សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់
វិញ្ញាបនបត្រជូនដល់សិស្សានុសិស្សភាសាអង់គ្លេសទូទៅ
កម្រិតទី៦ (Level 6) ជំនាន់ទី៦៨ និងទី៦៩ ចំនួន ១ ០០២នាក់
សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សានុសិស្សភាសាអង់គ្លេសទូទៅកម្រិតទី៦ (Level 6) ជំនាន់ទី៦៨ និងទី៦៩ ដែលបានប្រឡងបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ១ ០០២នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តម លី ប៊ុនឆៃ បានកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រសម្រាប់កម្រិតទី៦ (Level 6) ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យនាពេលនេះ។ ជាមួយនឹងជោគជ័យរបស់ក្មួយៗ ឯកឧត្តមអគ្គនាយករង ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។ ឯកឧត្តមអគ្គនាយករង ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ Adult Learners (Level 7-12) ដើម្បីត្រៀមខ្លួនប្រកួតប្រជែងដណ្តើមទីផ្សារការងារជាតិ និងអន្តរជាតិ ជាពិសេសដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យានៃសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។
ជាទីបញ្ចប់ ឯកឧត្តមអគ្គនាយករង បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្សជ័យលាភីទាំង ១ ០០២នាក់ នាពេលនោះផងដែរ។
|
|
_______________________________________________________________________