាវិទ្យាល័យ (Faculty Level Competition): ត្រូវបានរៀបចំឡើងដោយគណៈកម្មការនៃមហាវិទ្យា ល័យនីមួយៗ និងទៅតាមឆ្នាំសិក្សារបស់និស្សិត ដើម្បីជ្រើសរើសយកបេក្ខជនជ័យលាភីពីលេខ១ ដល់ លេខ៣ ដើម្បីយកទៅប្រកួតប្រជែងបន្ដនៅវគ្គផ្ដាច់ព្រ័ត្រ។ ៣-កម្រិតសាកលវិទ្យាល័យ (BELTEI IU Level Competition): គឺជាវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវបានរៀបចំឡើង ដោយគណៈកម្មការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីជ្រើសរើសយកជ័យលាភីពីលេខ១ ដល់ លេខ៣ នៃកម្រិតឆ្នាំសិក្សានីមួយៗ។ បេក្ខជនជ័យលាភីទាំងអស់នឹងទទួលបាន៖ - លេខ១: ទទួលបាន មេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់ ៣០០ដុល្លារ ព្រមទាំងអាហារូបករណ៍សិក្សា១០០% រយៈពេល ១ឆ្នាំ ចំពោះនិស្សិតឆ្នាំទី៤ ត្រូវបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល ១ឆ្នាំ។ - លេខ២: ទទួលបានមេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់ ២០០ដុល្លារ ព្រមទាំងអាហារូបករណ៍សិក្សា១០០% រយៈពេល ១ឆមាស ចំពោះនិស្សិតឆ្នាំទី៤ ត្រូវបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល ១ឆមាស។ - លេខ៣: ទទួលបានមេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់ ១០០ដុល្លារ។ ក្នុងឱកាសនោះដែរ លោក លី ណាវុឌ្ឍ ក៏បានសម្តែងនូវការកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសនិស្សិតជ័យលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ លោក បានបន្ថែមទៀតថា កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យនិស្សិតប៊ែលធីទាំងអស់បានបញ្ចេញនូវសមត្ថភាព និងភាពក្លាហានរបស់ខ្លួនក្នុងការនិយាយជាសាធារណៈ ក៏ដូចជាពង្រឹងគុណភាពអប់រំផ្នែកភាសាអង់គ្លេសឲ្យកាន់តែប្រសើរឡើងថែមទៀតឲ្យស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។ ជាពិសេស ដើម្បីឲ្យប្អូនៗទាំងអស់ មានភាពក្លាហាន ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ លោក ក៏បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹង ចំណេះធ្វើ ជំនាញនិងភាសា ។ ជាទីបញ្ចប់ លោក លី ណាវុឌ្ឍ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ ថតរូបអនុស្សាវរីយ៍ និង ផ្តល់រង្វាន់លើកទឹកចិត្ត ជូនដល់និស្សិតជ័យលាភី ឆ្នាំទី១ ទី២ ទី៣ និងទី៤ ចំនួន ១២នាក់ ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________