ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
អញ្ជើញធ្វើជាវាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍
ស្តីពីប្រព័ន្ធផ្សព្វផ្សាយ ជូនដល់និស្សិត
នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
នាព្រឹក ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី១-ទួលស្លែង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ស្តីពីប្រព័ន្ធផ្សព្វផ្សាយ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត៨៧១នាក់។ យោងតាមរបាយការណ៍របស់ ឯកឧត្តម លី ណាវុឌ្ឍ បានឱ្យដឹងថា សព្វថ្ងៃ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិមាន២ទីតាំង ទីតាំងទី១-ទួលស្លែង និងទីតាំងទី២-ស្ពានអាកាសចោមចៅ បណ្តុះបណ្តាលលើកម្មវិធីសិក្សាជាភាសាជាតិនិងអន្តរជាតិ និងមាន៥កម្រិតសិក្សារួមមាន ១-ថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥-ថ្នាក់បណ្ឌិត និងមាន១២មហាវិទ្យាល័យ ៤២មុខជំនាញ ព្រមទាំងបានបញ្ចូលកម្មវិធីសិក្សាបន្ថែមដូចជា ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតជជែកដេញដោល កម្មវិធីចែករំលែកបទពិសោធន៍ ការប្រកួតប្រជែងសំណេរ ដំណើរទស្សនកិច្ចសិក្សា ភាពយន្តឯកសារ កម្មវិធីពហុវប្បធម៌ ជាពិសេសការចុះហ្វឹកហាត់ការងារ (Practical Training) ជាកម្មវិធីមួយដែលនិស្សិតគ្រប់ជំនាញ ត្រូវធ្វើជារៀងរាល់ឆមាសក្នុងគោលបំណង ចង់ឱ្យនិស្សិតបានផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តជាក់ស្លែង បានសិក្សាឈ្វេងយល់អំពីចំណេះដឹងថ្មីៗ ទិដ្ឋភាពទូទៅ តួនាទី ភារកិច្ច នៅតាមស្ថាប័នរដ្ឋ និងឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផ្តល់ឱកាសជូននិស្សិតទទួលបានបទពិសោធន៍ពីការចុះអនុវត្តមួយនេះឆ្លើយតបទៅនឹងពាក្សស្លោករបស់សាកលវិទ្យាល័យ “រៀននៅទីនេះ ហ្វឹកហាត់នៅទីនេះ ធ្វើការគ្រប់ទីកន្លែង-Study Here, Practice Here, Work Everywhere !” ។ ឯកឧត្តម សាកលវិទ្យាធិការ បានថ្លែងអណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញធ្វើជាវាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍ស្តីពីប្រព័ន្ធផ្សព្វផ្សាយនាថ្ងៃនេះ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការកោតសរសើរចំពោះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិដែលបានចូលរួចចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតប ទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងថ្ងៃអនាគត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ស្តីពីប្រព័ន្ធផ្សព្វផ្សាយ ជូនដល់និស្សិត ទាំងអស់ដែលបានចូលរួម ជ្រាប់ថា វិស័យព័ត៌មាន គឺជាចលករ នៃ បណ្គុំគំនិត ស្មារតី និងទស្សនៈ ក្នុងការវិភាគ ពិចារណាប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិតជាក់ស្តែងរបស់សង្គម។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា សព្វថ្ងៃប្រព័ន្ធផ្សព្វផ្សាយទំនើបកំពុងជំនួសបន្តិចម្តងៗលើប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ ហើយប្រជាពលរដ្ឋ មានចំណូលចិត្តលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ផ្លាស់ប្តូរទំនាប់ពីការទទួលព័ត៌មានតាមបែបបុរាណ មកជាការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសំបូរបែប និងសេរី។ ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏មានផលជះជាច្រើនផងដែរ ដូចការថមថយនៃចំនួនអ្នកអាន អ្នកទស្សនា និងអ្នកស្តាប់ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដែលធ្វើឱ្យបាត់បង់ចំណូល គុណភាពព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយទំនើប នៅមានកម្រឹត ការបំពានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ការកើតឡើងនូវព័ត៌មានក្លែងក្លាយ ជាពិសេសការវិវវត្តរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ដែលតម្រូវឱ្យមានច្បាប់ និងបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រង។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតមកបច្ចុប្បន្នបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧ បានអនុវត្តយុទ្ធសាស្ត្រតាមដំណាក់កាល តាំងពីយុទ្ធសាស្រ្តត្រីកោណ យុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ ដែលបានបន្ថែមមុំមួយទៀតគឺ ឌីជីថល ដែលត្រូវឆ្លើយតបនឹងសម័យកាលសព្វថ្ងៃនេះ។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ឱកាសឱ្យនិស្សិតធ្វើការសួរឆ្លើយផងដែរ និងបានផ្តាំផ្ញើ ដល់និស្សិតទាំងអស់យកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យ និងធ្វើជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
|
|
_______________________________________________________________________