ពិធីចុះហត្ថលេខាលើអនុស្សរណៈ
យោគយល់ (MOU) រវាងសាកលវិទ្យាល័យ និង
សាកលវិទ្យាល័យ Sangmyung University នៃសាធារណៈរដ្ឋកូរ៉េ
រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យ បែលធី អន្តរជាតិបានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) រវាងសាកលវិទ្យាល័យ បែលធី អន្តរជាតិ ជាមួយនឹងសាកលវិទ្យាល័យ Sangmyung University មកពីសាធារណៈរដ្ឋកូរ៉េ ក្រោមអធិបតីភាពរបស់ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ បែលធី អន្តរជាតិ និងលោកបណ្ឌិត Goo, Kee-Heou សាកលវិទ្យាធិការ សាកលវិទ្យាល័យ Sangmyung University។ តាមរបាយការណ៍លោក លី ណាវុឌ្ឍ ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ បានអោយដឹងថាៈ កន្លងមកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ជាមួយនឹងសាកលវិទ្យាល័យនានានៅក្រៅប្រទេសមួយចំនួនរួចមកហើយដូចជា៖ ប្រទេសអង់គ្លេស រួមមានៈ -សាកលវិទ្យាល័យ Regent’s University London -សាកលវិទ្យាល័យ York Saint John University -មហាវិទ្យាល័យ Cambridge Tutors College -Springboard4Cambodia សហរដ្ឋអាមេរិកៈ មហាវិទ្យាល័យ Shoreline Community College ប្រទេសម៉ាឡេស៊ី រួមមានៈ -សាកលវិទ្យាល័យ Kuala Lumpur University -សាកលវិទ្យាល័យ Taylor University ប្រទេសសិង្ហបុរីៈ វិទ្យាស្ថាន East Asia Institute of Management សាធារណៈរដ្ឋប្រជាមានិតចិន រួមមានៈ -សាកលវិទ្យាល័យ Guangxi University of Foreign Languages -សាកលវិទ្យាល័យ Guangxi University for Nationalities ប្រទេសកូរ៉េៈ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF មជ្ឈមណ្ឌលប្រឡងតេស្តអន្តរជាតិ រួមមានៈ -International Test Center (TOEFL) -International English Language Testing System (IELTS) ហើយថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះMOUជាមួយ សាកលវិទ្យាល័យ Sangmyung University ដែលមកពីសាធារណៈរដ្ឋកូរ៉េ ក្នុងគោលបំណងផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាកម្មវិធីផ្លាស់ប្តូរនិសិ្សត ទស្សនកិច្ចសិក្សាផ្សេងៗ និងជាពិសេស ប៊ែលធី គ្រុប បានជ្រើសរើសសាកលវិទ្យាល័យជាដៃគូល្អៗតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការជូនមាតាបិតា អាណាព្យាបាលសិស្សដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួន ឲ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈ ប៊ែលធីទំនាក់ទំនងអន្តរជាតិ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។ ជាងនេះទៅទៀតសំដៅធ្វើយ៉ាងណាអោយសិស្ស-និស្សិតទទួលបាននូវ ចំណេះដឹង និងជំនាញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អទៅថ្ងៃអនាគត និងបានស្វែងយល់ពីវប្បធម៌ និងអរិយធម៌បរទេសផងដែរ។ ក្នុងឱកាសនោះដែរ លោកបណ្ឌិត Goo, Kee-Heou សាកលវិទ្យាធិការ សាកលវិទ្យាល័យ Sangmyung University បានធ្វើការចាប់អារម្មណ៍ថាៈ លោកមានក្តីសប្បាយរីករាយណាស់ ដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ(MOU)ជាមួយនឹងសាកលវិទ្យាល័យ Sangmyung University នាពេលនេះ។ ដោយមើលឃើញថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ដែលមានលក្ខណៈជាអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលឈានមុខគេ និងល្បីឈ្មោះជាងគេនៅកម្ពុជា ព្រោះសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាពីប៊ែលធីសុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹងទូទៅ និងភាសា ហើយអាចធ្វើការប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង និងលោកបណ្ឌិត Goo, Kee-Heou បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
____________________________________________________________________________