និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទទួលបានជ័យលាភីលេខ១
ក្នុងការប្រឡងជើងឯក និយាយភាសាអង់គ្លេស លក្ខណៈអន្តរជាតិ ប្រចាំឆ្នាំ២០១៣
កាលពីរសៀលថ្ងៃទី២៤ ខែមករាឆ្នាំ២០១៣ ស្ថាប័ន The SpringBoard4 Cambodia ប្រចាំនៅ កម្ពុជាបានសហការជាមួយស្ថាប័នអប់រំអន្តរជាតិខាប់លែន (Kaplan) នៅចក្រភពអង់គ្លេសបានរៀបចំការប្រឡងជើងឯកនិយាយភាសាអង់គ្លេសមួយដែលធ្វើឡើងនៅសាលសិន្និសិទ្នចតុមុខក្រោមអធីបតីភាពរបស់ ឯកឧត្តម ម៉ាក ហ្គដឌីង HMA Mark Gooding ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ុក គឹមសេង តំណាងរបស់ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំង ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ លោកគ្រូ-អ្នកគ្រួ សិស្សានុសិស្ស និងអាណាព្យាបាល នៃគ្រឹះស្ថានសិក្សាជាតិ និងអន្តរជាតិ ជាង ៥០០នាក់។កម្មវិធីនេះបានធ្វើឡើងប្រកួតជាជុំដែលមានការចូលរួមចំនួន ១៤សាកលវិទ្យាល័យអស់រយៈពេលជាង៣ខែចាប់តាំងពីខែតុលា ឆ្នាំ២០១២រហូតមកដល់ ទី២៤ ខែមករាឆ្នាំ២០១៣។ ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិកានៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិបានឲដឹងថា៖ការប្រឡងជើងឯកនិយាយភាសាអង់គ្លេសនេះមានការជ្រោមជ្រែងពីលោក ខលីន ហ្គឡាស (Collin Glass) ប្រធាន ស្រ្ពីងប៊តហ្វអាស៊ី (Springboard for Asia) ដែលបានសហការជាមួយក្រុមហ៊ុនអប់រំអន្តរជាតិខាប់លែន (Kaplan) នៅចក្រភពអង់គ្លេសក្នុងគោលបំណងដើម្បីអភិវឌ្ឍការនិយាយភាសាអង់គ្លេសរបស់សិស្សនិស្សិតឲកាន់តែប្រសើរឡើង និង ឲសិស្សនិស្សិតយល់ដឹងពីប្រព័ន្ធអប់រំវប្បធ៌មរបស់ចក្រភពអង់គ្លេសព្រមទាំងអភិវឌ្ឍនូវភាពជាអ្នកដឹកនាំហើយនិងធ្វើអោយនិស្សិតមានទំនុកចិត្តទៅលើខ្លួនឯង។ មិនតែប៉ុណ្ណោះ បេក្ខជន និង បេក្ខនារី មានឳកាសឡើងលើឆាកដើម្បីបញ្ចេញ មតិជាសាធារណៈដល់ទស្សនិកជនទៅលើប្រធានបទផ្សេងៗដើម្បីទទួលបាននូវបទពិសោធន៍ពីគ្នាទៅវិញទៅមក។ ឯកឧត្តមបានបន្តទៀតថា៖ ជាមោទនៈភាពក្រៃលែងដែលនិស្សិតឈ្មោះ អ៊ា អៃលួង ជាបក្ខជនតំណាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឈ្នះនូវការប្រកួតប្រជែងនិយាយភាសាអង់គ្លេស (University Championship) នៅវគ្គផ្តាច់ព្រ័តដោយទទួលបាននូវ មេដាយ ( Medal ) និងការធ្វើទស្សនៈសិក្សាទៅកាន់ចក្រភពអង់គ្លេស រយៈពេលមួយសប្តាហ៍ដោយឥតគិតថ្លៃ។ ដើម្បីឈានទៅដល់ភាពជោគជ័យ និងទៅកាន់វគ្គផ្តាច់ព្រ័តនេះ និស្សិត អ៊ា អៃលួង បានឆ្លងកាត់នូវលក្ខខណ្ឌ និងនីតិវិធីដូចខាងក្រោម៖ -ការចុះឈ្មោះចូលប្រឡង -ការប្រឡង Cambridge ESOL Examination -ការប្រឡង ជម្រុះលើកទី១ -ការប្រឡង ជម្រុះលើកទី២ -ការប្រឡង ផ្តាច់ព្រ័ត ទីបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូត ចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍កោតសរសើរដល់បេក្ខជន និង ផ្តល់កិតិ្តយសប្រគល់រង្វាន់ដល់ជ័យលាភីទាំង៥នាក់ ប្រកបដោយមោទនៈភាព និងសោមន្សរីករាយក្រៃលែង។ |
|