គណៈប្រតិភូនៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ
បំពេញទស្សនកិច្ចសិក្សានៅ ចក្រភពអង់គ្លេស
គណៈប្រតិភូ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ដឹកនាំដោយ ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជានាយក វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានវិលត្រឡប់មកពី បំពេញទស្សនកិច្ចសិក្សា រយៈពេល១០ថ្ងៃគឺចាប់ពីថ្ងៃទី១៤-២៣ ខែមីនា ឆ្នាំ២០១១ នៅចក្រភពអង់គ្លេស តាមរយៈការអញ្ជើញ របស់សាកលវិទ្យាល័យ មួយចំនួននៅចក្រភពអង់គ្លេស ដែលអមដំណើរ ដោយលោកប្រធានការិយាល័យ ទំនាក់ទំនងអន្តរជាតិ លោកស្រីប្រធានការិយាល័យ គណនេយ្យ លោកប្រធានការិយាល័យសិក្សា និងសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។ នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ឯកឧត្តម លី ឆេង បានមានប្រសាសន៍ថាៈ ដំណើរទស្សនកិច្ចសិក្សានៅ ចក្រភពអង់គ្លេសមានគោលបំណងធំៗ៤ដូចជាៈ ១-ចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដើម្បីធ្វើអោយវិស័យអប់រំនៅ កម្ពុជា ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ២-ចង់ឃើញដោយផ្ទាល់ភ្នែកនូវទីតាំង អគារសិក្សា បណ្ណាល័យ បន្ទប់រៀន បន្ទប់ពិសោធន៍ សម្ភារៈសិក្សា ការស្នាក់នៅរបស់និស្សិត និងវប្បធម៌ នៅចក្រភពអង់គ្លេស។ ៣-ដកស្រង់បទពិសោធន៍ អំពីនិរន្តភាព របស់សាកលវិទ្យាល័យនីមួយៗ ដូចជា រចនាសម្ពន្ធ័គ្រប់គ្រង និងកម្មវិធីសិក្សា ។ ៤-បង្កើតឱកាសអោយសមាជិក នៃសមាគមបានជួបទំនាក់ទំនង ដោយផ្ទាល់ជាមួយសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេស មុននឹងធ្វើការសម្រេចចិត្តចុះអនុស្សរណៈយោគយល់(MOU)ជាមួយគ្នា។ ឯកឧត្តមបានបន្តទៀតថា នៅក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូ នៃសមាគមគ្រឹះស្ថាន បានទៅទស្សនា សាកលវិទ្យាល័យល្បីៗ របស់ចក្រភពអង់គ្លេសមួយចំនួនដូចជាៈ 1-University of Greenwich 2- Regent’s College, London 3- Metropolitan University 4- University of Wolverhampton 5- York St John University 6- Leeds University 7- Leeds Metropolitan University 8- Calderdale College 9- University of London 10- School of Oriental and Africa Study 11- St Mary University។ ឯកឧត្តម ក៏បានបង្ហាញពីលទ្ធផល ដែលទទួលបានក្រោយដំណើរទស្សនកិច្ចសិក្សានេះ មានចំនុចសំខាន់ៗ ដូចជា បានយល់ដឹងពីប្រព័ន្ធ សិក្សាថ្នាក់ឧត្តមសិក្សានៅ ចក្រភពអង់គ្លេស និងផ្លាស់ប្តូរបទពិសោធន៍ពីការគ្រប់គ្រង និងការអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជនក្នុងដំណាក់កាលថ្មី ដែលប្រទេសកម្ពុជាកំពុងធ្វើសមាហរណកម្ម នៅក្នុងតំបន់ និង សាកលភាវូបនីយកម្ម លើពិភពលោក និងបានយល់ដឹងពីវប្បធម៌ កម្មវិធីសិក្សា រចនាសម្ព័ន្ធ នៃការគ្រប់គ្រង សាកលវិទ្យាល័យ និងវិទ្យាស្ថាន ដែលពាក់ព័ន្ធទៅនឹងការរៀបចំ ធ្វើយ៉ាងណាអោយ សាកលវិទ្យាល័យមានដំណើរការល្អ និងគុណភាពអប់រំខ្ពស់ ព្រមទាំងទទួលបាន ជោគជ័យនាពេល អនាគត។ គណៈប្រតិភូនៃសមាគម ទាំងអស់បាន ជួបសំណេះសំណាល ជាមួយសាកលវិទ្យាល័យ ខាងលើនៅចក្រភពអង់គ្លេស ហើយសង្ឃឹមថាសាកលវិទ្យាល័យ មួយចំនួន នឹងធ្វើការសម្រេចចិត្តឈានទៅដល់ការចុះអនុស្សរណៈយោគយល់(MOU)។ ឯកឧត្តម លី ឆេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តចតុកោណ ស្តីពីការ កសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ឱកាសអោយសមាគម គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធនា មនុស្សនៅកម្ពុជា រហូតឈានទៅដល់ការធ្វើកិច្ច សហប្រតិបត្តិការ ជាមួយបណ្តាសាកលវិទ្យាល័យ អន្តរជាតិនានា នៅក្រៅប្រទេស។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ស៊ាន បូរ៉ាត ទីប្រឹក្សា ផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយស សមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា តែងតែផ្តល់អនុសាសន៍ល្អៗ ដើម្បីពង្រឹងនិរន្តភាព របស់គ្រឹះស្ថានសិក្សានីមួយៗ ដែលជាសមាជិកសមាគម និងអោយខិតខំស្វែងរកសាកល វិទ្យាល័យអន្តរជាតិល្អៗ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហោណាំបូរ៉ា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅចក្រភពអង់គ្លេស និង លោកជំទាវ ដែលបានស្វាគមន៏ យ៉ាងកក់ក្តៅដល់គណៈប្រតិភូ នៃសមាគមរបស់យើង ចាប់តាំងពី ទៅដល់ រហូតត្រឡប់មកពីចក្រភពអង់គ្លេសវិញ ដោយទទួលរៀបចំពិធីពិសារភោជនាអាហារ៣ពេលផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ