សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីប្រគល់រង្វាន់
ដល់និស្សិតឆ្នើម ដែលបានទទួលជ័យលាភីក្នុងការប្រកួតប្រជែងកម្មវិធីនានា
រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសំណេះសំណាល ចែករំលែកបទពិសោធន៍ និងប្រគល់រង្វាន់ ដល់សិស្ស-និស្សិតឆ្នើម ដែលទទួលបានជ័យលាភី ក្នុង៣ប្រកួត ក្រោមអធិបតីភាពឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានអោយដឹងថា៖ សិស្ស-និស្សិតឆ្នើម នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនានាទាំងក្នុងប្រទេស និងក្រៅប្រទេស និងទទួលបាន ជ័យលាភី ដូចខាងក្រោម៖ ១-ក្រុមជជែកពិភាក្សាតស៊ូមតិ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺកញ្ញា សាងុំា សុភ័ក្ររតនៈ កញ្ញា ហង្ស ណារី និងលោក ហាហ្សាន់ នូរ៉នីអាកាស៊ី បានទទួលជ័យលាភីជើងឯកក្នុងកម្មវិធី ប្រកួតប្រជែងពិភាក្សាតស៊ូមតិជាភាសាអង់គ្លេស និងពានរង្វាន់SpringBoard ឆ្នាំ ២០១៦ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលរៀបចំ ដោយស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និង SpringBoard4Cambodia ហើយពួកគេនឹងតំណាងឱ្យប្រទេសកម្ពុជា ដើម្បីទៅចូលរួមដណ្តើមយកពានរង្វាន់ក្នុងការប្រកួតប្រជែង ជជែកពិភាក្សា តំបន់អាស៊ីប៉ាស៊ីហ្វិកនៅប្រទេសថៃ ក្នុងខែឧសភា ឆ្នាំ ២០១៦ខាងមុខនេះ។ ២-សិស្សឈ្មោះ កែវ ពិសិដ្ឋ ថ្នាក់ទី១០ នៃសាលា ប៊ែលធី អន្តរជាតិទី៩ បានជាប់ជ័យលាភីលេខ ២ ក្នុងការប្រកួតប្រជែងតែងនិពន្ធពាក្យស្លោក នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៦ ក្រោមពាក្យស្លោក៖ “អង្គរសង្ក្រាន្ត អង្គរថ្កើងថ្កានក្សេមក្សាន្តឆ្នាំថ្មី សិរីសួស្តីនៃមហាគ្រួសារខ្មែរ” និងនិស្សិតឈ្មោះ ព្រំ ចាន់លក្ខិណា ឆ្នំាទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជាប់ជ័យលាភីលេខ ៣ ក្រោមពាក្យស្លោក៖ “ទៅលេងអង្គរនាពេលសង្ក្រាន្ត ផ្សងសុខក្សេមក្សាន្តពេលបណ្តែតគោម” ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៦។ ៣-សិស្ស ៣រូប ដែលកំពុងសិក្សា ទាំងពីរផ្នែកគឺ ភាសាអង់គ្លេសទូទៅ Level 10 និងចំណេះទូទៅ ថ្នាក់ទី១០ នៃសាលាប៊ែលធី អន្តរជាតិ ដែលបានទៅចូលរួម "ការបោះជំរំសិស្ស អាស៊ានបូកបីលើកទី៧ និងសិក្ខាសាលាផ្នែកវិទ្យាសាស្រ្ត"ជាមួយសិស្សចំនួន ៩២នាក់ដែលមកពីបណ្តាប្រទេសចំនួន១១ ចាប់ពីថ្ងៃទី២៤ ដល់៣១ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងChangwon នៃសាធារណរដ្ឋកូរ៉េ ហើយសិស្សឈ្មោះ លាង ជូលីន និងឈ្មោះ ប៊ុន មុនីសកល ទទួលបានមេដាយមាសម្នាក់១ និងសិស្សឈ្មោះ រស់ ច័ន្ទវល្លក ទទួលបានមេដាយប្រាក់១ ក្នុងការធ្វើបទបង្ហាញអំពីប្រធានបទ"ថាមពលបៃតង សម្រាប់ជីវិត"។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានកោតសរសើរ និង ចូលរួមអបអរសាទរដ៏ស្មោះចំពោះសិស្ស-និស្សិតឆ្នើម ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែង រហូតទទួលបានជ័យលាភីនាពេលនេះ។ ឯកឧត្តម បានបន្ថែមទៀតថា ការទទួលបាន ជោគជ័យទាំងអស់នេះ គឺជាមោទនភាពមួយ របស់សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាមោទនភាព សម្រាប់ប្រទេសកម្ពុជាទាំងមូល ក៏ដូចជាកិត្តិយសរបស់ក្មួយៗខ្លួនឯងផ្ទាល់ និងគ្រួសារផងដែរ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ទាំងផ្នែកចំណេះទូទៅ វប្បធម៌ទូទៅ និងចំណេះដឹងតាមជំនាញផ្សេងៗ ជាពិសេសចំណេះដឹងផ្នែកភាសាបរទេស ដើម្បីពង្រីក ពង្រឹងការយល់ដឹងឲ្យបានទូលំទូលាយ មានលក្ខណៈជាសកលផងដែរ។ ជាទីបញ្ចប់ឯកឧត្តម និងលោកជំទាវ ក៏បានប្រគល់រង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស-និស្សិតជ័យលាភី៖ ១-ក្រុមជជែកពិភាក្សាតស៊ូមតិ ទទួលបានទឹកប្រាក់ 1500$ ២-សិស្សជ័យលាភីលេខ២ និងនិស្សិតជ័យលាភីលេខ៣ ក្នុងការប្រកួតប្រជែងតែងនិពន្ធពាក្យស្លោក នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៦ ទទួលបានទឹកប្រាក់ 500$ និង ៣-សិស្សឆ្នើម ៣រូប ទទួលបានមេដាយមាស២ និងប្រាក់១ ពីអាស៊ានបូកបី លើកទី៧ នៅសាធារណរដ្ឋកូរ៉េ ទទួលបានទឹកប្រាក់ 800$ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________