ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីពិសាធន៍ជាតិសំណង់
នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងសំខាន់ៗរួមមាន 1-ផ្លាស់ប្ដូរទស្សនកិច្ចសិក្សា កម្មសិក្សាការសិក្សាស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា និងការចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត 2-ឱកាសក្នុងការបណ្ដុះបណ្ដាល អប់រំថ្នាក់ឧត្តមសិក្សា ដើម្បីអភិវឌ្ឍសមត្ថភាពលើវិស័យសំណង់ សំដៅលើកកម្ពស់គុណវុឌ្ឍ សិក្សា 3-ផ្លាស់ប្ដូរព័ត៌មានលើវិស័យសំណង់ ការរៀបចំសន្និសីទ វេទិកា ឬកិច្ចពិភាក្សាលើប្រធានបទទាក់ទងកិច្ចសហប្រតិបត្តិការ ឱកាសការងារ និងការស្ម័គ្រចិត្ត 4-ចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស និងរបកគំហើញថ្មីៗជូនដល់សាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ មន្រ្តីរាជការ និស្សិត និងសាធារណជន 5-លើកសំណើ ឬចែករំលែកនូវស្នាដៃនៃការសិក្សាស្រាវជ្រាវ ការពិសោធន៍ គំនិតផ្តួចផ្តើមនៃឌីជីថលនីយកម្មក្នុងវិស័យសំណង់។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ ព្រមទាំងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ យោងតាមរបាយការណ៍របស់ ឯកឧត្តមសាកលវិទ្យាធិការ បានឱ្យដឹងថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សាអន្តរជាតិ មាន៥កម្រិត -ថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ-ថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រ -ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង-ថ្នាក់បណ្ឌិត មាន១២មហាវិទ្យាល័យនិង៤២មុខជំនាញ ហើយសាកលវិទ្យាល័យបានបញ្ចូលកម្មវិធីទស្សនកិច្ចសិក្សា កម្មសិក្សា ការចុះហ្វឹកហាត់ការងារ (Practical Training) ក្នុងកម្មវិធីសិក្សារបស់និស្សិតរៀងរាល់ឆមាស នៅគ្រប់មហាវិទ្យាល័យ ក្នុងគោលបំណងឱ្យនិស្សិតទទួលបានទាំងការសិក្សាទ្រឹស្តី ទាំងការអនុវត្តជាក់ស្ដែង និងដើម្បីឈ្វេងយល់បន្ថែមនូវចំណេះដឹងថ្មីៗ អំពីទិដ្ឋភាពទូទៅ តួនាទី ភារកិច្ច របស់ក្រសួង ស្ថាប័ននានា ទាំងរដ្ឋ និងឯកជន ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែង នៃមុខជំនាញសិក្សារបស់និស្សិត ស្របតាមបាវចនារបស់ប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ក៏ដូចជាផ្តល់ឱកាសជូននិស្សិតទទួលបានការសិក្សាដោយផ្ទាល់ ជាពិសេសនិស្សិត នៃមហាវិទ្យាល័យ វិស្វកម្ម និងមហាវិទ្យាល័យ ស្ថាបត្យកម្ម ទទួលបានឱកាសអនុវត្តជាក់ស្តែង នៅក្នុងមន្ទីរពិសោធន៍ជាតិសំណង់មួយនេះ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងប្អូនៗនិស្សិតទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ធ្វើការរួមគ្នា ក្នុងការពង្រឹងកិច្ចសហការ ស្របតាមគោលបំណង នៃអនុស្សរណៈយោគយល់គ្នានេះ ទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិរបស់យើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា នេះជាការបង្ហាញពីភាពជាដៃគូរ រវាងរដ្ឋ និងឯកជន ដែលឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្រេចកំណត់យកនូវអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។
|
|
_______________________________________________________________________