ពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត
ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ និងប្រកាស
ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ គឺជាទិវាដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមន្សរីករាយក្រៃលែង ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តម ជាលើកទី១ បានទទួលធ្វើបដិសណ្ឋារកិច្ចស្វាមន៍ ប្រកបដោយភក្តីភាព និងភាពកក់ក្តៅបំផុត ចំពោះវត្តមានជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់ “សញ្ញាបត្រ” ជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកភាសាអង់គ្លេស សរុបចំនួន ៧៣៥នាក់ (នារី៣១៤នាក់) និងពិធីប្រកាសដាក់ឲ្យប្រាស់ជាផ្លូវការនូវ “អាគារ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ” ។ តាមរបាយការណ៍របស់ ឯកឧត្តម លី ឆេង សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺជាសាកលវិទ្យាល័យ មួយដែលបានប្រែក្លាយពី វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាល តាមអនុក្រឹត្យលេខ ១៣៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ហើយបច្ចុប្បន្នមាននិស្សិតកំពុងសិក្សា ៧៨២នាក់ (នារី ៣៣៧នាក់)។ ចំពោះ អគារសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានទំហំ ២៣ ម x ៣២ ម កម្ពស់១៥ ជាន់ ស្មើនឹង ១០៦ បន្ទប់ ក្នុងនោះ បន្ទប់សិក្សា ៨៦ បន្ទប់ការិយាល័យ ១១ បណ្ណាល័យ ១ បន្ទប់ប្រជុំ ៣ អាហារដ្ឋាន ១ និង ជណ្ដើរយន្ត ៤ គ្រឿង។ អគារសាកលវិទ្យាល័យនេះ បានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១១ និង បានបញ្ចប់ការសាងសង់ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ ដោយបានចំណាយថវិកា សរុបចំនួន ៦.១១៥.០០០ ដុល្លារអាមេរិក។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏មានឧបសម្ព័ន្ធរបស់ខ្លួនគឺ សាលា ប៊ែលធី អន្តរជាតិ ដែលបច្ចុប្បន្នមាន ១៤ទីតាំង ក្នុងនោះ១៣ទីតាំង នៅក្នុងរាជធានីភ្នំពេញ និង ០១ទីតាំង នៅក្នុងក្រុងតាខ្មៅ និងមានសិស្សា-នុសិស្សកំពុងសិក្សាសរុបចំនួន ២៧.៤៤៧ នាក់ (នារី ១២.៧៩០នាក់) និងមានកម្មវិធីសិក្សា ៥ធំៗដូចជា ចំណេះទូទៅ(ថ្នាក់ទី១ ដល់ទី១២) ភាសាអង់គ្លេសទូទៅ (កម្រិត១ ដល់ ១២) វគ្គបណ្តុះបណ្តាលជំនាញឯកទេស វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ ហើយកន្លងមកសិស្សា-នុសិស្សក៏បានប្រឡងបញ្ចប់តាមកម្មវិធីសិក្សានីមួយៗសរុបចំនួន ១៤.៥០៤នាក់ (នារី ៦.២០១នាក់) ក្នុងនោះ៖ -សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន ៤.៩០៩នាក់ (នារី ២.២០៦នាក់) -សិស្សភាសាអង់គ្លេស (កម្រិត១២) ចំនួន ៣.១៨៧នាក់ (នារី ១.០២៨នាក់) -សិស្សវគ្គខ្លីៗ កុំព្យូទ័រ គរុកោសល្យ និងរដ្ឋបាល ចំនួន ៦.១១០នាក់ (នារី ២.៨៣៧នាក់) -និងសិស្សតេស្តអន្តរជាតិ ចំនួន ២៨៩នាក់ (នារី ១៣០នាក់)។ ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់មហាកិត្តិយសធ្វើសន្ទរកថា និងមានមតិសំណេះសំណាល ជូនអង្គពិធីទាំងមូល ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស បានស្តាប់នូវប្រសាសន៍ដ៏ថ្លៃថ្លា ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ និងមានតម្លៃបំផុត អំពីស្ថានភាពនយោបាយ និងការរីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ សម្តេច ក៏បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ ដែលបានខិតខំអស់កំលាំងចិត្ត កំលាំងកាយ ចូលរួមយ៉ាងសកម្មជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងបេសកម្មបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ សម្ដេច ក៏បានផ្តល់អនុសាសន៍ដ៏ឧត្តុង្គឧត្តម ឲ្យសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ខិតខំពង្រឹងការសិក្សារបស់និស្សិតនូវគ្រប់មុខវិជ្ជាទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសមាហរណកម្មអាស៊ានក្នុងឆ្នាំ ២០១៥ ខាងមុខនេះ ព្រមទាំងណែនាំឲ្យក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវបាវចនារបស់ខ្លួនគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ដើម្បីធ្វើជាត្រីវិស័យទៅអនាគត។ បន្ទាប់មក សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ប្រគល់សញ្ញាបត្រជានិមិត្តរូបដល់និស្សិតជ័យលាភី ចំនួន ២៨នាក់ ។ បន្ទាប់ពីការនិវត្តរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួចមកឯកឧត្តម លី ឆេង សាកលវិទ្យាធិការ ក៏បានបន្តប្រគល់សញ្ញាបត្រជូនដល់និស្សិតដែលនៅសល់ទំាងអស់។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________