ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
រវាង ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទី ស្តីការក្រសួងព័ត៌មាន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ តំណាងដោយ ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងឯកឧត្ដម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាច្រើនរូប។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណង ៣ សំខាន់គឺ ១. ផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការចុះកម្មសិក្សា ការសិក្សា ស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា និងការចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ គ្រូឧទ្ទេស និងនិស្សិត ២. ផ្ដល់ឱកាសក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពក្នុងវិស័យព័ត៌មាន និងអប់រំឧត្តមសិក្សា សំដៅ លើកកម្ពស់គុណវុឌ្ឍសិក្សា ៣. ផ្លាស់ប្តូរព័ត៌មានស្តីពីកម្មវិធីសិក្សា មុខវិជ្ជា ឱកាសការងារ និងកម្មវិធីផ្សេងៗ ដើម្បីលើក កម្ពស់ការបណ្តុះបណ្តាល និងស្រាវជ្រាវ។ យោងតាមប្រសាសន៍ ឯកឧត្តម លី ណាវុឌ្ឍ បានឲ្យដឹងថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធី សិក្សា ២ធំៗ គឺ -កម្មវិធីសិក្សា ជាភាសាជាតិ និង -កម្មវិធីសិក្សាអន្តរជាតិ និងមាន ៥កម្រិតសិក្សាធំៗ រួមមាន ១-ថ្នាក់ បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដែលមាន ១២មហាវិទ្យាល័យ និង ៤២មុខជំនាញ ព្រមទាំងបានដាក់បញ្ចូលកម្មវិធីទស្សនកិច្ចសិក្សា កម្មសិក្សា ការចុះហ្វឹកហាត់ការងារ (Practical Training) ទៅក្នុងកម្មវិធីសិក្សារបស់និស្សិតរៀងរាល់ឆមាស នៅគ្រប់មហា វិទ្យាល័យទាំងអស់ ក្នុងគោលបំណងចង់ឱ្យនិស្សិតបានផ្សារភ្ជាប់រវាងទ្រឹស្ដី និងការអនុវត្តជាក់ស្លែង បានសិក្សាឈ្វេង យល់ទទួលបាននូវចំណេះដឹងថ្មីៗ អំពីទិដ្ឋភាពទូទៅ តួនាទី ភារកិច្ច និងដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្ដែងតាម ជំនាញ សមត្ថភាព ស្របតាមបាវចនារបស់ប៊ែលធីគឺ "គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌” ក៏ដូចជាផ្តល់ឱកាសជូននិស្សិតបានចូលមកសិក្សាដោយផ្ទាល់ នៅតាមអគ្គនាយកដ្ឋាននានារបស់ក្រសួងព័ត៌មានផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ហើយឯកឧត្ដមរដ្ឋមន្ដ្រីសង្ឃឹមយ៉ាងមុតមាំថា ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងធ្វើការរួមគ្នាក្នុងពង្រឹងកិច្ចសហការស្របតាមគោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នា រក្សាទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋ ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស សម្រាប់ប្រទេសជាតិនាពេលអនាគត។
|
|
_______________________________________________________________________