កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១១ គណៈគ្រប់គ្រងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ដឹកនាំដោយ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងអមដំណើរ ដោយលោកប្រធានការិយាល័យ និងលោកនាយកសាខា គ្រប់ទីតាំងប៊ែលធី បាននាំយកថវិកាចំនួន ២៥.០០០.០០០រៀល ចូលរួមជាមួយគណៈប្រតិភូសមាគម គ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ដែលមានសមាជិកចំនួន ៤៣គ្រឹះស្ថានសិក្សា ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត ហ៊ុន ម៉ាណែត ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចុះសាកសួរសុខទុក្ខកងទ័ព និងនាំអំណោយទៅផ្តល់ជូនដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ ដែលឈរជើង នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងមានការចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី។ ក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានបញ្ជាក់ថាក្រោយ ពីផ្អាកឈប់បាញ់គ្នា មួយរយៈនៅព្រះវិហារនោះ យោងតាមអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ឲ្យសម្រួលកម្លាំងកងទ័ព គឺកងពលតូចថ្មើរជើងលេខ៤១ បានមកឈរជើងក្នុងតំបន់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យវិញ។ ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានគណៈប្រតិភូរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍ថា ដោយមានការស្នើសុំ ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ក៏បានអនុញ្ញាត និងផ្តល់ជូនតាមរយៈគណៈប្រតិភូ ដើម្បីយកមកឧបត្ថម្ភ ដល់វីរៈកងទ័ពនៅទីនេះ មានថវិកាចំនួន ១៣៨.៥៩០.០០០រៀល ថវិការបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាចំនួន ១០៨.៨០៤.៥០០រៀល ក្នុងនោះថវិកា របស់ប៊ែលធី ចំនួន ២៥.០០០.០០០រៀល ផងដែរ។ មានមតិនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យោងតាមការចង្អុលបង្ហាញរបស់ សម្តេចអគ្គមហា សេនាបតីតេជោ នាយករដ្ឋមន្រ្តី និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ជំនួសមុខឲ្យ គណៈប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសមាជិក សមាជិកា ថ្នាក់ដឹកនាំសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា និងថ្នាក់ដឹកនាំសមាគម និស្សិតនៅតាម គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសសាធារណៈ ទាំង២៤គ្រឹះស្ថាន បានចុះទៅសាកសួរសុខទុក្ខ កងពលតូចថ្មើរជើងលេខ៤១ និងនាំយកអំណោយ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត។ បន្ទាប់មក ឯកឧត្តម បានប្រកាសផ្តល់ជូនដល់ កងពលតូចថ្មើរជើងលេខ៤១ នូវអង្ករចំនួន ៥តោន មីយើង ៥០កេស ទឹកស៊ីអ៊ីវ ៥០យួរ ត្រីខ ២០យួរ ទឹកក្រូច ៥០កេស ទឹកផ្លែឈើ ៥០កេស ម៉ាស៊ីនកុំព្យូទ័រលើតុចំនួន ២គ្រឿង កុំព្យូទ័រយួរដៃចំនួន ១គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន ៣គ្រឿង ម៉ាស៊ីនថតចំលង ១គ្រឿង ផ្តល់កូនឈើហូបផ្លែចំនួន ២៥០០ដើម គ្រួសារទ័ពចំនួន ១៥០នាក់ ម្នាក់ៗទទួលបានសារុង១ និងថវិកាចំនួន ២ម៉ឺនរៀល។ ចំពោះថវិការបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត ហ៊ុន ម៉ាណែត បានជូនសម្រាប់ កងពលតូចថ្មើរជើងលេខ៤១ នូវថវិកាចំនួន ២០លានរៀល ម៉ាស៊ីនភ្លើងកំលាំង៥គីឡូវ៉ាត់ចំនួន ១គ្រឿង។ នារសៀលថ្ងៃដដែល ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូទៅសាកសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៤២ បន្តទៀតដែលឈរជើងនៅស្រុកសំរោង ខេត្តឧត្តរមានជ័យ និងបានប្រគល់ជូននូវអង្ករចំនួន ៥តោន មីយើង ៥០កេស ទឹកស៊ីអ៊ីវ ៥០យួរ ត្រីខ ២០យួរ ទឹកក្រូច ៥០កេស ទឹកផ្លែឈើ ៥០កេស គ្រួសារទ័ពចំនួន ២០០នាក់ ម្នាក់ៗទទួលបានសារុង១ និងថវិកាចំនួន ២ម៉ឺនរៀល។ ចំពោះថវិការបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត ហ៊ុន ម៉ាណែត បានជូនសម្រាប់កងពលតូចថ្មើរជើងលេខ៤២ នូវថវិកាចំនួន ១០លានរៀល និងរៀបចំកម្មវិធីចំនួន ១លានរៀល គណៈបញ្ជាការទិសទី៣ ប្រចាំប្រាសាទតាមាន់ចំនូន ១០លានរៀល យោធភូមិភាគទី៥ចំនួន ៥លានរៀល សឹករងឧត្តរមានជ័យចំនួន ៥លានរៀល វរៈនគរបាលការពារព្រំដែនគោកលេខ៧០២ចំនួន ៥លានរៀល វិស្វកម្មអគ្គបញ្ជាការចំនួន ៥លានរៀល ប្រធានភូមិតាមាន់សែនជ័យចំនួន ២នាក់ ម្នាក់ៗទទួលបាន ១០ម៉ឺនរៀល ឧបត្ថម្ភស្រុកបន្ទាយអំពិលចំនួន ២០ម៉ឺនរៀល។ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូ និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាជាច្រើននាក់ ទៅសួរសុខទុក្ខកងទ័ព ក្នុងកងពលទីបញ្ជាការសមរភូមិទិសប្រាសាទព្រះវិហារ (ទីបញ្ជាការសន្តិភាព) នៅភូមិ៥មករា នៃប្រាសាទព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ។ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា គណៈមេបញ្ជាការសមរភូមិទិស យោធភូមិភាគទី៤ បានពន្យល់ពីទីតាំង សមរភូមិដែលកងទ័ពសៀមធ្វើការឈ្លានពាន មកលើបូរណៈភាពទឹកដីព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរដល់នាយពល ទាហានដែលបានតស៊ូក្នុងបុព្វហេតុការពារជាតិ មាតុភូមិមិនឲ្យសត្រូវឈ្លានពានមួយមីលីម៉ែត ណាឡើយ និងបានប្រគល់នូវថវិកា របស់ឯកឧត្តមផ្ទាល់ចំនួន ៤លានរៀល ដល់ទីបញ្ជាការសមរភូមិទិសប្រាសាទព្រះវិហារ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។ នៅព្រឹកថ្ងៃដដែល ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូទៅសាកសួរសុខទុក្ខកងទ័ពក្នុងកងពលតូចអន្តរាគមន៍លេខ៩ ដែលរៀបចំឡើងនៅបរិវេណទីរួមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និង មានការចូលរួម ពីឯកឧត្តមនាយឧត្តមសេនីយ៍ ជា តារា ឯកឧត្តម ស ថាវី អភិបាលរងខេត្ត មន្រ្តីរាជការក្នុងស្រុកជាំក្សាន្ត ប្រជាពលរដ្ឋ និង កងទ័ពក្នុងកងពលតូចអន្តរាគមន៍លេខ៩ ប្រមាណ១០០០នាក់។ ឯកឧត្តមឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ជំនួសមុខឲ្យនាយពលទាហាន ព្រមទាំងក្រុមគ្រួសារកងទ័ព បានថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ គ្រប់បែបយ៉ាងក្នុងជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារកងទ័ពធ្វើឲ្យមានលំនឹង ធ្វើឲ្យកងកម្លាំងមានឆន្ទះមោះមុតអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានគណៈ ប្រតិភូរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងឲ្យនិស្សិត ៣០០នាក់ ដែលមានវត្តមាននៅទីនេះ សូមថ្លែងអំណរគុណ និងកោតសរសើរដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត ហ៊ុន ម៉ាណែត ជាបញ្ញាវរកម្រិតអន្តរជាតិ និងជាយុវជនឆ្នើមរបស់ជាតិ និង សូមដើរតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងស្រឡាញ់សន្តិភាព ជានិច្ចនិរន្តរ៍។ ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ ដល់នាយពលទាហានដែលកន្លងទៅ បានតស៊ូក្នុងបុព្វហេតុការពារ ជាតិមាតុភូមិ។ ឯកឧត្តមឧត្តមសេនីយ៍ទោ បានផ្តាំផ្ញើកងទ័ពគ្រួសារទ័ព និងយុវជន ទើបតែគ្រប់អាយុត្រូវទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ និងដើម្បីឈានទៅបោះឆ្នោតសាកល នៅឆ្នាំ២០១៣ ខាងមុខទៀត។ អំណោយដែលយកទៅប្រគល់ជូនកងទ័ពនាព្រឹកនោះរួមមាន អង្ករចំនួន ៥តោន មីយើង ៥០កេស ទឹកស៊ីអ៊ីវ ៥០យួរ ត្រីខ ២០យួរ ទឹកក្រូច ៥០កេស ទឹកផ្លែឈើ ៥០កេស ម៉ាស៊ីនកុំព្យូទ័រលើតុចំនួន ២គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន ១គ្រឿង និងឧបត្ថម្ភថវិកាដល់អង្គភាពកងទ័ពឈរជើងនៅតាមជួរភ្នំដងរែកក្នុងទិសទី១ ប្រាសាទព្រះវិហារ ជាង១០អង្គភាព។ ដោយឡែកគ្រួសារ ទ័ពមកពីភូមិសែនរុងរឿង១ចំនួន ២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានសារុង១ និងថវិកាចំនួន ២ម៉ឺនរៀល។ នៅរសៀលថ្ងៃដដែល គណៈគ្រប់គ្រង ប៊ែលធី បានធ្វើដំណើរ ត្រឡប់មករាជធានីភ្នំពេញវិញ ជាមួយគណៈប្រតិភូ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដោយសុវត្ថិភាព។
|