កាលពី ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រតិភូវិទ្យាស្ថាន ប៊ែលធី អន្តរជាតិដែលដឹកនាំ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី អន្តរជាតិ អមដំណើរដោយលោកប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ និងលោកប្រធានការិយាល័យសិក្សា បានវិលត្រលប់មកពី ទស្សនៈកិច្ចសិក្សានៅសាកលវិទ្យាល័យចំនួន៩ នៃចក្រភពអង់គ្លេស។ ឯកឧត្តម លី ឆេង បានមានប្រសាសន៍អោយដឹងថាពីគោលបំណងទៅទស្សនៈកិច្ចសិក្សាមាន ៣ ធំៗសំខាន់ៈ (១)-ចូលរួមអមដំណើរគណៈប្រតិភូនៃសមាគមន៍គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមាន ឯកឧត្តម សេង ផល្លី ជាប្រធាន។ (២)-ស្វែងរកការគាំទ្រអន្តរជាតិ និង ជ្រើសរើសយកសាកលវិទ្យាល័យដែលល្អៗ នៅក្រៅប្រទេស ដើម្បីធ្វើជាដៃគូ និងធ្វើសហប្រតិបត្តិការណ៍ ជាមួយ ប៊ែលធី អន្តរជាតិទៅអនាគត។ (៣)-ចុះកិច្ចព្រមព្រៀងជាផ្លូវការ រវាងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងមហាវិទ្យាល័យ Regent's College, London ស្តីពីការទទួលយកនិស្សិត ថ្នាក់ឆ្នាំមូលដ្ឋាន ដែលវិទ្យាស្ថាន បែលធី អន្តរជាតិ អោយចូលរៀនឆ្នាំទី២ នៅមហាវិទ្យាល័យ Regent's College, London តែម្តង។ ត្រង់ចំណុចនេះឯកឧត្តមបានបញ្ជាក់បន្ថែមថា បន្ទាប់ពីគណៈកម្មការជំនាញរបស់ Regent's College, London បានធ្វើការសិក្សាយ៉ាងលំអិតលើកម្មវិធីសិក្សា កំរិតវប្បធម៌សាស្រ្តាចារ្យ និងប្រព័ន្ធ វាយតម្លៃនិស្សិត របស់វិទ្យាស្ថានប៊ែលធីអន្តរជាតិរួចមក សកលវិទ្យាធិការនៃសាកលវិទ្យាល័យ Regent's College, London បានយល់ព្រមទទួលស្គាល់ គុណភាព បណ្តុះបណ្តាល ថ្នាក់ឆ្នាំមូលដ្ឋាននៅប៊ែលធី ដូច្នេះមានន័យថា ពេលនិស្សិតរៀនចប់នៅឆ្នាំសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន ឬឆ្នាំទីមួយ អាចមានសិទ្ធរៀនបន្តទៅឆ្នាំទី២ នៅ Regent's College, London តែម្តង។
ឯកឧត្តមបានបន្តទៀតថា ថ្មីៗនេះវិទ្យាស្ថានបានបើកការិយាល័យទំនាក់ទំនងអន្តរជាតិ ដែលមានតួនាទី ៣សំខាន់ៗរួមមានៈ ១)- បង្កើនសេវាផ្លាស់ប្តូរនិស្សិត រវាងនិស្សិតដែលរៀននៅបែលធី និង និស្សិតអន្តរជាតិដែលរៀននៅក្រៅប្រទេស ២)- បង្កើនសេវាបញ្ជូននិស្សិតពីប្រទេសកម្ពុជាទៅសិក្សានៅបរទេស ៣)- ស្វែងរកកិច្ចគាំទ្រផ្នែកបច្ចេកទេសពីសាកលវិទ្យាល័យដែលធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា
ជាទីបញ្ចប់ឯកឧត្តមបានបន្ថែមទៀតថា វិទ្យាស្ថានបានខិតខំស្វែងរកសាកលវិទ្យាល័យនៅក្រៅប្រទេសដែលមាន គុណភាពល្អពិតប្រាកដ មានការទទួលស្គាល់ត្រឹមត្រូវ មានតម្លៃសមរម្យ មានការយកចិត្តទុកដាក់ខ្ពស់ដល់ការសិក្សារបស់និស្សិត និងមានសេវាជួយរកការងារអោយនិស្សិតធ្វើ សំរាប់ឲ្យប្អូនៗដែលមានបំណងចង់ទៅសិក្សានៅបរទេស ។ វិទ្យាស្ថាន នឹងចាប់ទទួលពិគ្រោះយោបល់អំពីការសិក្សានៅបរទេសចាប់ពីសប្តាហ៍ ក្រោយនេះតទៅ។ ព័ត៌មានលំអិតសូមមើលគេហទំព័រៈ www.beltei.edu.kh។
|






|