ប៊ែលធី ទំនាក់ទំនង អន្តរជាតិ
បានបញ្ជូនសិស្សអាហារូបករណ៍ ឧកញ៉ា លី ឆេង ១១នាក់ ទៅសិក្សានៅសិង្ហបុរី
រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ(BELTEI IR) បានបញ្ជូនសិស្ស ចំនួន ១១រូប មកពីសាលា ប៊ែលធី អន្តរជាតិ ដែលក្នុងនោះមានសិស្សនិទ្ទេសA ចំនួន ៤រូប និង សិស្សពូកែចំនួន ៧រូប ដែលបានទទួលអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅ វិទ្យាស្ថាន East Asia Institute of Management (EASB) នៃប្រទេសសិង្ហបុរី។ គិតត្រឹមថ្ងៃនេះ ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ (BELTEI IR) បានបញ្ជូន សិស្សចំនួន ៥២រូប រួចហើយ ដែលបានទទួល អាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅតាមសាកលវិទ្យាល័យនានា ឯក្រៅប្រទេស ដែលបានចុះ អនុស្សារណៈគ្នា (MoU) ជាមួយ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងនោះមាន ចក្រភព អង់គ្លេស ចំនួន ១១រូប, សិង្ហ បុរី ចំនួន ៤០ រូប និងសាធារណៈ រដ្ឋប្រជាមានិត ចិន ចំនួន ១រូប។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាប្រធានការិយាល័យ ប៊ែលធីទំនាក់ទំនងអន្តរជាតិ បានអោយដឹងថាៈ ការប្រឡងជ្រើសរើស សិស្សអាហារូបករណ៍នេះ គឺបានធ្វើឡើងយ៉ាងតឹងរឹង និង ហ្មត់ចត់ជាទីបំផុត ដោយធ្វើឡើងទៅតាម ដំណាក់កាលនីមួយៗ ដូចជា សិស្សថ្នាក់ទី១២ទាំងអស់ នៃសាលា ប៊ែលធី អន្តរជាតិ មានសិទ្ធិដាក់ ពាក្យសុំប្រឡងយកអាហារូបករណ៍នេះ ហើយដំណើរការប្រឡងចែកចេញ ជា ២ដំណាក់កាលផងដែរ៖ ដំណាក់កាលទី១ គឺ ត្រូវធ្វើតេស្តអន្តរជាតិ អាយ អ៊ែល (IELTS) ជាភាសាអង់គ្លេស ដែលបានរៀបចំឡើងដោយ មន្រ្តីមកពីប្រទេសសិង្ហបុរី និង ដំណាក់កាលទី២ បេក្ខជនត្រូវសម្ភាសន៍ផ្ទាល់មាត់ ជាមួយពួកគាត់។ ក្នុងឆ្នាំ សិក្សា២០១៦នេះ យើងមានបេក្ខជនចូលរួមប្រឡង លើកទី១ មានចំនួន ១៧៧ នាក់ ជាប់ ៧០ នាក់ និង ប្រឡង លើកទី២ សិស្ស ៧០នាក់ ជាប់បាន ១១នាក់ ដែលត្រូវបញ្ជូនទៅសិក្សានៅក្រៅប្រទេសនៅថ្ងៃនេះ។ លើសពីនេះ លោក លី ណាវុឌ្ឍ ក៏មានបញ្ជាក់ដែលថា ការិយាល័យប៊ែលធីទំនាក់ទំនងអន្តរជាតិ គឺជាផ្នែកមួយ នៃប៊ែលធី គ្រុប ដែលមានបម្រើសេវាកម្ម ៣ធំៗ ដូចជា៖ ១. បញ្ជូនសិស្ស-និស្សិត ប៊ែលធី រៀនពូកែ ឬ សិស្សនិទ្ទេស A ដែលទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេសជាមួយសាកលវិទ្យាល័យ ជាដៃគូ (MoU)។ ២.មានបម្រើសេវាកម្មបញ្ជូនសិស្ស-និស្សិតទូទៅ ទូទាំងប្រទេស ដែលមានបំណងចង់ទៅសិក្សា នៅឯក្រៅប្រទេស ទូទាំងពិភពលោក ដូចជាៈ សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្រ្តាលី ញូហ្សេឡេន សិង្ហបុរី ចិន កូរ៉េ ថៃ ។ល។ សូមបញ្ជាក់ផងដែរថា ថ្មីៗនេះ ការិយាល័យប៊ែលធី ទំនាក់ទំនងអន្តរជាតិ បានបញ្ជូនសិស្សចំនួន ២រូប ទៅសិក្សានៅសហរដ្ឋអាមេរិក គឺ ប្អូន តាំង លីហេង ទៅសិក្សា នៅសាលា Edmonds Community College ក្នុង រដ្ឋវ៉ាស៊ីនតោន និង ប្អូន វង្ស លីហេង ទៅសិក្សានៅ សាលា EF (Education Frist), San Francisco Mills College, ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ៣.មានបម្រើសេវាកម្មរៀបចំបញ្ជូនសិស្ស-និស្សិតទៅធ្វើទស្សនកិច្ចសិក្សា(Study Tour) នៅក្រៅប្រទេស រយៈពេល ១សប្តាហ៍ រហូតដល់ ១ខែ នៅតាមសាកលវិទ្យាល័យ ឬ គ្រឹះស្ថានសិក្សានានា ពាសពេញ ពិភពលោក។ យ៉ាងណាមិញ កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ការិយាល័យទំនាក់ទំនងអន្តរជាតិ បានបញ្ជូនសិស្សចំនួន ១៧រូប ទៅធ្វើទស្សនកិច្ចសិក្សា Junior English Summer Camp រយៈពេល ២សប្តាហ៍ នៅទីក្រុងសាន់តាបាបារ៉ា ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយត្រលប់មកកម្ពុជាវិញ ប្រកបដោយ ភាពជោគជ័យ។ ជាចុងបញ្ចប់ លោក លី ណាវុឌ្ឍ បានលើកឡើងយ៉ាងមុតមាំថា ការិយាល័យប៊ែលធីទំនាក់ទំនង អន្តរជាតិ គឺបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈ ការខិតខំព្យាយាមយកចិត្តបញ្ជូនសិស្សពូកែ និងសិស្សនិទ្ទេស A នៃសាលា ប៊ែលធី អន្តរជាតិ ដែលទទួលបាន អាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេសជាសាកលវិទ្យាល័យជាដៃគូ ការបញ្ជូនសិស្ស-និស្សិតទូទៅ ដែលមកពីសាលា ឬ គ្រឹះស្ថានសិក្សានានា ដែលមានបំណងចង់ទៅសិក្សានៅឯក្រៅប្រទេស ទូទាំងពិភពលោក ពិសេសប្រទេសដែលមាន សេដ្ឋកិច្ច នយោបាយ វប្បធម៌ អរិយធម៌ និង មានប្រព័ន្ធអប់រំល្អ ដែលពិភពលោកទទួលស្គាល់ និងការរៀបចំដំណើរទស្សនៈកិច្ចសិក្សាទៅក្រៅប្រទេស សម្រាប់សិស្ស- និស្សិតគ្រប់រូបជាដើម។ លោក លី ណាវុឌ្ឍ ក៏បានផ្តាំផ្ញើទៅកាន់សិស្សានុសិស្សគ្រប់រូប ដែលបានសិក្សា នៅក្រៅប្រទេសផងដែរថា ក្នុងនាមជា កុលបុត្រ កុលធីតាខ្មែរ និងជាយុវជន យុវតី ជាទំពាំងស្នងឫស្សីដ៏រឹងមាំ របស់ប្រទេសជាតិ សូមប្អូនៗទាំងអស់ ពេលបញ្ចប់ការសិក្សា សូមត្រលប់មកមាតុភូមិវិញ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ល្អៗ និងគំនិតច្នៃប្រឌិត មកចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ឲ្យរីកចម្រើនស្របតាម គោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់ ការិយាល័យប៊ែលធីទំនាក់ទំនងអន្តរជាតិ ដែលមានអាសយដ្ឋាននៅក្នុង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អគារលេខ ២១ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ តាមរយៈលេខទូរស័ព្ទ ០៩៩ ៩៩៩៩ ៨៦, ០៧៧ ៧៧ ៦៦ ០៨, ០១២ ៣៤ ៣៥ ៤៩ ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ