សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
រៀបចំការប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២
នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសលើកទី២ (English Speaking Contest Program) ក្នុងវគ្គផ្តាច់ព្រ័ត្រ សម្រាប់និស្សិតឆ្នាំទី១ ទី២ ទី៣ និងទី៤ ដែលមានបេក្ខជនសរុបចំនួន ២៣នាក់ និងមានអ្នកចូលរួមជាង៧០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ យោងតាមរបាយការណ៍របស់លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា៖ បច្ចុប្បន្នសាកលវិទ្យាល័យមាននិស្សិតកំពុងសិក្សា ចំនួន ៧៧៥នាក់ ក្នុងនោះមាននិស្សិតបរទេសចំនួន ៣១នាក់។ ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ធ្វើឡើងជា ៣កម្រិត គឺ ៖ ១-កម្រិតថ្នាក់រៀន (Class Level Competition) និស្សិតត្រូវបានបែងចែកជាក្រុម ៣ ឬ៤នាក់ ហើយធ្វើការប្រកួតប្រជែងនិយាយភាសាអង់គ្លេសនៅរាល់១៥នាទីចុងក្រោយនៃមេរៀន និស្សិតជ័យលាភីចំនួន៣នាក់នៃថ្នាក់នីមួយៗ ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតនៅវគ្គបន្ទាប់ ។ ២-កម្រិតមហាវិទ្យាល័យ (Faculty Level Competition) និស្សិតជ័យលាភី៣នាក់ មកពីថ្នាក់នីមួយៗ ក្នុងមហាវិទ្យាល័យរបស់ខ្លួន ត្រូវធ្វើការប្រកួតប្រជែងនិយាយភាសាអង់គ្លេស ដែលរៀបចំឡើងដោយគណៈកម្មាការនៃមហាវិទ្យាល័យនោះ ហើយនិស្សិតជ័យលាភី៣នាក់ នៃមហាវិទ្យាល័យ នោះ ត្រូវបានជ្រើសរើសឲ្យចូលរួមនៅវគ្គផ្តាច់ព្រ័ត្រ។ ដោយឡែក និស្សិតជ័យលាភីចំនួន៥នាក់ នៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រផងដែរ ។ ៣-កម្រិតសាកលវិទ្យាល័យ ប៊ែលធី BELTEI University Level Competition គឺ ជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស(English Speaking Contest Program) ដែលត្រូវរៀបចំឡើងដោយគណៈកម្មាការរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅសាលសហសិក្សា ដើម្បីជ្រើសរើស និស្សិតជ័យលាភី ពីលេខ១ ដល់លេខ៣ តាមឆ្នាំនីមួយៗប្រចាំឆ្នាំសិក្សា ២០១៤-២០១៥ ហើយរង្វាន់ដែលត្រូវទទួលបានរួមមាន ៖ -លេខ១: ទទួលបាន មេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់300$ ព្រមទាំងអាហារូបករណ៍សិក្សា១០០% រយៈពេល១ឆ្នាំ ចំពោះនិស្សិតឆ្នាំទី៤ ត្រូវបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំ។ -លេខ២: ទទួលបានមេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់200$ ព្រមទាំងអាហារូបករណ៍សិក្សា១០០% រយៈពេល ១ឆមាស ចំពោះនិស្សិតឆ្នាំទី៤ ត្រូវបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល ១ឆមាស។ -លេខ៣: ទទួលបានមេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់ 100$ ។ ហើយបេក្ខជនដែលចូលរួមវគ្គផ្តាច់ព្រ័ត្តទាំង២៣នាក់ ត្រូវបានទៅទស្សនកិច្ច នៅខេត្តព្រះសីហនុ និងរមណីយដ្ឋាន ឋានសួគ៌បូគោ រយៈពេល ២ថ្ងៃ ១យប់ផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង ក៏បានសម្តែងនូវការកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗ ជាជយលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ ឯកឧត្តមបានបន្ថែម ទៀតថា កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យនិស្សិតបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងការនិយាយជាសាធារណៈ ក៏ដូចជា ពង្រឹងគុណភាពអប់រំ ផ្នែកភាសាអង់គ្លេសឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ហើយ ដើម្បីឲ្យក្មួយៗទាំងអស់ មានភាពក្លាហាន ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ តាមជំនាញនីមួយៗរបស់ខ្លួន ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងចំណេះដឹង ជំនាញ និងភាសា ។ ម៉្យាងវិញទៀតត្រូវត្រៀមខ្លួនឲ្យរួចជាស្រេចសំរាប់សមាហរណកម្មអាស៊ាននាពេលខាងមុខនេះ។ ជាទីបញ្ចប់ឯកឧត្តម ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់និស្សិតជយលាភី ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ ចំនួន ១២នាក់ ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________