សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ
សហព័ន្ធសន្តិភាពសកល-កម្ពុជា (UPF-Cambodia)
ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធសន្តិភាពសកល-កម្ពុជា (Universal Peace Federation-Cambodia) ក្រោមអធិបតីភាពឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកល ប្រចាំឥណ្ឌូចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក ដាមរី ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាទូតសន្តិភាព UPF-Cambodia។ លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប បានមានប្រសាសន៍ថា៖ គោលបំណងនៃការចុះ MOU នេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិ ដូចជាការផ្លាស់ប្តូរកម្មវិធីសិក្សា បទពិសោធន៍ពីគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរនិសិ្សត និងទស្សនកិច្ចសិក្សាផ្សេងៗ ជាពិសេសផ្តល់ឱកាសជូនដល់សិស្ស-និស្សិត ចូលរួមវេទិកាជាតិ-អន្តរជាតិ និងទទួលបានការបណ្តុះបណ្តាលស្តីពី យុវជន និងការរក្សាសន្តិភាព ភាពជាអ្នកដឹកនាំ ចំណេះដឹងអំពីសហគមន៍អាស៊ានជាដើម។ លោកបានបន្ថែមថា កន្លងមក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ចំនួន៣៤ រួចមកហើយ រួមមាន៖ ទី១-ប្រទេសអង់គ្លេស ចំនួន៥ ទី២-សហរដ្ឋអាមេរិក ចំនួន៥ ទី៣-សិង្ហបូរី ចំនួន១ ៤-កាណាដា ចំនួន១ ទី៥-អូស្ត្រាលី ចំនួន១ ទី៦-ចិន ចំនួន១០ ទី៧-កូរ៉េ ចំនួន៣ ទី៨-ជប៉ុន ចំនួន២ ទី៩-ម៉ាឡេស៊ី ចំនួន២ និង ទី១០-ថៃ ចំនួន៤។ ហើយថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះ MOU បន្ថែមមួយទៀតជាមួយ សហព័ន្ធសន្តិភាពសកល-កម្ពុជា (UPF-Cambodia) ដែលជាដៃគូសហប្រតិបត្តិការអន្តរជាតិ ទី៣៥ របស់ប៊ែលធី។ បន្ទាប់មកលោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកល ប្រចាំឥណ្ឌូចិន បានមានប្រសាសន៍ថា៖ លោកពិតជាមានក្តីសប្បាយរីករាយណាស់ ដែលបានចុះ MOU ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយដែលមានកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU បន្ថែមមួយទៀត ជាមួយនឹងសហព័ន្ធសន្តិភាពសកល-កម្ពុជា។ ការចុះ MOU នេះ ភាគីទាំងពីរនឹងទទួលបានភាពជាដៃគូយ៉ាងជិតស្និត និងការសហការគ្នាយ៉ាងល្អរវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងជាពិសេសផ្តល់ឱកាសជូនដល់សិស្ស-និស្សិត ក្នុងការចូលរួមវេទិកាជាតិ-អន្តរជាតិ និងការបណ្តុះបណ្តាល យុវជន ស្តីពីសន្តិភាព និងភាពជាអ្នកដឹកនាំ ព្រមទាំងប្រធានបទសំខាន់ៗជាច្រើនទៀត សំដៅធ្វើយ៉ាងណាឲ្យសិស្ស-និស្សិតទទួលបាននូវចំណេះដឹង និងជំនាញ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អទៅថ្ងៃអនាគត។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង និងលោក ហាជីមិ សៃតុ បានចុះ MOU និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________