សិស្ស-និស្សិត ប៊ែលធី ៣នាក់ទទួលជ័យលាភីលើការប្រឡងតែងនិពន្ធកំណាព្យ
ក្នុងទិវាវប្បធម៌ ជាតិ ៣ មីនា លើកទី១៥ ឆ្នាំ២០១៣
កាលពីរសៀលថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៣ ក្រសួងអប់រំយុវជន និង កីឡាបានសហការជាមួយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានរៀបចំពិធីប្រកាសលទ្ធផលប្រឡងតែងនិពន្ធកំណាព្យ របស់សិស្ស-និស្សិត ក្នុងការអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៥ ឆ្នាំ២០១៣ ដែលធ្វើឡើងនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជ័យ ចាប រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និង ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រួ សិស្ស-និស្សិត និងអាណាព្យាបាល នៃគ្រឹះស្ថានសិក្សានានាជាង២០០នាក់។ កម្មវិធីនេះបានធ្វើឡើង ដោយតម្រូវអោយគ្រប់គ្រឹះស្ថានសិក្សានៅរាជធានីភ្នំពេញធ្វើការផ្សព្វផ្សាយណែនាំដល់សិស្ស-និស្សិតទាំងអស់អោយចូលរួមក្នុងការប្រឡងនិពន្ធ កំណាព្យ ដែលទាក់ទងនឹងប្រធានបទ “អ្វីៗទាំងអស់ដើម្បីវឌ្ឍនភាពវប្បធម៌ជាតិ” ក្នុងគោលបំណង ដើម្បីលើកតម្កើងកេរដំណែលវប្បធម៌ សីលធម៌ ដ៏ល្អថ្លៃថ្លារបស់ជាតិ ទប់ស្កាត់ការហូរចូលនូវវប្បធម៌អវិជ្ជមានពីបរទេស លុបបំបាត់សកម្មភាពមិនល្អក្នុងសង្គមជាតិ ដែលធ្វើឱ្យប៉ះពាល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ។ ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិបានមានប្រសាសន៍ថា៖ ជាមោទនភាពក្រៃលែងដែលនិស្សិតឈ្មោះ សួន សែនរិទ្ធិ ជាបេក្ខជនតំណាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលជ័យលាភីលេខ១លើការប្រឡងតែងនិពន្ធកំណាព្យ ក្នុងការអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៥ ឆ្នាំ២០១៣ ។ ទន្ទឹមនឹងនេះដែរ និស្សិតឈ្មោះ សៀ ស៊ុយម៉េង ជាបេក្ខជនតំណាងសាកលវិទ្យាល័យ ប៊ែល ធី អន្តរជាតិ និង សិស្សឈ្មោះ សាធ សត្ថាវត្តី ជាបេក្ខជនតំណាងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ក៏បានទទួលរង្វាន់លើកទឹកចិត្តពីគណៈកម្មការ ព្រមទាំង ទទួលអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% ពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិផងដែរ។ ទីបញ្ចប់ ឯកឧត្តម ជ័យ ចាប រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា បានមានប្រសាសន៍កោត សរសើរដល់បេក្ខជន និង ផ្តល់កិតិ្តយសប្រគល់រង្វាន់ដល់ជ័យលាភីទាំងអស់ ប្រកបដោយមោទនភាពនិង សោមនស្សរីករាយ ក្រៃលែង។ |
|
![]() |
![]() |