សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
រៀបចំការប្រកួតប្រជែងនិយាយភាសាអង់គ្លេស
រសៀលថ្ងៃទី២៩ សីហា ឆ្នាំ២០១៤ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស (English Speaking Contest Program) ក្នុងវគ្គផ្តាច់ព្រ័ត្រ សម្រាប់និស្សិតឆ្នាំទី១ ទី២ ទី៣ និង ទី៤ ដែលមានបេក្ខជន ចំនួន ២០នាក់ និងមានអ្នកចូលរួមជាង ៥០០នាក់ ក្រោមអធិបតីភាពឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ តាមរបាយការណ៍លោក រស់ ប៉ារ៉ាឌី ព្រឹទ្ធបុរស នៃមហាវិទ្យាល័យអប់រំ សិល្បៈ និងមនុស្សសាស្រ្ត បានអោយដឹងថា៖ បច្ចុប្បន្ននេះ មាននិស្សិតកំពុងសិក្សា ចំនួន ៧៧៥នាក់ ហើយនិស្សិតទាំងនេះ មានឱកាសបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេស(English Speaking Contest Program) នៅរៀងរាល់ខែសីហា ។ ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ធ្វើឡើងជា ២កម្រិត គឺៈ ១-កម្រិតសាខាសាកលវិទ្យាល័យ(University Campus Level): ត្រូវបានរៀបចំប្រកួត តាមឆ្នាំសិក្សានីមួយៗ ពី ឆ្នាំទី១ ដល់ឆ្នាំទី៤ ដោយជ្រើសរើសបេក្ខជនជ័យលាភី ពីលេខ១ ដល់ លេខ៥ ដែលមានចំនួនសរុប ២០នាក់ ដើម្បីយកទៅប្រកួតបន្ត នៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ ២-កម្រិតប៊ែលធី (BELTEI Level): គឺជាវគ្គផ្តាច់ព្រ័ត្រត្រូវធ្វើនៅសាលសហសិក្សា ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ តាមឆ្នាំនីមួយៗ ហើយរង្វាន់ដែលត្រូវទទួលបានគឺៈ -លេខ១: ទទួលបាន មេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់ 300$ ព្រមទាំងអាហារូបករណ៍ សិក្សា១០០% រយៈពេល ១ឆ្នាំ ចំពោះនិស្សិតឆ្នាំទី៤ ត្រូវបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល ១ឆ្នាំ។ -លេខ២: ទទួលបានមេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់ 200$ ព្រមទាំងអាហារូបករណ៍សិក្សា១០០% រយៈពេល ១ឆមាស ចំពោះនិស្សិតឆ្នាំទី៤ ត្រូវបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល ១ឆមាស។ -លេខ៣: ទទួលបានមេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់ 100$ ។ ហើយបេក្ខជនជ័យលាភីលេខ១ ដល់លេខ៥ ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ &ឆ្នាំទី៤ ត្រូវបានទៅទស្សនា នៅប្រាសាទអង្គរវត្ត ៣ថ្ងៃ ២យប់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង ក៏បានសម្តែងនូវការកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗ ជាជ័យលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ ឯកឧត្តមបានបន្ថែម ទៀតថា កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំ ផ្នែកភាសាអង់គ្លេសទូទៅឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ហើយ ដើម្បីឲ្យក្មួយៗទាំងអស់ មានភាពក្លាហាន ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រតាមជំនាញនីមួយៗ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងចំណេះដឹង ចំណេះធ្វើ និងភាសា ហើយភាសាអង់គ្លេសជាភាសាសំខាន់ ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ គឺត្រូវទៅទាំងព្រម ម៉្យាងវិញទៀតត្រូវត្រៀមខ្លួនឲ្យរួចជាស្រេចក្នុងការធ្វើសមាហរណកម្មចូលអាស៊ាននៅឆ្នាំ២០១៥ ខាងមុខនេះ។ ឯកឧត្តម ក៏បានសរសើរក្មួយៗផងដែរ ដែលបានកើតមកចំពេល ប្រទេសមានសុខសន្តិភាព ពេញលេញ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ ហើយសូមក្មួយៗ ប្រព្រឹត្តតែអំពើល្អ ដើម្បីធ្វើជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិទៅអនាគត។ ជាទីបញ្ចប់ឯកឧត្តម ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់និស្សិត ជ័យលាភី ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ ចំនួន ១២នាក់ ផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
_______________________________________________________________________